យាន Unity ធ្វើតេស្តហោះហើរចុងក្រោយជោគជ័យ មុនពេលបំពាក់ម៉ាស៊ីនរ៉ុក្កែតបន្ថែម

337
ចែករម្លែក

យោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មិថុនាដោយក្រុមហ៊ុន Virgin Galactic ការសាកល្បងហោះហើរលើកទី២នៃយាន Unity របស់ក្រុមហ៊ុនទទួលបានជោគជ័យ។ ឥឡូវនេះយានអវកាសដែលដាក់ឱ្យបង្ហោះលើមេឃនេះ នឹងបន្ដធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត ដើម្បីត្រៀមឱ្យវាហោះទៅទីអវកាសនៅថ្ងៃណាមួយ។

ហោះចេញពីស្ថានីយ៍អវកាសថ្មីឈ្មោះថា Spaceport America របស់ខ្លួននៅវាលខ្សាច់រដ្ឋញូម៉ិកស៊ីកូ ក្រុមហ៊ុនរុករកអវកាស Virgin Galactic បានធ្វើការសាកល្បងហោះហើរប្រកបដោយជោគជ័យជាលើកទី ២ នូវយាន Unity ដែលជាយានប្រភេទ SpaceShipTwo កាលពីថ្ងៃព្រហស្បតិ៍ទី២៥មិថុនា។ ការហោះហើរលើកដំបូងសម្រាប់យាន Unity គឺនៅថ្ងៃទី ១ ខែឧសភា។

យោងតាមក្រុមហ៊ុន ការធ្វើតេស្តនេះគឺជាប់ពាក់ព័ន្ធនឹងយន្ដហោះដឹកទំនិញដ៏ធំឈ្មោះថា Eve ដែលហោះសណ្តោងយាន Unity និងព្រលែងវានៅកម្ពស់ ១៥.៥៤៤ ម៉ែត្រ ដែលក្រោយមកបានហោះមកស្ថានីយវិញក្នុងល្បឿន ១០៤៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

នាយកប្រតិបត្តិក្រុមហ៊ុន Virgin Galactic លោក ចច វ៉ាយសាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំពិតជារំភើបជាមួយនឹងការខិតខំរបស់ក្រុមការងារដើម្បីបំពេញការហោះហើរសាកល្បងនៅថ្ងៃនេះដោយជោគជ័យ។ វាជាការសាកល្បងដ៏សំខាន់មួយដែលរង់ចាំការត្រួតពិនិត្យទិន្នន័យគ្រប់ជ្រុងជ្រោយ ដូច្នេះមានន័យថាឥឡូវនេះយើងអាចចាប់ផ្តើមត្រៀមឱ្យយាននេះហោះហើរដោយបំពាក់ម៉ាស៊ីន។ ការផ្តោតសំខាន់របស់យើងសម្រាប់ឆ្នាំនេះនៅតែមិនផ្លាស់ប្តូរអំពីការធានាឱ្យយាននិងប្រតិបត្តិការរបស់យើងរៀបចំខ្លួនរួចជាស្រេចសម្រាប់សេវាកម្មអវកាសពាណិជ្ជកម្មទៀងទាត់ស្ថិតស្ថិរយូរអង្វែង”។

ប្រសិនបើការធ្វើតេស្តនេះបំពេញបានតាម “ការត្រួតពិនិត្យទិន្នន័យគ្រប់ជ្រុងជ្រោយ” នោះក្រុមហ៊ុននឹងបន្តធ្វើតេស្តម៉ាស៊ីនរ៉ុក្កែតបន្តទៀត។

នៅទីបំផុត ក្រុមហ៊ុន Virgin Galactic មានគោលបំណងផ្តល់ជូនការធ្វើដំណើររយៈពេល ៩០ នាទីទៅកាន់គែមនៃដងតារាវិថីនៅក្នុងយានដូចជា Unity ដែលអាចដឹកអ្នកទេសចរអវកាសបានចំនួន ៦ នាក់។ ក្រុមហ៊ុនបានប្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនថាខ្លួនរំពឹងទទួលបានប្រាក់ចំណេញនៅឆ្នាំក្រោយ។ កាលពីខែមុន ស្ថាបនិកលោក រីឆាត ប្រ៊ែនសុន បានប្រកាសថាលោកនឹងលក់ភាគហ៊ុនចំនួន ៥០០ លានដុល្លាររបស់លោកនៅក្នុងក្រុមហ៊ុនដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន៕ ដោយ៖ កញ្ញាដាលីស

យាន Unity ហោះហើរសាកល្បងលើកចុងក្រោយជោគជ័យ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ