ស្រុក​ទឹកឈូ​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​ពីរ​ដែល​នឹង​នាំឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​

257
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​គម្រោង​អភិវឌ្ឍ​ផ្នែក​ទេសចរណ៍ធម្មជាតិ​និង​គម្រោង​សាងសង់​ផ្លូវ​បេតុង​ដ៏​ល្អ​ប្រណីត​នឹង​កើតមានឡើង​នៅ​ឃុំ​ចំនួន​ពីរ​ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​ទឹកឈូ​។​គម្រោង​ទាំងនេះ​នឹង​នាំឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​កាន់តែ​ធូរធារ​បន្ថែមទៀត​។​

​មន្ត្រី​នៃ​ការិយាល័យ​ផែនការ​វិនិយោគ​របស់​សាលាខេត្ត​កំពត​បាន​រៀបរាប់​ឱ្យ​ដឹ​ថា​រដ្ឋបាលខេត្ត​បានអនុញ្ញាត​ឱ្យ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ឯកជន​មួយកន្លែង​ស្ថិតក្នុង​ភូមិ​មាត់ពាម​ឃុំ​ម៉ក់​ប្រា​ង​ស្រុក​ទឹកឈូ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​១៧​ហិកតា​។​អ្នកវិនិយោគ​នឹង​បង្កើតឱ្យមាន​សួន​កម្សាន្ត​,​អាហា​រដ្ឋា​ន​,​ស្ពាន​និង​ខ្យូ​ស​សម្រាប់​អង្គុយ​មើល​ទេសភាព​ថ្ងៃ​រៀប​លិច​,​ទូក​ទេសចរណ៍​ព្រមទាំង​សេវាកម្ម​មួយចំនួនទៀត​។​

គម្រោង​នេះ​នឹង​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ​នៅ​ឆ្នាំ​២០២១​ខាងមុខ​។​មន្ត្រី​ដដែល​បាន​បន្តថា​ចំណែក​គម្រោង​ទី​ពីរ​ជា​របស់​រដ្ឋបាលខេត្ត​គឺ​ការស្តារ​ប្រព័ន្ធ​ប្រឡាយទឹក​និង​សាងសង់​ផ្លូវ​បេតុង​ពីរ​ខ្សែ​ដ៏​ល្អ​ប្រណីត​ក្នុងភូមិ​ត្រពាំង​ធំ​ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូ​ដែលមាន​ព្រំប្រទល់​ជាប់​ក្រុង​កំពត​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​គម្រោង​ទាំងពីរ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​ពិត​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការបង្កើន​សក្ដានុពល​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​សម្បូរបែប​។​លើសពីនោះ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ​ព្រមទាំង​ផ្ដល់​ការងារ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ខេត្តកំពត​ទាំងមូល​ផងដែរ​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​យ៉ាងណាក៏ដោយ​ការអភិវឌ្ឍន៍​ត្រូវតែ​បញ្ចៀស​ឱ្យបាន​នូវ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ផ្ទាល់​។​រីឯ​ការរៀបចំ​គម្រោង​ទាំងឡាយ​ចាំបាច់​ត្រូវធ្វើ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដោយ​ធានាបាន​នូវ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​បញ្ចៀស​បាន​ពី​ហានិភ័យ​ផ្សេងៗ​។​ពិសេស​បញ្ហា​ជំនន់​នៅពេល​បើកទ្វារ​រំដោះ​ទឹក​របស់​អាង​ទំនប់​វាស​អគ្គិសនី​កំចាយ​ជាដើម​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ