ឧកញ៉ា សង ថន ត្រូវបាន​ឃាត់ខ្លួនដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

396
ចែករម្លែក
ឧកញ៉ា សង ថន ត្រូវបាន​ឃាត់ខ្លួន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​,​ភ្នំ​ខៀវ​,​គ្រញូង​/​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​,ACU) បានសម្រេច​ឃាត់ខ្លួន​ឧកញ៉ា សង ថន ហើយ​ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់ពី​ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​រឿង​ពុករលួយ​ក្នុង​វិស័យ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ការឃាត់ខ្លួន​ឧកញ៉ា​ល្បីឈ្មោះ​គួរសម​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ហៅ​មក​សាកសួរ​ស្តាប់​ចម្លើយ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ។​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បញ្ជូន​ខ្លួន​ឧកញ៉ា សង ថន​ទៅ​តុលាការ​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​។​ដោយឡែក​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ​ដោយសារ​រឿង​ដីធ្លី​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​។​


​ ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស្តាប់​ចម្លើយ​លោក​ឧកញ៉ា សង ថន ខ្លះ​ហើយ និង​ឃើញថា មាន​ពិរុទ្ធភាព​ដែល​អាចធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅសល់​ពេល ២៣​ម៉ោង​ទៀត ដើម្បី​បញ្ចប់​សំណុំ​​បែបបទ​បញ្ជូនទៅ​តុលាការ​។
​ ​ប្រធាន​អ​.​ប​.​ពបាន​បញ្ជាក់ថា “​មូល​ហេតុដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អញ្ជើញ​គាត់​មក​អង្គភាព​ដើម្បី​យើងខ្ញុំ​សួរ​សំណួរ ឬក៏​ស្តាប់​ចម្លើយ​គាត់​។ គឺ​យើង​ឃើញ​មាន​តម្រុយ​ខ្លះ​ពី​អំពើពុករលួយ​នៅក្នុង​វិស័យ​ដីធ្លី ហើយ​យើង​កំពុងតែធ្វើការ​ប្រមូល​ភស្តុតាង​”​។​

(រូបឯកសារ)


​ពាក់ព័ន្ធ​ករណី​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៧ ខែមិថុនា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាលស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​។​ករណី​បញ្ចប់​មុខតំណែង​អភិបាលស្រុក​គាស់ក្រឡ និង​ករណី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំខ្លួន​លោក​ឧកញ៉ា សង ថន ដើម្បី​សាកសួរ​នោះ ត្រូវ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​អះអាងថា ផ្តើមចេញពី​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ​នៅ​ភូមិសាស្ត្រ​ស្រុក​គាស់ក្រឡ ។​


​ឧកញ៉ា សង ថន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជុំវិញ​បញ្ហាដីធ្លី​ចំនួន ៥.០០០​ហិកតា ឬ​ស្មើ​១​ភាគ​៤ នៃ​ផ្ទៃដី​ទាំងអស់​នៃ​ភូមិសាស្ត្រ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។​
​អតីតមន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តបាត់ដំបង​ម្នាក់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែមិថុនា​ថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រហូត​មាន​ចំណាត់ការ​នឹកស្មាន​មិន​ដល់​នៅក្នុង​ស្រុក​គាស់ក្រឡ​ផ្តើមចេញពី​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំ​រ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ ។ ជាក់ស្តែង​ឧកញ៉ា​សង ថន ដែលមាន​ដីធ្លី​នៅក្នុង​ស្រុក​គាស់ក្រឡ​នេះ​ស្រាប់​បាន​ប្រមូល​ទិញ​ដី​ជាច្រើន​បន្ថែមទៀត​ពី​ប្រជាពលរដ្ឋ និង​អតីត​យោធិន​ចូលនិវត្តន៍​យកមក​គ្រប់គ្រង​។ ប៉ុន្តែ​ភាគច្រើន​ជា​ដីព្រៃ​ឋិត​នៅជាប់​ព្រំដី​របស់លោក​។ ពេលនោះ​ក៏​បែរជា​ផ្ទុះ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​ដែល​ពួកគេ​បាន​អះអាងថា ដីធ្លី​(​ដែល​លោក សង ថន បាន​ទិញ​នោះ​) ជា​ជា​ដី​របស់​ពួកគេ​ជា​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​ទៅវិញ ។ រហូតដល់​អំឡុង​ឆ្នាំ​២០០៨-២០០៩ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ចូល​កាប់ឆ្ការ​រាន​ដី​ដែល​គាត់​អះអាង​ជា​កម្ម​សិទ្ធិខ្លួន​ឡើងវិញ ។ ពេលនោះ​ក៏​ផ្ទុះ​ជម្លោះ ហើយក៏​ប្រែ​ទៅជា​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ចេញ​ជាច្រើន​ឆ្នាំ​មក ។​


​ភាគី​ទាំង​ពីរបាន​ប្រឈម​ដាក់គ្នា​តាំងពី​ពាក្យសំដី​រហូតដល់​ហិង្សា មាន​ទាំង​ការប្រើប្រាស់​ដំបង កាំបិត ពូថៅ គំរាមកំហែង​តបត ដោយពេល​ខ្លះ​ប្រើ​សិទ្ធិ ខ្លះ​ប្រើ​អំណាច​អនុវត្ត​វិធាន​ក្តៅ​ផងដែរ​។
​លោក​សង ថន ថែមទាំង​បាន​ប្តឹងផ្តល់​ប្រជាពលរដ្ឋ​ឲ្យ​ឡើង​តុលាការ​ក៏​ច្រើនលើក​ថែមទៀត​។ សាវតារ​ទំនាស់​ខាងលើនេះ​មិនបាន​ចប់​ឡើយ ​ហើយ​បានអូសបន្លាយ​រហូតដល់​បច្ចុប្បន្ន​ក្នុង​អាណត្តិ​លោក ម៉ៅ សុ​ចាន់ កាន់តំណែង​ជា​អភិបាលស្រុក​គាស់ក្រឡ ។​

ដីល្វឹងល្វើយដែលមានទំនាស់ជាមួយឧកញ៉ាសងថន


ប្រភព​មួយទៀត​បាន​បង្ហើប​ឲ្យ​កាសែត​រស្មី​ក​ម្ព​ជា​ដឹង​ដែរ​ថា ក្រោយ​ការប្រមូលទិញ​ដី​កាន់កាប់​គ្រប់គ្រង​ក្នុង​ដៃ​លោក សង ថន មាន​ផ្ទៃដី​សរុប​ចំនួន​ជាង ៥.០០០​ហិកតា បូក​ទាំង​ដី​ដែលមាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា​ទៀត ភាគច្រើន​ស្ថិតនៅក្នុង​ឃុំ​ព្រះ​ផុស ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ជាដើម​។​


​ប្រភព​មន្ត្រី​អាជ្ញាធរ​និង​សម​ត្ថិ​ច្ច​ជំនាញ ក៏​ដូច​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ឲ្យ​ដឹងថា ចុងក្រោយ​នេះ​ឧកញ៉ា សង ថន បាន​ប្តឹង​ដល់​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់​បន្ថែមទៀត​។​តុលាការ​បាន​បង្គាប់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ដែល​តម្រុយ​នានា​ថា​ឲ្យ​តែ​ពលរដ្ឋ​ទាំងនោះ​ចូលខ្លួន​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ឃុំឃាំង​មិន​ខាន ។ ប៉ុន្តែ​ក្នុង​គ្រានោះ​ពលរដ្ឋ​បាន​នាំ​សំណុំរឿង​ទាំងនោះ​ទៅ​ទម្លាក់​ក្នុង​ដៃ​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ ។ តម​កម​ន្ត្រី​ចម្រុះ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ចុះមក​ពិនិត្យ​ស្រាវជ្រាវ​ជាក់ស្តែង​ទៅដល់​ទីតាំង​ទំនាស់​រួច​បាន​រាយការណ៍​ជូន​ថ្នាក់លើ​វិញ ។ តែមួយ​ថ្ងៃក្រោយ​មន្ត្រី​ចម្រុះ​ទាំងនោះ​ត្រឡប់​វិញ គឺ​នៅ​ថ្ងៃទី​២៧ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង​របស់លោក ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់ក្រឡ​តែម្តង​។ ជាមួយគ្នា​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចុះ​នាំខ្លួន​ឧកញ៉ា សង ថន ដើម្បី​សាកសួរ​ជុំវិញ​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​រឿង​ដីធ្លី​ខាងលើ​។​

ប្រជាពលរដ្ឋពេលជួបជាមួយមន្រ្តីក្រុមការងារ


​តំណាង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​តា​នួ​ត ឃុំ​ឆ្នាល់មាន់ បាន​ប្រាប់​កាសែត​រស្មី​ក​ម្ពុជា​ឲ្យ​ដឹង​ថ្ងៃ​២៨​ខែមិថុនា​ថា ក្រោយពី​ប្រជាពលរដ្ឋ​បានដឹង​អំពី​ដំណើរ​ប្រតិភូ​ចុះ​ពិនិត្យ​លើ​បញ្ហាដីធ្លី​ក្នុងស្រុក​គាស់ក្រឡ ​ពួកគាត់​ត្រេកអរ​និង​សាទរ​ជាខ្លាំង​រក​អ្វី​ប្រៀប​ពុំបាន ។​ពួកគាត់​អស់​បារម្ភ​ទៀតហើយ ព្រោះ​ពេលនេះ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយផ្តល់​យុ​ត្តិ​ធ៌​ម​ដល់​ពួកគាត់​វិញ​ហើយ​។


​ពួកគាត់​បានលើកឡើង​ទៀតថា កន្លងមក​ពួកគាត់​មាន​បញ្ហា​ប្រឈម​ពីរ​ចំណុច​។​ទី​.១ ការចាប់​ដាក់គុក​ពី​សំណាក់​សមត្ថកិច្ច តុលាការ​និង​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​អនុវត្ត​បណ្តឹង​របស់​ឈ្មួញ​ដី​គឺ​ឧកញ៉ា សង ថន ។ ទី​២- ជីវភាព​គ្រួសារ​ធ្លាក់​ក្រីក្រ​បន្ថែម​ព្រោះ​ពួកគាត់​មិន​ហ៊ាន​ចេញទៅ​រកស៊ី​ផ្លូវ​ឆ្ងាយ​ដ្បិត​បារម្ភ​ថា បើ​មិន​នៅ​គេ​នឹង​មក​រុះរើ​ផ្ទះ​ចេញពី​ដី​ទំនាស់​៕សរន/Ha

ប្រជាពលរដ្ឋពេលជួបជាមួយមន្រ្តីក្រុមការងារ
ប្រជាពលរដ្ឋពេលជួបជាមួយមន្រ្តីក្រុមការងារ
ប្រជាពលរដ្ឋពេលជួបជាមួយមន្រ្តីក្រុមការងារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ