ជប៉ុន​ស្នើ​កម្ពុជា​បន្ធូរបន្ថយ​ចំពោះ​វិធានការ​បង្ការ​មេរោគ​កូ​វីដ​-១៩​ចំពោះ​មន្ត្រី​ជំនាញ​របស់ខ្លួន

143
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​ជំនួប​ជាមួយ​លោក​ស៊ុនចាន់ថុល ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​លោក​MIKAMIMasahiro ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ឱ្យ​លោក​ទេសរដ្ឋមន្ត្រី​ពិចារណា​លើ​ការបន្ធូរបន្ថយ​វិធានការ​និង​ការបង្ការ​មេរោគ​កូ​វីដ​-១៩​ចំពោះ​មន្ត្រី​ជំនាញការ​និង​អ្នកបច្ចេកទេស​ជប៉ុន​ដែ​ល​ត្រូវ​មក​បំពេញការងារ​លើគ​ម្រោ​ង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាការ​ឆ្លើយតប​​ លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោក​ឯកអគ្គរាជទូត​និង​គណៈប្រតិភូ​ជប៉ុន​ថា លោក​នឹង​លើក​បញ្ហា​នេះ​ទៅ​ក្រសួងសុខាភិបាល​ដើម្បី​ពិចារណា​លទ្ធភាព​បន្ធូរបន្ថយ​ចំពោះ​ការអនុវត្ត​ន៍វិធានការ​និង​ការបង្ការ​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុជា​ដើម្បីឱ្យ​មន្ត្រី​ជំនាញការ​និង​អ្នកបច្ចេកទេស​ជប៉ុន​អាចមក​បំពេញការងារ​នៅ​កម្ពុជា​ដោយ​គ្មាន​ភាព​រាំងស្ទះ​។​

​សូមជម្រាបថា​៖​ជំនួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នេះ​មាន​គោលបំណង​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​មេរោគ​កូ​វីដ​-១៩​ទាក់ទង​នឹង​ការអនុវត្ត​ន៍គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​នៅ​កម្ពុជា​​ ការផ្លាស់ប្ដូរ​ទស្ស​នៈ​ទៅវិញទៅមក​ស្ដីអំពី​ផលប៉ះពាល់​មេរោគ​កូ​វីដ​-១៩​និង​របាយការណ៍​ពី​ភាគី​ជប៉ុន​ទាក់ទង​នឹង គម្រោង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​។​


ក្នុងជំនួប​នោះដែរ​ លោក​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ជូន​គណៈប្រតិភូ​អំពី​ដំណើរការ​រលូន​នៃ​គម្រោង​សាងសង់​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៥​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គម្រោង​សាងសង់​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​២​និង​២២ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផ្សេងទៀត​ក្នុងអំឡុង​ពេលដែល​ពិភពលោក​កំពុង​ទទួលរង​នូវ​ការឆ្លង​រាតត្បាត ពី​មេរោគ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​រួមមាន​កម្ពុជា​ផងដែរ​។​

​ចំណែក​លោក​ឯកអគ្គរាជទូត​បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សមត្ថភាព​អាច​គ្រប់គ្រង និង​បង្ការ​ការ​រាតត្បាត មេរោគ​កូ​វីដ​-១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​គិត​រហូត​មកទល់ពេលនេះ​កម្ពុជា​ទទួល​បានតែ​ករណី​នាំចូល​ពី​ខាងក្រៅ​ប៉ុណ្ណោះ​៕S/សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ