សភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង​នៅពេល​អាម៉េរិក​ដក​ឋានៈ​ពិសេស​និង​ចាប់ផ្តើម​រឹតត្បិត​លើ​ហុងកុង​

171
ចែករម្លែក

​សភា​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មិថុនា​ បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ដោយ​កំណត់​ដំណាក់កាល​ផ្លាស់ប្តូរ​ទូទៅ​បំផុត​មួយ​ចំពោះ​របៀប​រស់នៅ​របស់​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​​មួយ​នេះ ចាប់តាំងពី​ពេល​វា​ត្រូវបាន​ប្រគល់​ឲ្យចិន​គ្រប់គ្រង​វិញ​កាលពី​២៣​ឆ្នាំមុន​។​

​ទូរទស្សន៍​Cable TV​ដែល​និយាយ​យោងតាម​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ច្បាប់​នេះ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​អនុម័ត​ជា​ឯកច្ឆន្ទ​។​

​ការអនុម័ត​ប្រើ​ច្បាប់​នេះ​នឹង​រុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​ប្រឈមមុខ​នឹង​អាម៉េរិក អង់គ្លេស និង​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​ផ្សេងទៀត​កាន់តែខ្លាំង ដោយសារ​ពួកគេ​ចោទប្រកាន់ថា ការអនុវត្ត​​ន៍ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យសឹក​រិល​ស្វ័យភាព​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ ។​

​តែ​រដ្ឋាភិបាល​ចិន​ប៉េកាំង​និយាយថា ការ​ចេញ​ច្បាប់​នេះ​ជា​ការឆ្លើយតប​នឹង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ដែល​ច្រើន​តែ​ប្រែជា​ហិង្សា​កាលពី​ឆ្នាំមុន ក្នុង​បំណង​ដោះស្រាយ​ការ​ធ្វើ​វិទ្ធង្សនា​​ភេរវកម្ម ការផ្តាច់​ទឹកដី​និង​ការ​សមគំនិត​ជាមួយ​កម្លាំង​បរទេស​។​

​ជា​ការឆ្លើយតប​នឹង​ការអនុម័ត​ច្បាប់​នេះ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​សរសេរ​បង្ហោះ​ថា អាម៉េរិក​នឹង​បញ្ចប់​ការនាំ​គ្រឿង​បរិក្ខារ​យោធា​និង​បច្ចេកវិទ្យា​ប្រើ​បាន​២​ទិស ទៅឲ្យ​ហុង​​កុង ។​លោក​ថា វិធានការ​នេះ​ត្រូវតែ​ប្រកាន់យក ដើម្បី​ការពារ​សន្តិសុខ​ជាតិ​អាម៉េរិក​។​

​មុន​នេះ​លោក​ផ​មផេវ​បានព្រមានថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នានា​ដែល​អាម៉េរិក​មាន​ជាមួយ​ហុងកុង ជា​កិច្ចព្រមព្រៀង​ដែល​ផ្សេង​ពីអ្វី​ដែល​អាម៉េរិក​មាន​ជាមួយ​ចិន​ប៉េ​​កាំ​ង ពោលគឺ​«​អាម៉េរិក​នឹង​ចាត់ទុក​ហុងកុង​ដូចគ្នា​នឹង​ចិនដីគោក​របស់​បក្ស​កុំ​ម្មុនី​ស្ត​ចិន​»​ដែរ​។​

​លោក​ផ​មផេវ​បាន​បន្តថា «​ប្រធានាធិបតី​ត្រាំ​បានបញ្ជាក់​ច្បាស់​ថា​ បក្ស​កុំម្មុយនីស្ត​ចិន​ចាត់ទុក​ហុងកុង​ដូចគ្នា​នឹង​ក្រុង​សៀង​ហៃ​និង​ក្រុង​សិន​ចិន​ដែរ​។​យើង​ក៏​នឹង​ចាត់ទុក​វា​ដូចគ្នា​ដែរ​។​យើង​មាន​កិច្ច​ព្រម​​ព្រៀង​ខុសពី​គេ​ជាច្រើន​ជាមួយ​ហុងកុង ខុស​ពី​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ប៉េកាំង​។​យើង​នឹង​ដក​វា​ចេញ​មួយ​ម្តងៗ​»​។​

​ក្រោយ​រដ្ឋមន្ត្រីការបរទេស​ប្រកាស​ដូច្នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក​លោក វី​ល​ប៊ឺ រ៉ូ​ស បានប្រកាស​«​ផ្អាក​ច្បាប់​ទាំងឡាយណា​ដែល​ផ្តល់​ភាព​អនុគ្រោះ​ចំពោះ​ហុងកុង​ជាង​ចិន​» ដូចជា​ការលើកលែង​អាជ្ញា​​បណ្ណ​នាំចេញ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា «​ចំណាត់កា​រលើ​ភាពអនុគ្រោះ​ផ្សេងទៀត​ក៏​កំពុង​ត្រូវ​អាជ្ញាធរ​អាម៉េរិក​វាយតំម្លៃ​។​យើង​ទទូច​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​និន្នាការ​នេះ​និង​បំពេញ​ការសន្យា​​របស់​ខ្លួន​ចំពោះ​ប្រជាជន​ហុងកុង និង​ពិភពលោក​»​។​

​ដោយ​ថ្កោលទោស​វិធានការ​របស់​អាម៉េរិក រដ្ឋាភិបាល​ចិន​តែងតែ​និយាយថា ហុងកុង​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន​និង​សុំ​កុំឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​៕៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ថ្កោលទោស​ចិន​ប៉េកាំង​ចំពោះ​«​ការ​ចេញ​ច្បាប់​បញ្ចប់​សេរីភាព​នៅ​ហុងកុង​» និង​បាន​ព្រមាន​ថា អាម៉េរិក​នឹង​ចាត់ទុក​ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន​ដីគោក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ