រំពឹងថា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​នឹងមាន​មុខមាត់​ថ្មី​

107
ចែករម្លែក

​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវក្នុង​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​លំដាប់​ទី​១ របស់​កម្ពុជា​យើង ដល់ពេល​ត្រូវ​សិក្សា រៀបចំ​ផែនការមេ ដើម្បី​ជួស​ជុស​កែលម្អ​ឡើងវិញដូច​ក្រុងព្រះសីហនុ​ហើយ​។ នៅពេលនេះ រាជរដ្ឋាភិបាល កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ សរុប​ប្រវែង​ជិត ១០០​គីឡូម៉ែត្រ ក្នុង​ក្រុងសៀមរាប ដែលជា​ប៉ូល​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា​។​
​ ​
​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវក្នុង​ក្រុង​សៀមរាប ដល់​ពេលដែល​ត្រូវ​សិក្សា​រៀបចំ​ផែនការមេ ដើម្បី​ធ្វើ​ការជួស​ជុស កែលម្អ​ឡើងវិញ ដូច​ក្រុងព្រះសីហនុ ឱ្យ​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍ ដើម្បី​លើកស្ទួយ​មុខមាត់​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ភ្ញៀវទេសចរ​អន្តរជាតិ​។

​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក​អភិបាលខេត្ត​សៀមរាប និង​មន្ត្រី​ពាក់ព័ន្ធ ស្តីពី​គម្រោង​ជួសជុល​ផ្លូវ នៅ​ទី​រួម​ខេត្តសៀមរាប បានធ្វើ​ឡើង កាលពី​ចុងសប្តាហ៍​មុន​។​ក្នុង​កិច្ចប្រជុំ មន្ត្រី​ជំនាញ បានលើកឡើង​ពី​លទ្ធភាព​នៃ​ការពិនិត្យ និង​សិក្សា​ទៅលើ​គម្រោង​ខ្សែ​ផ្លូវ​មេ ចំនួន ៣៨​ខ្សែ ប្រវែង​ជាង ៩៨ គីឡូ ម៉ែត្រ​។ ក្នុងនោះ ផ្លូវ​ពីរ​គន្លង​មាន​ប្រវែង ប្រមាណ ៤៤ គីឡូម៉ែត្រ និង​ផ្លូវ​បួន​គន្លង មាន​ប្រវែង​ប្រមាណ ៥៤​គីឡូម៉ែត្រ​លាតសន្ធឹង​ក្នុងសង្កាត់​ទាំង​១២ ក្នុង​ក្រុង​សៀមរាប និង​មួយផ្នែក​នៅ​ស្រុក​បាគង ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ ហេ​ដ្ឋ​រចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប​។​

​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុង​សិក្សា ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​នេះ ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការ​ដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​។
​ ​
​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទូទាំង​ក្រុង​ព្រះសីហនុ ដោយ​រាជរដ្ឋាភិបាល បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ជិត ៣០០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ចំនួន ៣៤​ខ្សែ ប្រវែង​ជាង ៨២​គីឡូម៉ែត្រ​។ មកដល់​ចុងខែមិថុនា​នេះ ត្រូវបាន​សាងសង់​ជិត​រួចរាល់​ហើយ​។​

​ដោយឡែក ផ្លូវ​ចំនួន ៣៨​ខ្សែ ប្រវែង​ជិត ១០០​គីឡូម៉ែត្រ ក្នុង​ក្រុង​សៀមរាប នៅពេល នេះ ក៏​កំពុង​ត្រូវបាន​សិក្សា និង​ជួសជុល សាងសង់​ថ្មី ឲ្យ​ដូច​ក្រុងព្រះសីហនុ ដើម្បី​លើកកម្ពស់ សោភ័ណភាព ឱ្យ​ស័ក្ដិ​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​ម្យ៉ាងទៀត​ក្នុងអំឡុង​ពេលនេះ ដែល​ស្ងាត់​ភ្ញៀវទេសចរ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ គឺជា​ពេលវេលា​សមស្របក្នុងការ​ជួសជុល និង​ធ្វើ​ផ្លូវ ដូច​នៅ​ក្រុងព្រះសីហនុ​។ ពោលគឺ​ស្ងប់ ស្ងាត់​អ្នកទេសចរ ចរាចរណ៍​ក៏​មិនសូវ​មមាញឹក ដែល​អំណោយផល​ដល់​ដំណើរការ​សាងសង់ផ្លូវ​។​

​នៅពេល​វិបត្តិ​កូ​វីដ​១៩ បញ្ចប់ គឺ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ សាងសង់​ចប់ ដាក់​ឲ្យ​ប្រើប្រាស់​បម្រើដល់​វិស័យ​ទេសចរណ៍​ល្មម​។ ដូចគ្នានេះដែរ បើសិនជា​នៅ​ខេត្តសៀមរាប ក្នុង អំឡុងពេល កូ​វីដ​នេះ អាច​សាងសង់​ផ្លូវ​ទាំង ៣៨​ខ្សែ​បាន​មែន នោះ​ក៏​ជា​ឱកាសល្អ ដូច​នៅ​ខេត្ត​ព្រះសីហនុ ដែរ​។ ពោលគឺ​នៅពេល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចាប់ផ្តើម​ធ្វើដំណើរ​កម្សាន្ត​ឡើងវិញ គឺ​ផ្លូវ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍នៅ​តំបន់​អង្គរ​យើង ក៏​អាច​រួចរាល់​។

​តែមួយ​ផ្នែក​ទៀត នៅពេលនេះ ជា​រដូវភ្លៀង ដែលជា​ឧបសគ្គ​មួយក្នុងការ​ស្ថាបនា​ផ្លូវ​។ ម្យ៉ាង​វិបត្តិ​កូ​វីដ​១៩ បាន​ជះឥទ្ធិពល​លើ​គ្រប់​វិស័យ ដែល​អាចជា​បញ្ហា​មួយ​លើ​ផ្នែក​ថវិកា សម្រាប់​ការដ្ឋាន​សាងសង់​ផ្លូវ នាពេលនេះ​។

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​ជំនាញ​និង​ក្រសួង សាធារណការ និង​ដឹកជញ្ជូន អាច​ចាប់ផ្តើម​ពី​ពេលនេះ ពិនិត្យ សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​លើក​គម្រោង​ចំណាយ ក្នុងពេល​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋមន្ត្រី​សាធារណការនិង​ដឹកជញ្ជូន ស្វះ​ស្វែងរក​ថវិកា បើ​មាន​លទ្ធផល​គ្រប់គ្រាន់ នោះ​ការដ្ឋាន​សាងសង់​ជួសជុលផ្លូវ​នៅ​ខេត្តសៀមរាប អាច​ដំណើរការនៅពេល​ឆាប់ៗ ឬក៏​ចប់​រដូវវស្សា​នេះ ក៏បាន​។​

​នៅពេល​ផ្លូវ​ស្អាត ធំ​ទូលាយ ក៏​ជា​កត្តា​ទាក់ទាញ​មួយដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដូច​នៅ​ខេត្ត​ព្រះសីហនុ​។ ពោលគឺ​នៅពេល​ការដ្ឋាន​រួចរាល់​ទាំងស្រុង គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មិនតិច​ទេដែល​ចង់​ទៅលេង​ទឹកដី​សមុទ្រ ក៏ដូចជា​ទឹកដី​អង្គរ​ដ៏​បវរ​របស់​យើង​។ ប៉ុន្តែ​គុណភាពផ្លូវ ដែល​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាន់ខ្ជាប់​កន្លងមក ក៏ត្រូវ​អនុវត្ត​លើ​ការដ្ឋា​ន​សាងសង់​ផ្លូវ​ស្ពាន​ទាំងអស់ នៅ​ទូទាំងប្រទេស មិន​ថានៅ​ខេត្ត​ព្រះសីហនុ ឬក៏​នៅ​ការដ្ឋានក្នុង​ទីក្រុង​សៀមរាប​យើង​នោះទេ​៕ ដោយៈ​ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ