បុគ្គលិក​មន្ទីរពេទ្យ​កាល់ម៉ែត​ជាង​២០០​នាក់​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​

2390
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រមាណ ជាង ២០០​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ឥលូវ​នេះ ផ្តល់​ឲ្យ​បាន​ច្រើនដង​»​។​

​ការបរិច្ចាគ​ឈាម​នេះ បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី ៤​ខែមេសា ឆ្នាំ​២០១៨ នៅ សាលប្រជុំ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​ការចូលរួម​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ និង​មានការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត រួមជាមួយ​និង លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​លើកឡើងថា ការ​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​គឺ​ដោយ​ស្ម័គ្រចិត្ត ដែលជា​មោទនភាព​មួយ​ក្នុងការ​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ចូលរួម​ជួយ​ស្រោចស្រង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងតែ​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​ក្រសួងសុខាភិបាល​ដែលមាន​ចិត្ត​សប្បុរសធម៌​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ថ្លែងអំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​ខ្នះខ្នែង​ផ្សព្វផ្សាយ និង​ប្រមូល​ឈាម សប្បុរស​គ្រប់​ទីកន្លែង​ដើម្បី​បំពេញបន្ថែម​ដល់​តម្រូវការ​ឈាម​ជា​ចាំបាច់​ទូទាំងប្រទេស​។​លោក នឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម ព្រមទាំង​បង្កើត​ឲ្យ​មាន​កម្មវិធី​ផ្តល់​ឈាម​បែបនេះ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​។​

​ដើម្បី​លើកទឹកចិត្ត​ដល់​សប្បុរសជន​ដែល​បានផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់​បានផ្តល់​ទឹក វី​តា​ល់​៦​ដប​រួម​ជាមួយនឹង​ថង់យួរ​ដ៏​ស្រស់ស្អាត សម្រាប់​អ្នកផ្តល់​ឈាម​ទាំងអស់ បន្ថែម​ពីលើ ការឧបត្ថម្ភ​ទឹក​វី​តា​ល់​ក្នុងការ​ប្រើប្រាស់​ក្នុង​កម្មវិធី​។​

​ជាមួយនឹង​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​វី​តា​ល់ និង​ក្រោម​ការដឹកនាំ​របស់លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើ​ឲ្យ​មាន ការលើក​កំពស់​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ចំពោះ​គុណប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​។​

​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​ថ្លែងថា​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​ចំនួន​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​បាន​កើនឡើង​ច្រើន​លើសពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ដោយសារតែ​ចំនួន​នៃ​តម្រូវការ​ឈាម​ក៏មាន​ការកើនឡើង​យ៉ាងខ្លាំង​ដែរ​ដែល​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នៅតែ​ប្រឈម​នឹង​កង្វះខាត​ឈាម​នៅក្នុង​ស្តុក​។​ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ខិតខំ​ស្វះស្វែង​ដាក់​លិខិត​ស្នើសុំ​ប្រារព្ធ​ពិធី​បរិច្ចាគ​ឈាម​ទៅតាម​ស្ថាប័នរដ្ឋ​និង​ឯកជន​នានា​ទូទាំង​រាជធានី ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការសហការ​ល្អ​ដូច​ក្រសួង​នានា​ដែរ ដើម្បី​បំពេញតម្រូវការ​ឈាម​ក្នុង​ស្តុក​។

​ក្នុងពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​វី​តា​ល់​ពិតជា​រីករាយ និង​កោតសរសើរ​ដល់​ទឹកចិត្ត​មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ ទាហាន​និង​ទាំងឡាយ​តាម ស្ថាប័នរដ្ឋ​និង​ឯកជន​នានា​ដែលមាន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​កម្មវិធី​មនុស្សធម៌ ដែល​ទង្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដទៃ​។ ដើម្បី​ជាការ​តបស្នង​ដល់​ការគាំទ្រ​របស់​អតិថិជន វី​តា​ល់​ក្នុង​មូលនិធិ ២៥៛​ក្នុង​មួយ​ដប ក្រុមហ៊ុន​នឹង​រៀបចំ​នូវ​កម្មវិធី​មនុស្សធម៌​ជាច្រើន​បន្ថែម​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៨​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម