ចិន​ប្តេជា​ចាត់វិធានការ​ក្នុង​«​កម្លាំង​ស្មើគ្នា​»​ប្រឆាំង​ការ​វាយ​ពន្ធ​របស់​អាមេរិក​

3359
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា បាន​ប្តេជា​ដាក់​វិធានការ​ក្នុង​«​កម្លាំង​ដូចគ្នា​»​ជា​ការឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​៥០​ពាន់​លាន​ដុល្លារ​នៅក្នុង​ជម្លោះ​បច្ចេក​​វិទ្យា​មួយ​ដែលនាំអោយ​មាន​ការព្រួយបារម្ភ​ខ្លាច​ក្រែង​វា​ទាញ​ការ​រើប​រើ​សេដ្ឋកិច្ច​ពិភពលោក​អោយ​ថយ​ក្រោយ​វិញ​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយថា ខ្លួន​នឹង​តវ៉ា​នឹង​ចំណាត់ការ​របស់​អាមេរិក​នេះ​ភ្លាម​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​

​ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​«​ក្នុងពេល​ជាមួយគ្នា យើង​ចាត់វិធានការ​ក្នុង​កម្លាំង​ស្មើគ្នា​និង​ទំហំ​ដូច​គ្នា​ប្រឆាំង​ទំនិញ​អាមេរិក​។​វិធានការ​ទាំងនេះ​នឹង​ត្រូវ​​ប្រកាស​ក្នុងពេល​ឆាប់ៗ​»​។​

​ការប៉ះទង្គិច​ចុងក្រោយ​នេះ​ឆ្លុះបញ្ចាំង​ភាព​តានតឹង​ចេះតែ​រីក​ធំ​រវាង​ការសន្យា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ដើម្បី​បន្ទា​ប​ឱនភាព​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ​របស់​​អាមេរិក​ជាមួយ​ចិន និង​ផែនការ​អភិវឌ្ឍន៍​ប្រកបដោយ​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​ផែនការ​នេះ​រួមមាន ការប្រើ​ទីផ្សារ​ដ៏​ធំ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​បណ្តា​ក្រុម​​ហ៊ុន​បរទេស​មក​ជួយ​បង្កើត​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ក្នុងស្រុក​។​

​ពួក​មន្ត្រី​ចិន​មិន​បាន​ផ្តល់​សញ្ញា​ថា​តើ​ទំនិញ​អាមេរិក​អ្វី​អាច​ជា​គោលដៅ​វាយ​ពន្ធ​សងសឹក តែ​ពួក​អ្នកជំនួញ​និង​អ្នក​សេដ្ឋកិច្ច​បាន​និយាយថា យន្តហោះ​ធំៗ​និង​សណ្តែក​​សៀង​អាចជា​គោលដៅ​។​

​សូមបញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​អាមេរិក​ត្រូវបាន​រំ​រូ​វ​អោយ​គោរព​ច្បាប់​ចិន គឺ​ធ្វើ​ការរកស៊ី​បើក​ក្រុមហ៊ុន​ឬ​រោងចក្រ​តាមរយៈ​ដៃគូ​ក្នុងស្រុក​និង​ចែករំលែក​បច្ចេកវិទ្យា​ជាមួយ​​គូប្រជែង​ជា​ថ្នូរ​នឹង​ការចូល​មក​រកស៊ី​ក្នុង​ប្រទេស​ចិន​។​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​(USTR)​បាន​និយាយថា​ខ្លួន​បាន​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​​ចិន​ដែល​«​ចាប់បង្ខំ​បណ្តា​ក្រុមហ៊ុន​អាមេរិក​អោយ​ផ្ទេរ​បច្ចេកវិទ្យា​និង​ទ្យព្យ​កម្មសិទ្ធិបញ្ញា​របស់​គេ​ទៅ​បណ្តា​សហគ្រាស​ចិន​»​។​

​របាយការណ៍​មួយ​របស​USTR​ស្តីពី​គោលនយោបាយ​ឧស្សាហកម្ម​ចិន​កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​និយាយ​ដល់​បណ្តឹង​ដែល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុវត្ត​ឬ​គាំទ្រ​ចារ​កម្ម​​តាម​អ៊ិន​ធឺ​ណិ​ត​ដើម្បី​លួច​ការសម្ងាត់​ធុរកិច្ច​បរទេស តែ​គេ​មិនដឹងថា​តើ​ការដំឡើង​ពន្ធ​ចុងក្រោយ​នេះ​ជា​ការឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ​ដែរ​ឬ​អត់​។​

​ក្រុមហ៊ុន​អាមេរិក​មួយចំនួន​ក៏​បាន​ព្រមាន​ថា ចំណាត់ការ​របស់​លោក​ប្រធានាធិបតី​ត្រាំ អាច​ប៉ះពាល់​បណ្តា​ក្រុមហ៊ុន​និង​អ្នកប្រើប្រាស់​អាមេរិក​។​

USTR​ក៏​បាន​ដាក់​បណ្តឹង​មួយ​ទៅ​អង្គការ​WTO កាលពី​ខែ​មុន ដោយ​ប្រឆាំងនឹង​គោលនយោបាយ​របស់​ចិន ដែល​កំហិត​បណ្តា​ក្រុមហ៊ុន​បរទេស​ក្នុង​ការត្រួតត្រា​បច្ចេក​​វិទ្យា​របស់គេ​។​តែ​ចិន​បាន​ចោទ​លោក​ត្រាំ​ថា​ធ្វើអោយ​ខូច​ប្រព័ន្ធ​ច្បាប់​ពាណិជ្ជ​ពិភពលោក​ដោយ​ចាត់វិធានការ​ក្រោម​ច្បាប់​អាមេរិក​ជំនួស​អោយ​ច្បាប់​WTO​។​ក្រសួង​​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា បាន​រិះគន់​ចំណាត់ការ​ចុងក្រោយ​របស់​អាមេរិក​ដោយ​ចាត់ទុក​វា​«​ការអនុវត្ត​បែប​គាំពារ​និយម​និង​ឯ​តោ​ភាគី​»៕​ដោយ​៖​វាសនា​

ចិនកាលពីថ្ងៃពុធបានអំពាវនាវអោយរដ្ឋជាសមាជិក WTOចាត់វិធានការដោយសហការជាមួយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីប្រឆាំងនឹងគោលនយោបាយគាំពារនិយមអនុវត្តដោយអាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម