កម្ពុជា-ថៃ ឯកភាពគ្នា សាងសង់ ស្ពានថ្មី នៅ ច្រកព្រំដែន អន្តរជាតិព្រំ-បានផាកកាដ

287
ចែករម្លែក
កម្ពុជា-ថៃ ឯកភាពគ្នាសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃ បាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ-បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្ត ចន្ទបូរីរបស់ថៃ គឺដើម្បីពង្រឹងសមត្ថភាព​ដឹកជញ្ជូនទំនិញចេញ-ចូល និងការ ឆ្លងកាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-បានផាកកាដ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល ខេត្ត អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំង​អង្គភាពនានាជាច្រើនផងដែរ។

លោកសក់ សេដ្ឋា បានបន្តថា ការរៀប​ចំកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នា ពិនិត្យ កែសម្រួលលើ​កិច្ចព្រមព្រៀងស្ដីពីការ​សាងសង់ស្ពានថ្មី នៅច្រកព្រំដែន អន្តរជាតិព្រំ-បានផាកកាដនេះ ហើយការរៀប​ចំកិច្ចព្រមព្រៀងនេះផង ដែរ ភាគីថៃបានយល់ព្រមផ្ដល់ជំនួយខាងហិរញ្ញវត្ថុ និងការសាងសង់ស្ពានថ្មឆ្លងកាត់ព្រំដែននេះ ជំនួសឲ្យស្ពានដែលកំពុងមានបច្ចុប្បន្ន។ 

លោកសក់ សេដ្ឋា បានបន្ថែមថា ក្នុងនាមក្រសួងមហាផ្ទៃ សូមសម្ដែងការ​អរគុណ​ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវមតិយោបល់លើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃក៏​បានកែសម្រួលទៅតាមយោបល់ស្ថាប័ននិងភាគីពាក់ព័ន្ធផងដែរ៕សរន/Ha

លោក សក់ សេដ្ឋា

ទីតាំងផ្សាយពាណិជ្ជកម្ម