អស្ចារ្យមែន! ផ្ទះ៥ជាន់សង់ចេញពីជញ្ជាំងភ្នំ

139
ចែករម្លែក

មួយផ្នែកជាវាំង មួយផ្នែកជាសសរថ្ម បានរំលេចនូវសំណង់អស្ចារ្យបំផុតមួយលើភពផែនដី។

ផ្ទះ Dar Al-Hajar ឬ “ផ្ទះថ្មភ្នំ” ជាអតីតរាជដំណាក់ស្តេច ដែលហាក់ដុះចេញពីផ្ទាំងថ្មភ្នំមួយ ដែលវាកំពុងទុំពីលើ។

ដូចដែលរូបភាពបានបង្ហាញចឹង សំណង់អគារកម្ពស់៥ជាន់នេះមើលទៅអស្ចារ្យពីគ្រប់មុំទាំងអស់។ ដូច្នេះគ្មានអ្វីចម្លែកទេ ដែលសំណង់នេះមានរូបភាពនៅលើក្រដាសប្រាក់ ៥០០ រៀល។

ទីតាំងអគារនេះក៏អស្ចារ្យមិនធម្មតាដែរ។ រាជដំណាក់នេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីរដ្ឋធានីសាណា ដែលស្ថិតនៅជ្រលងភ្នំលំដាប់ថ្នាក់ពិភពលោកហៅថា វ៉ាឌីដាវ៉លឡេ (Wadi Dhahr Valley)។

ផ្ទះ Dar Al-Hajar សង់ឡើងក្នុងទសវត្សរ៍ ១៩២០ សម្រាប់ជារាជដំណាក់លំហែកាយរដូវក្តៅសម្រាប់មេដឹកនាំសាសនាអ៊ីស្លាម និង ស្តេចយេម៉ែនព្រះនាម យ៉ាយ៉ា ម៉ូហាម៉ាត់ ហាមីដឌីន។

ប៉ុន្តែសំណង់នេះលេចរូបរាងឡើងនៅលើសសរថ្មភ្នំមួយ ដែលដឹកនាំពុះច្រៀកដោយអ្នកប្រាជ្ញអ៊ីស្លាមឈ្មោះ អ៊ីម៉ាំ ម៉ាន់សួ អាលីប៊ីន មេឌី អាប់បាស់ ក្នុងឆ្នាំ ១៧៨៦។

នៅក្នុងអគារនេះមានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ កន្លែងទុកដាក់អីវ៉ាន់ និង វ៉េរ៉ង់ដាជាច្រើន។

យោងតាមវេបសាយ thevintagenews.com រាជដំណាក់នេះសង់ឡើងប្រៀបបីដូចជាបន្ទាយទាហានមួយយ៉ាងអ៊ីចឹង ដោយមានរន្ធសម្រាប់បាញ់ដើម្បីការពារពីសត្រូវវាយប្រហារ ហើយបណ្តាញផ្គត់ផ្គង់ទឹកគឺបានពីរន្ធថ្មក្រោមភ្នំតែម្តង ដូច្នេះវាអាចទ្រទ្រង់ខ្លួនវាបានក្នុងករណីសត្រូវឡោមព័ទ្ធជុំជិត។

ទីបញ្ចប់ ស្តេចយ៉ាយ៉ាមិនអាចរីករាយនឹងជីវិតរបស់ទ្រង់នៅដំណាក់នេះបានទេ ព្រោះព្រះរាជនត្តារបស់ទ្រង់បានធ្វើឃាតទ្រង់ក្នុងរដ្ឋប្រហារនៅយេម៉ែនក្នុងឆ្នាំ ១៩៤៨។

ដំណាក់នេះនៅជារបស់ស្តេចរហូតដល់បដិវត្តន៍ផ្តួលរំលំរបបស្តេចចោលក្នុងឆ្នាំ ១៩៦២។ សព្វថ្ងៃវាជាសារមន្ទីរសម្រាប់អ្នកទេសចរពីគ្រប់មជ្ឈដ្ឋាន៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ