អត្ត​ព​លិ​ក​ជម្រើសជាតិ​ជនពិការ ត្រៀមខ្លួន​ចូល​ហ្វឹកហាត់​វិញ បន្ទាប់ពី​សម្រាក អស់​រយៈពេល​ជាង ៥​ខែ​

79
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា បាន​អញ្ជើញ​កីឡាករ កីឡាការិនី របស់ខ្លួន ប្រមាណ​ជាង ១០០ នាក់ ដែល​ហ្វឹកហាត់​កីឡា ប្រមាណ ១០ ប្រភេទ មកជួប​ជុំគ្នា នៅ​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ តេ​ជោ​សែន នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា កន្លងទៅនេះ ដើម្បី​ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ និង​ជាពិសេស ពី​ពេលវេលា នៃ​ការ​ចូលមក​ហ្វឹកហាត់ ឡើងវិញ ក្នុង​ជ​ម្រុំ​ប្រមូលផ្ដុំ ក្រោយពី​ពួកគេ ត្រូវបាន​រំសាយ អស់​ពេល ជាច្រើន​ខែ ដោយសារ​វិបត្តិ នៃ​មេរោគ​កូ​រ៉ូ​ណា​។​

​លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់ថា ដោយសារ​មានការ​អនុញ្ញាត ពី​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ដែលមាន​ប្រមាណ ១០ ប្រភេទ មាន​អត្ត​ព​លិ​ក ចំនួន ១២៥ នាក់ និង​គ្រូបង្វឹក ១០ នាក់ នឹងត្រូវ​វិល​ចូល ក្នុង​ជំរុំ​ហ្វឹកហាត់​វិញ ដោយ​ចាប់ផ្ដើម ពីថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ រហូតដល់​ដំណាច់ឆ្នាំ​។​

​លោក​បាន​បន្ដថា ក្នុង​ចំនួន​នេះ ខាង​ក្រសួង​អប់រំ បានផ្ដល់​ប្រាក់ឧបត្ថម្ភ​ថវិកា ប្រចាំខែ ក្នុងពេល​ហ្វឹកហាត់ សម្រាប់​កីឡាករ ៤០ នាក់ និង​គ្រូបង្វឹក ១០ នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ដើម្បី​ឲ្យ​អត្ត​ព​លិ​ក ចូលរួម​ហាត់​បាន​ច្រើន គណៈកម្មាធិការ ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា បានសម្រេច ដោយ​ឯកភាព ឲ្យ​អត្ត​ពិ​ក​លិ​ក ធ្វើការ​ហ្វឹកហាត់ ទាំងអស់គ្នា និង​បែងចែក​ថវិកា​ទាំងនោះ ឲ្យ​បាន​គ្រប់គ្នា ។​

​លោក​បាន​បន្ថែមថា កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវខិតខំ​ហ្វឹកហាត់ បង្កើន​សមត្ថភាព បច្ចេកទេស ឲ្យ​បាន​ខ្លាំងក្លា ត្រៀមលក្ខណៈ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ និង​ត្រៀម​ក្នុង​ដំណើរ​ឆ្ពោះ ទៅ​រៀបចំ​ទទួល​ធ្វើ ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ