ក្រុមចម្រៀងរ៉ុកអង់គ្លេស The Rolling Stones ព្រមានចាត់ការផ្លូវច្បាប់លើប្រធានាធិបតីត្រាំ ជុំវិញការប្រើបទចម្រៀងខ្លួនក្នុងការឃោសនាបោះឆ្នោត

211
ចែករម្លែក

ក្រុមចម្រៀងរ៉ុកអង់គ្លេស The Rolling Stones បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោកដូណាល់ត្រាំចំពោះការប្រើប្រាស់បទរបស់ខ្លួនសម្រាប់យុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក គឺបទ “You Can’t Always Get What You Want” នៅឯការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការបោះឆ្នោត។

ក្រុមតន្រ្តីនេះបានចាត់តាំងអង្គការការពារកម្មស្នាដៃសិល្បៈ BMI ដើម្បីព្យាយាមបញ្ឈប់គាត់កុំឱ្យប្រើបទចំរៀងនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់ឱ្យវេបសាយអាម៉េរិកឈ្មោះ Deadline កាលពីយប់ថ្ងៃសៅរ៍ទី២៧មិថុនា។

សេចក្តីថ្លែងការណ៍មួយ ដែលស៊ែរបន្តដោយគណនី Twitter ផ្លូវការរបស់ Rolling Stones បានសរសេរថា “BMI បានជូនដំណឹងដល់យុទ្ធនាការបោះឆ្នោតរបស់ត្រាំជំនួសឱ្យក្រុមចម្រៀង Stones ថា ការប្រើប្រាស់បទចំរៀងរបស់ពួកគេដោយគ្មានការអនុញ្ញាតនឹងក្លាយជាការរំលោភលើកិច្ចព្រមព្រៀងនៃការផ្តល់អាជ្ញាប័ណ្ណរបស់ខ្លួន”។

“ប្រសិនបើលោកដូណាល់ត្រាំមិនគោរពការហាមឃាត់នេះទេនិងនៅតែបន្តប្រើបទនេះ គាត់នឹងប្រឈមបណ្តឹងពីបទរំលោភលើការហាមឃាត់និងចាក់ចម្រៀងដែលមិនមានច្បាប់អនុញ្ញាត”។

លិខិតនេះគឺលិខិតថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីបញ្ឈប់លោកត្រាំពីការប្រើបទចម្រៀងនៅឯការប្រមូលផ្តុំគ្នា ដែលមានតាំងពីឆ្នាំ ២០១៦ ។

បទនេះដំបូងឡើយគឺគេយកមកចាក់នៅការប្រជែងបេក្ខភាពតំណាងគណបក្សសាធារណរដ្ឋតាំងពីជុំបឋម។

BMI បានបន្ថែមទៀតថាខ្លួនមិនទាន់ទទួលបានការឆ្លើយតបណាមួយពីមេធាវីរបស់លោកត្រាំនៅឡើយទេ។

Rolling Stones មិនមែនជាអ្នកដំបូងនោះទេ ដែលអំពាវនាវឱ្យប្រធានាធិបតីបញ្ឈប់ការប្រើប្រាស់បទចម្រៀងរបស់ពួកគេ។

កាលពីដើមខែនេះ ក្រុមគ្រួសាររបស់តារាចម្រៀងតន្រ្តីរ៉ុក ថម ភីតធី បានចេញនូវលិខិតបញ្ជាឱ្យត្រាំបញ្ឈប់និងបោះបង់ចោលនូវការប្រើប្រាស់បទ “I Won’t Back Down” នៅឯការប្រមូលផ្តុំគ្នាមួយនៅទីក្រុងទូលសាកាលពីថ្ងៃទី ២០ ខែមិថុនា។

ក្រុមគ្រួសាររបស់គាត់បានបង្ហោះលិខិតចំហមួយនៅលើបណ្តាញសង្គម Twitter ដោយនិយាយថា អ្នកចម្រៀងដែលស្លាប់ទៅហើយនេះ “នឹងមិនចង់ឱ្យបទចម្រៀងរបស់គាត់ត្រូវគេប្រើសម្រាប់យុទ្ធនាការសម្អប់នោះទេ”។

ក្រុមចម្រៀងរ៉ុក Queen បានតវ៉ានៅពេលលោកត្រាំដើរលើឆាកតាមចង្វាក់បទ “We Are the Champions” នៅក្នុងព្រឹត្តិការណ៍មួយរបស់គណបក្សសាធារណរដ្ឋនៅទីក្រុងក្លេវេលែន រដ្ឋអូហៃយ៉ូក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។

តារាចម្រៀងផារែលវីលលៀម នាងរីហាន់ណា អ៊ែរ៉ូស្មីត អាឌែល នែលយ៉ាំង និងតារាចម្រៀងព្រីនស៍ សុទ្ធតែបានតវ៉ាយ៉ាងខ្លាំងក្លា បន្ទាប់ពីត្រាំយកបទចម្រៀងពួកគេទៅប្រើ៕ ដោយ៖ កញ្ញាដាលីស

ក្រុមចម្រៀងរ៉ុក The Rolling Stones ព្រមានប្តឹងត្រាំរឿងយកបទពួកគេទៅប្រើក្នុងការឃោសនាបោះឆ្នោត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ