​ដំណើរ​ជីវិត​របស់ ព្រំ ធិ​ន នៅ​ក្នុងសម័យ​ខ្មែរក្រហម​

206
ចែករម្លែក
​ដំណើរ​ជីវិត​របស់ ព្រំ ធិ​ន នៅ​ក្នុងសម័យ​ខ្មែរក្រហម​

ដោយៈ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​ព្រំ ធិ​ន (​ស្រី​)​អាយុ​៧៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ោយ​ក្តឿង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ធិ​ន គឺជា​កូន​ទី​៧ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ប្រាំបួន​នាក់​។ សព្វថ្ងៃ ធិ​ន នៅសល់​បងប្អូន​បង្កើត​បួន​នាក់​តែប៉ុណ្ណោះ ។ ចំណែក​បងប្អូន​ប្រាំ​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​អត់​អាហារ​នៅ​អំឡុង​សម័យ​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩​។ កាលពី​ក្មេង ធិ​ន មិនបាន​រៀនសូត្រ​នោះទេ ដោយសារ​ឪពុក​របស់គាត់​គិតថា គាត់​គឺជា​កូនស្រី​ដែល​គួរតែ​នៅ​មើលថែទាំ​ប្អូនៗ និង​ជួយ​ការងារ​ឪពុកម្តាយ​។ ម្យ៉ាងទៀត គ្រួសារ​របស់គាត់​នៅមាន​ជីវភាព​ខ្វះខាត​នៅឡើយ​។​


​ ​ព្រំ ធិ​ន បាន​រៀបរាប់ថា «​កាលពី​សម័យ​សង្គមរាស្ត្រនិយម​ខ្ញុំ​មាន​វ័យ​ជាង​១០​ឆ្នាំ​។ កាលនោះ ឪពុកម្តាយ​របស់ខ្ញុំ​បាន​ទៅរក​ស៊ី​នៅ​ឆ្ងាយ​ពី​ស្រុក ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​នៅផ្ទះ​ដើម្បី​ត្បាញកន្ទេល សំពត់ និង​ក្រមា​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​អាច​ត្បាញ​បាន​សំពត់​មួយ ឬ​ក្រមា​មួយ​តែប៉ុណ្ណោះ​។ នៅពេលដែល​ខ្ញុំ​ត្បាញ​បាន​ច្រើន​ឪពុក​មា្ត​យ​ខ្ញុំ​បាន​យក សំពត់ ឬ​ក្រមា ទាំងនោះ​ទៅ​ដោះដូរ​យក​ស្រូវ​អង្ករ ឬ​ឈើ ពី​ប្រជាជន​ដែល​រស់នៅ​ឃុំ​បន្ទាយឆ្មារ ក្នុងស្រុក​ថ្មពួក​។ របរ​រកស៊ី​នេះ​ឪពុកម្តាយ​ខ្ញុំ​បាន​ប្រើ​រទេះក្របី​ដើម្បី​ដឹកជញ្ជូន​ទំនិញ និង​ឈើ​។ ជួនកាល​កន្លះ​ខែ​ទើប​គាត់​វិល​ត្រឡប់មកផ្ទះ​ម្តង​។ បន្ទាប់ពី​គាត់​ដូរ​បាន​ឈើ​រួចមក គាត់​បាន​យក​ឈើ​នោះ​ទៅ​លក់​បន្ត​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ផ្សេង​។ នៅពេលដែល​គាត់​លក់បាន​ប្រាក់​ខ្លះ​គាត់​បាន​យកប្រាក់​នោះ​ធ្វើជា​ដើមទុន​សម្រាប់​ទិញ​អំបោះ​ឲ្យ​ខ្ញុំ​ត្បាញ​តទៅទៀត​។ ខ្ញុំ​បាន​ប្រក​បរបរ​ត្បាញ​រហូតដល់​សម័យ លន់ នល់ ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥​។​

លោករាម ជឹម ស្វាមីពរបស់្រំធិន


​ ​នៅ​អំឡុង​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី ឈ្មោះ រាម ជឹម​។ ប្តី​របស់ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ គ្រួសារ​ប្តី​របស់ខ្ញុំ​បាន​រត់គេច​ពី​សង្គ្រាម​ដែល​បង្កឡើង​ពី​សំណាក់​កងទ័ព លន់ នល់ និង​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ស្រុក​អង្គស្នួល កាលពី​ឆ្នាំ​១៩៧១ ទើប​ខ្ញុំ​បាន​ស្គាល់​ប្តី​របស់ខ្ញុំ​។ គាត់​មាន​ឪពុកមា​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​បាន​ស្គាល់​គាត់​គឺ​ដោយសារតែ​គាត់​តែងតែ​មក​ឡើងត្នោត​នៅក្រោយ​ផ្ទះ​ខ្ញុំ​។ ប្តី​របស់ខ្ញុំ​មានរ​បរជា​អ្នក​ឡើងត្នោត​។ យើង​ទាំងពីរ​តែងតែ​ជួបគ្នា​ជា​ញឹកញាប់ ហើយ​ស្នេហា​រវាង​យើង​ទាំងពីរ​ក៏​កើតមានឡើង​។ ប្តី​របស់ខ្ញុំ​បានស្នើ​សុំ​ឪពុកម្តាយ​របស់គាត់​ម​ក​ស្តីដណ្តឹង​តាម​ប្រពៃណី​។ យើង​ទាំងពីរ​ក៏បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៧៣​។ បន្ទាប់ពី​យើង​ទាំងពីរ​រៀបការ​រួចមក ប្តី​របស់ខ្ញុំ​ក៏​នៅតែ​បន្ត​របរ​គាត់ ចំណែកឯ​ខ្ញុំ​ក៏​នៅ​ធ្វើ​ការងារ​តម្បាញ​ដដែល​។ យើង​ទាំង​ពីរបាន​ខំប្រឹងប្រែង​សន្សំ​លុយកាក់ រហូតដល់​ទិញ​មាស​បាន​ប្រាំ​តម្លឹង​។ ប៉ុន្តែ​មាស​ទាំងនេះ​យើង​គ្មាន​សំណាង​បាន​ចាយ​វា​នោះទេ ពីព្រោះ​ខ្មែរក្រហម​បាន​ប្រមែប្រមូល​ដាក់​ជា​សម្បត្តិ​រួម​របស់​អង្គការ នៅ​ឆ្នាំ​១៩៧៥​។​


​ ​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​ទាំងមូល​។ ពេលនោះ យោធា​ខ្មែរក្រហម​បានមក​ដល់​ភូមិ​របស់ខ្ញុំ ហើយ​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​ឲ្យ​ទៅ​រស់នៅ​ភូមិ​ស្រេះ​ខាងកើត​។ ខ្មែរក្រហម​បានប្រកាសថា សូម​បងប្អូន​ទាំងអស់​ចាកចេញ​ពី​ភូមិ​នេះ​ក្នុង​រយៈពេល​បី​ថ្ងៃ​តែប៉ុណ្ណោះ នឹង​ឲ្យ​វិលត្រឡប់​មក​ភូមិ​វិញ​។ ខ្ញុំ​ឮដូច្នេះ​ក៏​មិនបាន​យក​ឥ​វ៉ាន់​ទៅ​ច្រើន​ទេ គឺ​ខ្ញុំ​យកតែ​អង្ករ ស្ករ សម្លៀកបំពាក់​បន្តិចបន្តួច ព្រមទាំង​មាស ទៅជា​មួយ​។ នៅពេលដែល​ខ្ញុំ​ទៅដល់​ភូមិ​ស្រេះ​ខាងកើត ខ្មែរក្រហម​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​របស់ខ្លួន ដោយ​ស្រាវជ្រាវ​អ្នក​ដែល​ជាប់​និន្នាការ​ក្នុង​របប​ចាស់​និង​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដាក់​ជា​សម្បត្តិ​រួម​។ មុននឹង​ប្រមែប្រមូល​ទ្រព្យសម្បត្តិ ខ្មែរក្រហម​បាន​ហៅ​ប្រជាជន​ទាំងអស់​មក​ប្រជុំ ហើយ​ខ្មែរក្រហម​បាន​លើកឡើងថា ប្រសិនបើ​បងប្អូន​ណា​លាក់លៀម ឬ​មិន​ស្មោះត្រង់​ជាមួយ​អង្គការ បើ​ថ្ងៃក្រោយ​អង្គការ​រកឃើញ​អ្នក​ទាំងនោះ​នឹងត្រូវ​មានទោស​។ ពេល​ខ្ញុំ​ឮដូច្នេះ ខ្ញុំ​ក៏បាន​ប្រគល់​មាស​ប្រាំ​តម្លឹង​ដែល​ខ្ញុំ​មាន​ជូន​ទៅដល់​អង្គការ​។ បន្ទាប់មក ខ្មែរក្រហម​ក៏បាន​បែងចែក​ការងារ​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នក​កិនស្រូវ​។ កាលនោះ​ខ្ញុំ​កូន​របស់ខ្ញុំ​នៅ​តូច​។​ដូច្នេះ​នៅពេលដែល​ខ្ញុំ​មក​ធ្វើការ​ខ្ញុំ​បាន​យក​ក្រមា​ចង និង​ស្ពាយ​កូន​របស់ខ្ញុំ​។ ខ្ញុំ​ធ្វើការ​បណ្តើរ​ស្ពាយ​កូន​បណ្តើរ ប្រសិនបើ​កូន​យំ​ខ្ញុំ​នឹង​ផ្អាក​ការងារ​មួយស្របក់​ដើម្បី​បំបៅកូន​។ កាលនោះ ខ្មែរក្រហម​មិនទាន់​រឹតបន្តឹង​ទេ ចំណែក​ប្រជាជន​បានទទួល​របប​បាយ​សម្រាប់​បរិភោគ​នៅឡើយ​។ ខ្ញុំ និង​ប្តី​របស់ខ្ញុំ​បាន​ស្នាក់នៅ និង​ធ្វើការ​នៅ​ភូមិ​ស្រេះ​ខាងកើត​បាន​រយៈពេល​ប្រហែល​បី​ខែ​។ ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ខ្ញុំ និង​គ្រួសារ​ឲ្យ​មក​រស់នៅ​ភូមិ​ជើងវត្ត​។ ពេលនោះ ខ្មែរក្រហម​បានប្រកាស​សួររក​ប្រជាជន​ដែល​អាច​ឡើងត្នោត​និង​យក​ទឹកត្នោត​បាន​។ ប្តី​របស់ខ្ញុំ​ក៏បាន​លើកដៃ ហើយ​ខ្មែរក្រហម​ក៏បាន​ចាត់តាំង​ឲ្យ​គាត់​ឡើងត្នោត​។ ចំណែក​ខ្ញុំ​មាន​តួនាទី​ជា​អ្នក​កូរ​ស្ករត្នោត​។ កាលនោះ ក្រុម​កូរ​ស្ករត្នោត​មាន​គ្នា​១០​នាក់ និង​មាន​១០​ខ្ទះ​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​កូរ​ស្ករត្នោត​បី​ពេល គឺ​នៅពេល​ព្រឹក ពេល​ថ្ងៃ និង​ពេលយប់​។ ខ្ញុំ​កូរ​ស្ករត្នោត​ដល់​ម៉ោង​៩​យប់​ស្ទើរតែ​ជា​រៀងរាល់​យប់​។ មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​ធ្វើការ​ដល់​ម៉ោង​១១​យប់​ក៏មាន​។ ក្នុង​មួយថ្ងៃៗ​យើង​កូរ​ស្ករត្នោត​បាន​រាប់រយ​គីឡូក្រាម​។​ស្ករត្នោត​ដែល​កូរ​រួចហើយ​គឺ​យើង​បាន​យកទៅ​ទុក​នៅក្នុង​ឃ្លាំង​ស្ករ​។ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា ស្ករត្នោត​ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​បែងចែក​ទៅខាង​ណាខ្លះ​នោះទេ​។​


​ ​បន្ទាប់ពី​រដូវ​កូរ​ស្ករត្នោត​កន្លងផុត​ទៅ ខ្មែរក្រហម​បានដាក់​ការងារ​ថ្មី​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ការងារ​ដាំដំឡូង​មី និង​ដំឡូងឈ្វា​។ ចំណែកឯ​ប្តី​ខ្ញុំ​មាន​តួនាទី​ជីក​ប្រឡាយ លើក​ទំនប់​នៅតាម​វាលស្រែ​។ កាលណោះ ខ្ញុំ​បាន​ដាំដំឡូង​នៅ​ភូមិ​ភ្នំ​ជញ្ជាំង ភូមិ​ត្រពាំង​កក់ និង​ភូមិ​ត្រពាំងវែង​។ ទោះបី​ខ្ញុំ​ជា​អ្នក​ដាំដំឡូង​ក៏ដោយ ក៏​ខ្ញុំ​មិនមាន​សិទ្ធិ​យក​មើមដំឡូង​ដែល​ខ្លួន​ដាំ​ទៅ​ហូប​បានដែរ ព្រោះ​មាន​ឈ្លប​ភូមិ​នៅតាម​ដាន​មើល​។ ប៉ុន្តែ​បើ​មាន​មើមដំឡូង​ខ្លះ​ដែល​បាក់ ឬ​ដក​ដាច់​ជា​កំណាត់ៗ ខ្ញុំ​អាច​យក​មើមដំឡូង​នោះមក​ហូប​បាន ប៉ុន្តែ​មិនអាច​យកបាន​ច្រើន​នោះទេ​។ នៅពេលដែល​ខ្ញុំ​យក​មើមដំឡូង​នោះមក​ដល់ផ្ទះ ខ្ញុំ​បាន​យក​វា​មក​ឈូស​ដើម្បី​ចម្អិន​ចែក​កូនៗ​ហូប​។ ខ្ញុំ​ធ្វើ​ការងារ​ដាំដំឡូង​រហូតដល់​កង​ទ័ព​ស្ម័គ្រចិត្ត​វៀតណាម​វាយ​ផ្តួល​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​ខ្ញុំ និង​ប្តី​របស់ខ្ញុំ​បាន​នាំ​កូនៗ​មក​រស់នៅ​ភូមិ​ប៉ោយ​ក្តឿង និង​ប្រក​បរបរ​ធ្វើស្រែ​រហូតមកដល់​សព្វ​ថ្ងៃ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ