រដ្ឋមន្ត្រី​យុត្តិធម៌​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​

1153
ចែករម្លែក

ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​២០) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ៣២១​នាក់ (​ស្ត្រី​២៨​នាក់​) នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា នេះ​។​

លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ ក្រសួងយុត្តិធម៌ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ឲ្យ​ដឹងថា ការស្នើសុំ​បន្ធូ​បន្ថយទោស និង​លើកលែងទោស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺមាន​ពន្ធនាគារ​រាជធានី ខេត្ត ក្រុង មាន​ចំនួន​២០ ដែលមាន​មណ្ឌល​អប់រំ កែប្រែ​ចំនួន​៤ សរុប​ទណ្ឌិត​ដែល​ស្នើសុំ​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ចំនួន​៣២១​នាក់ ក្នុងនោះ​មាន​ស្ត្រី​២៨​នាក់ ផងដែរ​។ ចំពោះ​ការស្នើសុំ​លើកលែងទោស បន្ធូ​បន្ថយទោស គឺ​អនុវត្តតាម​ក្រឹត្យ​លេខ​២៨ (១​ភាគ​៣ នៃ​ទោស ចំពោះ​ការស្នើសុំ​បន្ធូ​បន្ថយទោស និង ២​ភាគ​៣ នៃ​ទោស ចំពោះ​ការស្នើសុំ​លើកលែងទោស​) ប៉ុន្តែ​មិនមែន​ថា​ឲ្យ​តែ​គ្រប់​លក្ខខណ្ឌ​តាម​ក្រឹត្យច្បាប់​ត្រូវបាន​លើកលែងទោស ឬក៏​បន្ធូ​បន្ថយទោស​ទេ គឺ​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ​លោក​លោ​កក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​បាន​យកចិត្តទុកដាក់​បំផុត​ទាក់ទង​ទៅនឹង​ការកែប្រែ​របស់​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយនិង​ឯកសារ​ពាក់ព័ន្ធ ជាពិសេស​សាលក្រម សាលដីកា​ស្ថាពរ​នេះឯង​។ អ្វីដែល​កែប្រែ​គឺ​ពិនិត្យ​ទៅលើ​ទណ្ឌិត​បាន​អនុវត្ត​ល្អ មានការ​ប្រលងប្រណាំង​នៅក្នុង​ពន្ធនាគារ ហើយ​ការដាក់​ស្នើសុំ​នេះ​ផងដែរ មិនមែន​ដាក់​ភ្លាម​ទៅដល់​គណៈកម្មាការ​ថ្នាក់ជាតិ​ទេ គឺមាន​ឋានានុក្រម​របស់គេ មាន​គណៈកម្មការ​ខេត្ត ដែល​ដឹកនាំ​ដោយ​គណៈ​អភិបាលខេត្ត និង​តំណាង​អយ្យការ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខាង​ថ្នាក់ក្រោម ដោយមាន​ការពិនិត្យ​យ៉ាង​ល្អិតល្អន់ រហូតដល់​គណៈកម្មកា​រ​ថ្នាក់ជាតិ​។​

​លោក​បញ្ជាក់ថា “​ចំពោះ​ទណ្ឌិត​ណា​ដែល​មិន​រាងចាល និង​ប្រព្រឹត្ត​បទល្មើស​ដដែលៗ ជាពិសេស​បទល្មើស​ណា​ដែល​កាច​សាហាវ ដែល​គណៈកម្មការ​ថ្នាក់ជាតិ​យកចិត្តទុកដាក់​ពិនិត្យ គឺ​មិនមែន​ឲ្យ​បាន​អនុវត្ត​ទោស ១​ភាគ​៣ ឬ ២​ភាគ​៣ ត្រូវបាន​គណៈកម្មការ​សម្រេច​តែម្តង​នោះទេ​”​។ “​នៅក្នុង​ចំណោម​ទណ្ឌិត​ដែល​ដាក់​ស្នើសុំ​លើកលែងទោស និង​បន្ធូ​បន្ថយទោស ទាំង​៣២១​នាក់ គឺមាន​ជនបរទេស ១០​ភាគរយ​”​។​

​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា ចំនួន​ជន​ជាប់ឃុំ​ប្រចាំឆ្នាំ​២០១៧ (​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧) មាន​ចំនួន ២៨.៤១៤​នាក់ ស្រី ២.៤៤៣​នាក់​។ ចំនួន​ជន​ជាប់ឃុំ​ថយចុះ មាន​ចំនួន ១១.០៥៥​នាក់ ស្រី​១.០២៨​នាក់​។ ។​

​របាយការណ៍​បាន​បង្ហាញថា ជន​ជាប់ឃុំ​ចែកជា​ប្រភេទ​ដូចតទៅៈ ជន​ត្រូវ​ចោទ ចំនួន ៦.៧៦៣​នាក់ ស្រី​៦៥៦​នាក់​។ ជនជាប់ចោទ ចំនួន​៣.៤៤១​នាក់ ស្រី​៣៣២​នាក់​។ ពិរុទ្ធជន ចំនួន​១១.០៣៨​នាក់ ស្រី​៩៩០​នាក់​។ ទណ្ឌិត​ចំនួន ៧.១៧២​នាក់ ស្រី​៤៦៥​នាក់​។ ជនបរទេស​ចំនួន ១.១៤៨​នាក់ ស្រី​២៧១​នាក់​។ អនីតិជន ចំនួន​១.៥៥៥​នាក់ ស្រី​៩៨​នាក់​។ ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​៣២​នាក់​។ កូន​តាម​ម្តាយ ចំនួន​១៤៧​នាក់ ស្រី​៧២​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម