មនុស្ស​៣២ នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​លិច​សាឡាង​នៅ​បង់​ក្លា​ដែស​

69
ចែករម្លែក

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​បាន​រកឃើញ​បុរស​ម្នាក់​នៅ​រស់​នៅក្នុង​ហេតុការណ៍​លិច​សាឡាង​(​នាវា​ចម្លង​)​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់ បន្ទាប់​ពី​សាឡាង​មួយ​បាន​​ក្រឡាប់​លិច​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​ នៅ​ទីក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែស ​បន្ទាប់ពី​មាន​ការបុក​គ្នា​។​

​សេចក្តីរាយការណ៍​ពី​ដំបូង​បាន​រាយការណ៍​ថា មនុស្ស​ជាង​១០​នាក់​បាន​បាត់​ខ្លួន​។​

​សាឡាង​Morning Bird នេះ​ត្រូវបាន​បុក​ពីក្រោយ​ដោយ​សាឡាង​មួយ​ផ្សេង​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្នុងអំឡុងពេល​មាន​ការធ្វើដំណើរ​ច្រើន​ចេញ​ចូល​តាម​កំពង់ផែ​ទន្លេ​ដ៏​ធំ​របស់​ប្រទេស​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយ​ប្រាប់​សារព័ត៌មាន​AFP​ថា សាកសព​៣២​នាក់ ត្រូវបាន​រក​ឃើញ​ហើយ​បាន​រកឃើញ​ទីតាំង​សាឡាង​ដែល​បាន​លិច​នៅ​ជម្រៅ​១៥​ម៉ែត្រ​ក្នុង​ទន្លេ​នេះ​។​

​ក្រុមមន្ត្រី​នេះ បាន​និយាយថា ជាង​១២​ម៉ោង​ក្រោយ​ពី​សាឡាង​នេះ​បាន​លិច​មក​នោះ​អ្នកដំណើរ​ម្នាក់​ត្រូវបាន​រកឃើញ​នៅ​រស់​។​

​អ្នកនាំពាក្យ​កងសន្តិសុខ​បាន​និយាយថា មាន​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥០​នាក់​នៅ​លើ​សាឡាង ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​១៥០​នាក់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្រុម​អ្នក​សង្គ្រោះបាន​ទាញ​យក​សាកសព​ពី​សាឡា​ង​ដែល​លិច​កាលពី​ថ្ងៃ​ចន្ទ នៅ​ទន្លេ​នៅ​ទីក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ