ញឹក វុ​ធ បម្រុងរ​ត់ទៅ​សៀម​ដើម្បី​គេចខ្លួន​

301
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​(​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ J00265)
​ ​ខ្ញុំ​ឈ្មោះ ញឹក វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត​នៅ ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ញឹក យិន និង ម្ដាយ​ឈ្មោះ ជូរ កែវ មានមុខរ​បរជា​អ្នកធ្វើ​ចម្ការ​។ ខ្ញុំ​មាន​បងប្អូន​ប្រុស​បង្កើត​ទាំងអស់​ចំនួន​៤​នាក់​។ នៅក្នុង​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​ចូលរៀន​នៅ​លា​សា​បឋមសិក្សា បំពេញវិជ្ជា​នៅ​ស្នាយ​ពល ខេត្តព្រៃវែង​។ នៅ​ខែមិថុនា ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​រៀន​ដល់​ថ្នាក់​ទី​៧ ហើយ​មកដល់​ខែតុលា ឆ្នាំ​ដដែល ខ្ញុំ​ក៏បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រៀន​បន្ត​នៅ​ភ្នំពេញ ដោយ​ស្នាក់​នៅក្នុង​វត្ត​ចក​។ ខ្ញុំ​ចូលរៀន​នៅ​សាលា​វឌ្ឍនៈ​វិជ្ជា​ដោយមាន​នាយក​សាលា​ឈ្មោះ អី ងួន​ហួត​។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ខែតុលា ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ចូល​ជា​សមាជិក​សមាគម​សិស្ស​-​និស្សិត ដែលមាន​ប្រធាន​ឈ្មោះ អី ងួន​ហួត គឺជា​អ្នកទទួល​ស្គាល់​។


​ពេល​ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​៣ ខ្ញុំ​ក៏បាន​ប្ដូរ​មក​រៀន​នៅ​សាលា ១៨ មីនា ដោយមាន​នាយក​សាលា​ឈ្មោះ គី​ថូ វិញ​។ រហូតដល់​ខែសីហា ឆ្នាំ​១៩៧៤ ខ្ញុំ​បានបញ្ចប់​ការសិក្សា នៅ​សាលា​១៨ មីនា​។ ក្រោយមក​ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា​គរុកោសល្យ ក្រុងភ្នំពេញ ដោយមាន​នាយក​សាលា​ឈ្មោះ លន់ ស្រេង​។ នៅពេល​កំពុង​សិក្សា ខ្ញុំ​បាន​ចូល​ជា​សមាគម​គ្រូបង្រៀន​ដែលមាន​លោកនាយក លន់ ស្រេង គឺជា​ប្រធាន​។
​រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវ​អង្គការ​បដិវត្តន៍​ជម្លៀសចេញ​ឲ្យ​ទៅ​នៅ ភូមិ​ធា​យ ឃុំ​វត្ត​អង្គ ស្រុក​ទូក​មាស (​បច្ចុប្បន្ន​ស្ថិត​ស្រុក​បន្ទាយមាស​) ខេត្តកំពត​។ ខ្ញុំ​ទទួល​តួនាទី​ជា​សមាជិក​សហករណ៍​។

សកម្មភាពពលកម្មក្នុងរបបខ្មែរក្រហម


​ ​នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាត់តាំង​ខ្ញុំ និង​សមាជិក​សហករណ៍​ផ្សេងទៀត​ទៅធ្វើ​ស្រែ​នៅ​ឃុំ​បន្ទាយមាស ជិត​ព្រំដែន​វៀតណាម​មួយរយៈ​ទើប​ត្រឡប់មក​ភូមិ​វិញ​។ បន្ទាប់មក​អង្គការ​បាន​បែងចែក​សមាជិក​មួយចំនួន​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ការដ្ឋាន​ស្រែ​ព្រៃ ស្ថិតនៅក្នុង​ឃុំ​វត្ត​អង្គ ចំណែក​សមាជិក​ចំនួន​ទៀត រួមទាំង​ខ្ញុំ​ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ជិត​ភូមិ​ដែល​ខ្ញុំ​រស់នៅ​។ នៅវេលា​ម៉ោង​៧​ព្រឹក ពេលទៅដល់​ការដ្ឋាន​ធ្វើការ ឈ្មោះ ខុន បានមក​ខ្សឹបប្រាប់​ខ្ញុំ និង​ឈ្មោះ ស៊ីន​ថា ថា ប្អូនឯង​ទាំងពីរ​នាក់​និង​ខ្ញុំ​សុទ្ធតែ​មានឈ្មោះ​ត្រូវ​អង្គការ​យកទៅ​រៀនសូត្រ​ហើយ ព្រោះ​អី​កាល​ល្ងាច​មិញ​មាន​ពូ​ម្នាក់​ឈ្មោះ សែន ក៏ត្រូវ​អង្គការ​យកទៅ​រៀនសូត្រ​បាត់​មិនឃើញ​វិលត្រឡប់​វិញ​ដែរ​។ ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​និយាយប្រាប់​គាត់​ថា បើ​អង្គ​ការចង់​ឲ្យ​ខ្ញុំ​រៀនសូត្រ​ស្រេច​តែ​អង្គការ​ទៅ​ចុះ​។ ខុន បាន​និយាយ​បន្តថា​ប្អូនឯង​ទាំងពីរ​នាក់​រត់​ទៅក្នុង​ព្រៃ​ទៅ​ទើប​រស់​។ ចំណែក​ខ្ញុំ​មានកូន​ប្រពន្ធ​ខ្ញុំ​ក៏​រត់​ដែរ​។ ខ្ញុំ​និង​ស៊ីន បាន​តប​ទៅ​ឈ្មោះ ខុន វិញ​ថា ខ្ញុំ​មិនដឹង​រត់​ទៅណា​ទេ​បង ខ្ញុំ​សុខចិត្ត​ធ្វើ​ការងារ​ក្នុង​សហករណ៍​ហើយ​។ បង​ខុន នៅតែ​ជំរុញ​ឲ្យ​យើង​រត់​ម្ដង​ហើយ​ម្ដងទៀត ហើយ​បាន​ណាត់គ្នា​ថា​ប្រសិនបើ​យើង​រត់​គឺរ​ត់ទៅ​ជាមួយ​គាត់​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​១៩៧៧​។​


រំលង​បាន​មួយថ្ងៃ​ពេល​យើង​កំពុងតែ​រែក​ដី ខ្ញុំ​និង​ឈ្មោះ ស៊ីន ក៏​ជួប​ជាមួយ​ឈ្មោះ ប្រេះ ម៉ាត់ ដែល​កំពុងតែ​ឃ្វា​ក្របី​នៅ​ជិត​ការដ្ឋាន​ខ្ញុំ​។ ខ្ញុំ​មើលទៅ​ទឹកមុខ​គាត់​ដូចជា​អស់សង្ឃឹម​អំពី​រឿង​អ្វីមួយ​។ ម៉ាត់ បាន​ដើរ​មករក​ខ្ញុំ ហើយ​និយាយថា​យើង​ប្រាកដជា​មិន​រស់​ទេ បើ​នៅ​ប្រាកដជា​អង្គការ​ចាប់​។ បង​ម៉ាត់ បាន​និយាយ​បន្តទៀតថា បើតាម​សម្ដី តានី សមាជិក​សហករណ៍​ភូមិ​ធា​យ ចង់​ឲ្យ​យើង រត់​ទៅ​ទិស​ខាងលិច ប្រហែលជា​មានសង្ឃឹមរ​ស់​ច្រើន ព្រោះ​មាន​ផ្លែឈើ​ហូប​តាមផ្លូវ​។


​ ​លុះដល់​រសៀល ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៧៧ ពេល ម៉ាត់ មក​ឃ្វាលក្របី​នៅ​ជិត​កន្លែង​របស់ខ្ញុំ​។ ខ្ញុំ​បាន​សួរ​គាត់​ថា​យើង​លួច​ចេញទៅ​ពេលណា​? ម៉ាត់ ប្រាប់ថា​យើង​ចេញទៅ​នៅពេល​ល្ងាច​នេះ​ដោយមាន​ឈ្មោះ កែម ស្គាល់ផ្លូវ​អ្នកដឹកនាំ​ទៅ​។ នៅ​ម៉ោង​ជិត​ប្រាំពីរ​យប់ ខ្ញុំ​បាន​ចេញពីផ្ទះ​ដើរ​តម្រង់​ទៅ​កន្លែង​ណាត់ជួប ក៏​ឃើញ​ឈ្មោះ ម៉ាត់ និង កែម កំពុង​អង្គុយ​រង់ចាំ​ខ្ញុំ​។ លុះ​បាន​បន្តិច​ក៏​ឃើញ ឈ្មោះ ស៊ីន បាន​ដើរ​ដល់​មក​ដែរ​។ កែម បាន​ប្រាប់ថា ត្រូវ​លាក់​ការណ៍ និង​មើល​សញ្ញា​តាម​ដៃ​របស់គាត់​ប្រាប់​ឲ្យ​ដើរ​លឿន យឺត ក្រាប ឬ ពួន​។ និយាយ​ហើយ​បង កែម ដើរទៅ​មុនគេ ខ្ញុំ​ដើរ​នៅ​ខាងក្រោយ​គេ​។ យើង​បាន​ដើរ​ឆ្លងកាត់​ព្រៃ កាត់​វាល ជូន​កាល​ឆ្លងកាត់​ភូមិ​អ្នកស្រុក​។ ប៉ុន្តែ​សំណាងល្អ​បាន កែម ស្គាល់ផ្លូវ​ច្បាស់​។

​ក្រោយពី​បានធ្វើ​ដំណើរ​ដល់​ម៉ោង​ប្រហែលជា​៤​ទៀបភ្លឺ​ក៏​ទៅដល់​ជើងភ្នំ​វ​ល្លិ៍ និង​បាន​សម្រាក​នៅ​ទីនោះ​។ លុះ​ព្រឹក​ឡើង យើង​បាន​បន្តដំណើរ​ទៅដល់​ភ្នំ​មួយទៀត និង​បាន​ឈប់សម្រាក​ជុំគ្នា​។ កែម និយាយថា នៅពេល​ដល់​សៀម​ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​ទាំងបី ព្រោះ​ខ្ញុំ​មាន​ជំនាញ​ម៉ាស៊ីនត្រជាក់​។ យើង​បាន​បន្តដំណើរ​នៅវេលា​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​២ ទៅដល់​ផ្ទះ​អ្នកស្រុក​ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣​។ បន្ទាប់មក​ទៅ​ដេក​នៅ​ជើងភ្នំ​កោះ​ចន្លុះ​។


​ ​លុះ​វេលា​ម៉ោង​ប្រហែលជា​៨​ព្រឹក ថ្ងៃទី​៣ យើង​បានធ្វើ​ដំណើរ​ពី​កោះ​ចន្លុះ សំដៅទៅ​ទិស​ខាងលិច បំណង​ទៅ​សៀម​។ នៅពេល​ធ្វើដំណើរ យើង​បាន​វាង​ចម្ការ​ប្រជាជន​ជាច្រើន​កន្លែង​។ កែម បាន​ដើរ​នាំមុខ ហើយក៏​ជួប​ឆ្កែ​របស់​អ្នកស្រុក​ព្រុស​នៅក្បែរ​ផ្លូវ ដូច្នេះ​គាត់​បានធ្វើ​សញ្ញា​ឲ្យ​ខ្ញុំ​ពួន​សិន​។ បង​កែម បាន​ដើរ​បន្ត​ទៅមុខ​បាត់​មិនឃើញ​ត្រឡប់មកវិញ​។ ឃើញ​ដូច្នេះ​យើង​ទាំង​៣​នាក់ ក៏បាន​ដើរទៅ​តាមរក​គាត់​អស់​មួយសន្ទុះ​ធំ ប៉ុន្តែ​រក​មិនឃើញ ហើយក៏​មិនដឹង​ជា​គាត់​គេចខ្លួន​ឬ​យ៉ាងណាដែរ​។ ក្រោយមក យើង​បាន​បន្តដំណើរ​ទៅ​ទិស​ខាងលិច​ទៀត​។ យើង​ដើរ​វង្វេងផ្លូវ និង​ដេក​ក្នុង​ព្រៃភ្នំ​រហូតដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​១៩៧៧ ទើប​យើង​មកដល់​ផ្លូវជាតិ​លេខ​៤​។ យើង​បាន​មកជួប​ផ្ទះ​របស់​អង្គភាព​កងទ័ព ហើយ​កងទ័ព​ក៏បាន​ចាប់ខ្លួន​យើង​ទុក​នៅ​ទីនោះ​មួយ​យប់​មួយថ្ងៃ​។ ថ្ងៃ​បន្ទាប់​ខាង​កងទ័ព​ក៏បាន​បញ្ជូន យើង​ទាំងបី​នាក់មក​ទីកន្លែង​នេះ​តែម្ដង​។​


កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ ញឹក វុ​ធ ពិត​ឬ​យ៉ាងណា​នោះទេ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ