កីឡាករបាល់ទាត់ប្រមាណជាង ៦០រូប រួមគ្នាធ្វើ សមាធិដើម្បីរំងាប់ ភាពឆេវឆាវ

176
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ មន្ត្រីថ្នាក់ដឹកនាំ របស់ប៉ុស្តិ៍៥ជាច្រើនរូប បានដឹកនាំកីឡាករបាល់ទាត់ និងក្រុមគ្រូបង្វឹកប្រមាណ៦០រូប អោយធ្វើពិធីសម្មាធិរម្ងាប់ភាពឆេវឆាវ បន្ទាប់ពីកត់សម្គាល់ថា កីឡាករមួយចំនួនបាន បង្កជាជម្លោះដាក់គ្នាផង នៅពេលមានការប្រកួតម្ដងៗ។ ពិធីនេះត្រូវបានធ្វើឡើងនៅ ក្នុង បរិវេណវត្តសំរោងអណ្ដែត ក្រោមអធិបតីសម្ដេច រ័ត្ន សារឿន ជាព្រះចៅអធិការ និងថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ និងមន្ត្រីជាន់ខ្ពស់ប្រចាំប៉ុស្តិ៍លេខ៥ ដោយមានទាំង កម្មវិធី អាហារសាមគ្គី នៅបន្ទាប់ពីធ្វើសម្មាធិ និងស្ដាប់ឱវាទព្រះសង្ឃសម្រួល ផ្លូវចិត្តនោះផង។

ពិធីនេះធ្វើឡើងគឺជា ផ្ដួចផ្ដើមរបស់លោកបណ្ឌិត្យ Supachai Verapuchong អគ្គនាយកប៉ុស្តិ៍លេខ៥ និងជាប្រធានរបស់ក្រុមបាល់ទាត់ Tyfi Army FC អតីតក្រុម បាល់ទាត់ក្រសួងការពារជាតិ ដោយលោកអះអាងថា ពិធីដែលបានធ្វើនេះ មិនមែន គ្រាន់តែក្រើនរំលឹកអោយកីឡាករបាល់ទាត់ដែលបានចូលរួមស្ងប់ចិត្ត និង បាត់ អារម្មណ៍តានតឹងប៉ុណ្ណោះទេ តែក៏ដើម្បីអោយកីឡាករទាំងនោះ មានចិត្តសន្តិភាព និងគ្មានភាពឆេវឆាវដាក់គ្នា នៅក្នុងករណីមានការប៉ះទង្គិចណាមួយ នៅពេលមានការ ប្រកួតបាល់ទាត់នោះផងដែរ។ លោកថាពិធីនេះ ដ្បិតថាមើលទៅសាមញ្ញប៉ុន្តែ លទ្ធផល ដែលទទួលបានមកវិញ គឺនឹងធ្វើអោយកីឡាករមានចិត្តធ្ងន់ជាងមុន មានចិត្ត អភ័យ និង គ្មានគំនិតប៉ះពៀរលើគ្នា ដែលមិនខុសពីជួយអោយវិស័យបាល់ទាត់ មានតែការប្រកួតដោយមិត្តភាព និង ពោរពេញដោយកម្លាំងសាមគ្គី។ ក្នុងនោះក៏ជាការ ជួបជុំរវាងកីឡាករ ជាមួយគ្រូបង្វឹក និង ជាមួយថ្នាក់ដឹកនាំ ដែលកាន់តែបង្កើនកម្លាំង សាមគ្គី។

លោក ក៏សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមបាល់ទាត់ កីឡាករ គ្រូបង្វឹក និង មន្ត្រីបម្រើការនៅប៉ុស្តិ៍លេខ៥ទាំងអស់ដែលបានសហការចូលរួម។ លោកមាន គម្រោងដឹកនាំធ្វើពិធីនៅក្នុងឱកាសក្រោយៗទៀត ប៉ុន្តែនៅមិនទាន់ច្បាស់ថា នឹងរៀប ចំនៅពេលណានោះទេ ដោយត្រូវរង់ចាំអោយកីឡាករ និងគ្រូបង្វឹកទំនេរជុំគ្នា ដូចក្នុង ពេលនេះសិន៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ