ត្រឹម២ថ្ងៃសោះក្រុមហ៊ុន Facebook បាត់បង់តម្លៃទីផ្សារ ៦០ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនជាច្រើនបន្តនាំគ្នាដកការផ្សាយពាណិជ្ជកម្មពីបណ្តាញសង្គមយក្សមួយនេះ

155
ចែករម្លែក

ក្រុមហ៊ុន Facebook បានបាត់បង់តម្លៃទីផ្សាររបស់ខ្លួនចំនួន ៦០ ពាន់លានដុល្លារកាលពីថ្ងៃចន្ទទី២៩មិថុនា បន្ទាប់ពីការធ្លាក់ចុះភាគហ៊ុនរយៈពេល ២ ថ្ងៃយ៉ាងខ្លាំង នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានចូលរួមធ្វើពហិការក្រុមហ៊ុនបណ្តាញសង្គមមួយនេះ។

ភាគហ៊ុននៅក្នុងវេទិកាប្រព័ន្ធបណ្តាញសង្គមធំបំផុតនៅលើពិភពលោកមួយនេះបានកើនឡើងបន្តិចវិញ ១,២ ភាគរយកាលពីរសៀលថ្ងៃចន្ទ បន្ទាប់ពីខាតបង់យ៉ាងខ្លាំងនៅព្រឹកព្រលឹម។

ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះកំពុងប្រឈមមុខនឹងការសម្រុកចាកចេញរបស់អ្នកផ្សាយពាណិជ្ជកម្មដែលធុញទ្រាន់នឹងផុសនានាអំពីការរើសអើងជាតិសាសន៍និងអំពើហិង្សា ដែលផ្សព្វផ្សាយពាសពេញបណ្តាញសង្គមនេះ។

ក្នុងចំណោមបញ្ជីដ៏វែងនៃក្រុមហ៊ុនដែលធ្វើពហិកាគឺមានក្រុមហ៊ុន Starbucks ផងដែរ ដែលបានបញ្ឈប់ការផ្សាយពាណិជ្ជកម្មលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់។

ក្រុមហ៊ុន Facebook បានបញ្ចេញប្រតិកម្មជាមួយការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនកាលពីថ្ងៃសុក្រ ប៉ុន្តែបញ្ជីពហិការនៅតែបន្តកើនឡើង។

ក្រុមហ៊ុនជាច្រើនបានដកការផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន Facebook Inc ដើម្បីគាំទ្រយុទ្ធការមួយ ដែលរិះគន់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះថាមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ឈប់សម្តីបែបសម្អប់ជាតិសាសន៍នៅលើវេទិការបស់ខ្លួន។

ក្រុមហ៊ុនធំៗដទៃទៀត ដែលដកពាណិជ្ជកម្មដែរនោះ រួមមាន Pepsi, Unilever, Adidas, Coca-Cola, HP, Lululemon, Clorox និង Verizon។

វេបសាយ ADL រាយការណ៍ថា ក្រុមហ៊ុន Facebook រកចំណូលពីពាណិជ្ជកម្មបានចំនួន ៧០ ពាន់លានដុល្លាររៀងរាល់ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

ទោះលោកម៉ាកហ្សាក់ឃើបឺកប្រកាសកែគោលនយោបាយ ក៏តម្លៃទីផ្សាររបស់ Facebook នៅតែខាតបង់ ៦០ ពាន់លានដុល្លារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ