អង្គការ និង​ប៉ូលិស ចេះតែ​ខំ​ជួយ តែ​សូមអ្នក​ដំណើរ​ជួយ​ខ្លួនឯង​ផង​!

207
ចែករម្លែក

កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី សហការ ជាមួយ​ប៉ូលិ​ស​ចរាចរណ៍ បាន​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ពី​ចរាចរណ៍ ដោយ​កំណត់​យក​បណ្តា​ផ្លូវជាតិ សំខាន់ៗ ចំនួន​បី​ខ្សែ គឺ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ ៦​។ ការបង្កើន សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ចរាចរណ៍ តាមផ្លូវ​ជាតិ​សំខាន់ៗ ៣​ខ្សែ ចេញពី​ភ្នំពេញ​នេះ​ដោយសារ តែ​ផ្លូវជាតិ​ទាំងនេះ មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​។​

​យុទ្ធនាការ​ផ្សព្វផ្សាយ​ចរាចរណ៍ នាពេលនេះ គឺ​ក្រុមយុវជន​គំរូ​សុវត្ថិភាព​ចរាចរណ៍ បាន​ចែក ជូន​អ្នកធ្វើដំណើរ​នូវ​ខិតប័ណ្ណ ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្តីពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមទាំង​ការចាក់ផ្សាយ​នូវ​សារសំខាន់ៗ ដូចជា ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​រថយន្ត និង​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ជាដើម​។​
​ ​
​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ត្រូវបាន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៣​។ យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ នាពេលនេះ នឹង​បន្តធ្វើ​នៅ តាមផ្លូវ​ជាតិ​គោលដៅ ទាំងបី​ប្រមាណ​ជា ៧០​លើក ក្នុង​ឆ្នាំ​២០២០​នេះ​។​
​ ​
​ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ចរាចរណ៍​បានចាប់ផ្តើម​អនុវត្ត​នូវ​ការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍ តាមរយៈ​បង្កើន​ប្រាក់​ផាកពិន័យ​លើ​អ្នក​លើ្ម​ស​ច្បាប់​។ ក្នុងអំឡុង​ពេលនេះ បានធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បាន ថយចុះ​។ ក្នុងនោះ នៅ​ខែឧសភា យានយន្ត​ល្មើសច្បាប់ ដែល​ប៉ូលិស​ផាកពិន័យ​មាន​ជាង បួន​ម៉ឺន​គ្រឿង និង​ទទួលបាន​ទឹកប្រាក់​ប្រមាណ​បី​ពាន់​លាន​រៀល​។ ដោយឡែក​គិត​ត្រឹម​រយៈ ពេល ២៥​ថ្ងៃ ក្នុង​ខែមិថុនា​នេះ នគរបាល​ចរាចរណ៍ បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជិត​បី​ម៉ឺន​គ្រឿង​។​
​ ​
​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ចុងក្រោយ​នេះ សកម្មភាព​ប៉ូលិស​ចរាចរណ៍​ចុះ​រឹតបន្តឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ហាក់ដូចជា​បន្ធូរដៃ មិន​ដូច​កាលពី ពេល​ចាប់​ផ្តើមដំបូង នៅ​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០២០​។ តែ​នៅមាន​តាម​គោលដៅ​ផ្លូវ​ចេញពី​រាជធានី​ភ្នំពេញ​មួយចំនួន និង​តាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ គឺ​ប៉ូលិស​ចរាចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​មិន​ដាក់​បា​រ៉ា​ស់​ដូច​មុន​ឡើយ​។​
​ ​
​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន ពិសេស​អ្នកធ្វើដំណើរ នៅ​ភ្នំពេញ ហាក់ដូចជា ខ្លាច​តែ​ប៉ូលិស​។ ពោលគឺ​គោរព​ច្បាប់ ភ្លើង​សញ្ញា​ចរាចរណ៍ ឬក៏​ពាក់មួក​សុវត្ថិភាព និង​បើកបរ​យឺតៗ តែ​ពេល​មាន​ប៉ូលិស ដាក់​កម្លាំង​ឈរជើង ត្រួត ពិនិត្យ​តែប៉ុណ្ណោះ​។ តែបើ​មើល ឆ្វេង មើល​ស្តាំ និង​មើល​ខាងមុខ មិនមាន​ប៉ូលិស​ទេ គឺ​ទោះបីជា​ភ្លើងស្តុប​ពណ៌​ក្រហម​ក៏មាន អ្នកបើកបរ​មួយចំនួន​ណា​នោះ មិន​ឈប់​នៅ​ចំណុច​ភ្លើងស្តុប​ឡើយ​។ រីឯ​មួកសុវត្ថិភាព​ទោះបី ជាមាន ក៏​មិន​ពាក់​ដែរ​។
​ ​
​តែ​ក៏មាន​អ្នកបើកបរ​ដោយ​ច្រើន​នោះ គោរព​ខ្ជាប់ខ្ជួន ទោះបីជា​ពេលយប់ ស្ងាត់​ក៏​គេ​គោរព ភ្លើងស្តុប ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ និង​បើកបរ​រថយន្ត​ដោយ​គោរព​ច្បាប់ ត្រឹមត្រូវ មិន​បើកបរ​លើស​ល្បឿន​កំណត់ ព្រមទាំង​ទម្លាប់​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជាប់​ជា ប្រចាំ​។​
​ ​
​ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស រួមទាំង​អង្គការក្រៅរដ្ឋាភិបាល និង​យុវជន​ស្ម័គ្រចិត្ត បាន​ចូល រួម​ជួយ​អស់ហើយ មាន​ទាំង​ចាប់បង្ខំ​ឲ្យ​គោរព​ច្បាប់​ថែម​ទៀតផង ក្នុង​បញ្ហា​ចរាចរណ៍​នេះ​។ តែ​សូមអ្នក​បើកបរ​យានយន្ត​ខ្លួនឯង គួរតែ​ចូលរួម​គោរព​ច្បាប់ គឺ​ដើម្បី​ខ្លួនឯង​ជៀសផុត​ពី​គ្រោះ ថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​ណាមួយ​នោះ ហើយក៏​មិន​អស់​លុយ ដែល​ត្រូវ​ប៉ូលិស ចាប់​ផាក​នោះឡើយ​៕ ដោយ​: ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ