​កំពែង​ក្រុង​អង្គរធំ​ត្រូវ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ពង្រឹង​ឱ្យ​ផុតពី​គ្រោះថ្នាក់

205
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​កំពែង​ក្រុង​អង្គរធំ​ចំនួន​៧​កន្លែង​ក្នុងចំណោម​១៨​កន្លែង​ដែល​រង​ការខូចខាត​ដោយ​គ្រោះធម្មជាតិ​បរិយាកាស​អាយុកាល​ថ្ម​រចនា​សម្ពន្ធ​សំណង់​ទ្រុឌទ្រោម​និង​ដី​កណ្តៀរ​ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​បានសម្រេច​ប្រវែង​១៣៥​ម៉ែត្រ​ក្នុង​៣​ដំណាក់កាល​ផ្សេងគ្នា​។​ដោយ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​ម៉ៅ​សុខ​នី​ប្រធាន​ការដ្ឋាន​ជួសជុល​កំពែង​ក្រុង​អង្គរធំ​និង​ជាម​ន្ត្រី​នាយដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

លោក​ម៉ៅ​សុខ​នី​បាន​បន្តថា​ការជួសជុល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អភិរក្ស​និង​ពង្រឹង​កំពែង​ក្រុង​អង្គរធំ​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​រក្សា​សោភ័ណភាព​កំពែង​និង​ខ្លោងទ្វារ​អង្គរធំ​ទាំងអស់​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។ ដំណើរការ​ជួសជុល​បានចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​សរុប​បាន​ប្រវែង​១៣៥​ម៉ែត្រ​ដែល​ក្នុងនោះ​មាន​ប្រវែង​២០​ម៉ែត្រ​នៅ​ខាងកើត​ខ្លោងទ្វារ​ដី​ឆ្នាំង​និង​ប្រវែង​១១៥​ម៉ែត្រ​នៅ​ខាងលិច​ខ្លោងទ្វារ​ទន្លេ​អុំ​។

​លោក​បាន​ឱ្យដឹងទៀតថា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រើសយក​កន្លែង​ដែលមាន​ហា​នី​ភ័យ​ខ្ព​ស់មក​ជួសជុល​មុន​ព្រោះ​កន្លែង​ទាំងនោះ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ធម្មជាតិ​។​ក្នុងការ​ជួសជុល​ក្រុមការងារ​បាន​ផ្តោត​សំខាន់​លើ​បច្ចេកទេស​ការរៀប​ជញ្ជាំង​ថ្មបាយក្រៀម​វិញ​ពីមួយ​ស្រទាប់​ទៅមួយ​ស្រទាប់​។​
​ការបុក​បង្ហាប់ដី​ឱ្យ​មាំ​ដើម្បី​ពង្រឹង​កំពែង​ឱ្យមាន​សុវត្ថិភាព​ខ្ពស់​ការពារ​ការ​ជ្រៀប​ទឹក​បង្កើន​គុណភាព​សំណង់ សោភ័ណភាព ដោយ​រក្សា​ទម្រង់​ដើម​នៃ​កំពែង និង​ស្រាវជ្រាវ​ប្រវត្តិ​នៃ​ការជួសជុល​ពី​អតីតកាល​។​

​លោក​បាន​បន្តទៀតថា​មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​គិតគូរ​ពី​សុវត្ថិភាព​សំណង់​ដើម្បី​រក្សា​ភាព​គង់វង្ស​ដោយ​ការធ្វើ​ជំរាល​ទឹក​ហូរ​និង​ដាំ​ស្មៅ​តាម​ជើងទេរ​ដើម្បី​ទប់​ការហូរ​ច្រោះ​។​ចំពោះ​ការជួសជុល​កំពែង​អង្គរធំ​នេះ​គឺ​ត្រូវការ​ពេលវេលា​ច្រើន​ព្រោះ​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​ពី​រចនា​សម្ពន្ធ​សំណង់​ប្រវត្តិ​ជួសជុល និង​ចំណុច​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​។​


ពិសេស​គឺ​ពេល​ជួសជុល​ទាមទារ​ត្រូវគោរព​តាម​ធម្មនុញ្ញ​អង្គរ​ការចុះ​តាមដាន​ការងារ​និង​វាយតម្លៃ​ពី​អ្នកជំនាញ​គណៈកម្មការ​ស៊ី​ស៊ី​-​អង្គរ​រួមទាំង​ការថែទាំ​ការ​ទល់​ទ្រ​កាត់​ក្រី​មែកឈើ​និង​ដក​រុក្ខជាតិ​ដែល​ដុះ​លើ​ជញ្ជាំង​កំពែង​ផង​ទៀតផង​។​ចំពោះ​ផែនការ​អនាគត​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ជួសជុល​កំពែង​អង្គរធំ​ដែល​រង​នូវ​គ្រោះថ្នាក់​ទាំងអស់​ឱ្យមាន​សុវត្ថិភាព​តាមរយៈ​ការអភិរក្ស​ជា​ជំហានៗ​ដើម្បី​លើក​តម្លៃ​មរតក​ដូនតា​ឱ្យនៅ​យូរអង្វែង​៕S/

​រូបភាពៈ​កំពែង​ក្រុង​អង្គរធំ​ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ពង្រឹង​ឱ្យ​ផុតពី​គ្រោះថ្នាក់​៕​អប្សរា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ