ពលរដ្ឋក្រីក្ររស់នៅក្រុងខេមរភូមិន្ទ កំពុងសម្រុកទៅសាលាសង្កាត់ផ្ទៀងផ្ទាត់បណ្ណសមធម៌

118
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក និងជនងាយរងគ្រោះអំឡុងពេលជំងឺកូវីដ១៩ បាននឹងកំពុងនាំគ្នាសម្រុកទៅសាលាសង្កាត់នីមួយក្នុងក្រុងខេមរភូមិន្ទ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចជាមួយអាជ្ញាធរមូលដ្ឋាន មុននឹងទទួលបានការបើកសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា។

ខណៈពេលមានតម្រូវការថវិកាមកផ្គត់ផ្គង់ជីវភាពរស់នៅ និងតាមលក្ខខណ្ឌរបស់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គេសង្កេតឃើញមានចំនួនប្រជាពលរដ្ឋច្រើននាក់ បានប្រញាប់ប្រញាល់ធ្វើដំណើរមកសាលាសង្កាត់នានា ដោយដៃកាន់ភ្ជាប់សំណៅឯកសារផ្លូវការរបស់ខ្លួនមកពិនិត្យជាមួយអាជ្ញាធរ។

អ្នកស្រី ឡេង សារុន ពលរដ្ឋក្រីក្រកម្រិត១ និងអ្នកស្រី អ៉ិត ដានី ពលរដ្ឋក្រីក្រកម្រិត២ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានលើកឡើងថា មូលហេតុដែលពួកគាត់ប្រញាប់មកកាន់សាលាសង្កាត់នេះ ក៏ព្រោះតែចង់ដឹងឱ្យច្បាស់លាស់ពីព័ត៌មាន ជៀសវាងរងការនូវចោទប្រកាន់ថាក្លែងបន្លំមិនជាអ្នកក្រ មុននឹងពួកគាត់អាចបើកថវិកាបាននៅតាមភ្នាក់ងារវីងវេលុយគ្រប់សាខា ស្របពេលដែលរាជរដ្ឋាភិបាលបញ្ចូនថវិកាឧបត្ថម្ភលើកទឹកចិត្តអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

ក្រុមប្រជាពលរដ្ឋដដែល ចាត់ទុកការទទួលបានថវិកាឧបត្ថម្ភពីប្រមុខរដ្ឋាភិបាលនៅពេលនេះ គឺអាចជួយសម្រួលការលំបាកបានមួយគ្រាធំ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែសមាជិកគ្រួសារសុទ្ធតែមនុស្សចាស់ជរា និងជនពិការភាពជាដើម។

ដោយមិនអាចបំភ្លេចគុណ ប្រជាពលរដ្ឋ ក៏សម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលសម្តេចតែងគិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ មិនថាតែអំឡុងពេលជំងឺកូវីដកើតមាននោះទេ។

មកទល់ពេលនេះ មានស្ថិតិប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកកម្រិត១ និងក្រ២សរុបជាង១.០៣៥គ្រួសារ ដោយស្មើនឹងការចំណាយថវិកា២២៩លានរៀល។ លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សមន្ទីរសង្គមកិច្ចខេត្តកោះកុង បានឱ្យដឹងដែរថា ទោះយ៉ាងណាដើម្បីធានាបានសមធម៌ និងគ្មានភាពលម្អៀង ទើបមានជាយន្តការផ្ទៀងផ្ទាត់បណ្ណក្រីក្រជូនពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ មុននឹងអនុញ្ញាតឱ្យពួកគាត់ទៅទទួលបើកសាច់ប្រាក់ឧបត្ថម្ភរាល់ខែម្តងពីរាជរដ្ឋាភិបាល។

បើតាមលោក សាក់ សំណាង ថ្លែងទៀតថា ចាប់តាំងពីថ្ងៃអនុវត្តដំបូងកាលពីថ្ងៃទី២៥ ខែមិថុនា មកទល់ម៉ោងនេះ គឺប្រជាពលរដ្ឋដែលទទួលអត្ថប្រយោជន៍ពីការគិតគូររបស់រាជរដ្ឋាភិបាល បានមកពិនិត្យបណ្ណសមធម៌ប្រព្រឹត្តដោយដំណើរការល្អប្រសើរ គ្មានទេការគំរាមកំហែង ឬក៏ការទាមទារពីអាជ្ញាធរមូលដ្ឋានណាមួយឡើយ។

លោក សាក់ សំណាង អំពាវនាវដែរប្រសិនបើមានការផ្ទៀតផ្ទាត់បណ្ណក្រីក្រជូនពលរដ្ឋម្នាក់ៗថាពិតជាត្រឹមត្រូវច្បាស់លាស់មែនហើយនោះ តែបែរជាពួកគាត់មិនអាចបើកសាច់ប្រាក់ពីភ្នាក់ងារវីងបាន សូមប្រញាប់មកទាក់ទងព័ត៌មានមកកាន់មន្ទីរសង្គមកិច្ច ឬអាជ្ញាធរភូមិឃុំសង្កាត់ ដើម្បីសម្រួលដោះស្រាយទាន់ពេលវេលា។

រៀងរាល់ខែចាប់ពីថ្ងៃទី២៥ទៅ ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលមានបណ្ណសមធម៌បញ្ជាក់ពីភាពក្រីក្រ អាចទៅបើកថវិកាបានតាមកម្មវិធីឧបត្ថមសាច់ប្រាក់របស់រាជរដ្ឋាភិបាលអំឡុងពេលជំងឺកូវីដនៅតាមភ្នាក់ងារវីងវេលុយគ្រប់សាខា។

រាជរដ្ឋាភិបាលបានបញ្ចូនសាច់ប្រាក់ចំនួន១២៥លានដុល្លារទៅកាន់គោលដៅ សម្រាប់ក្នុងរយៈពេល៥ខែរួចហើយ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះជិត ៦០ ម៉ឺនគ្រួសារ ដែលមានមនុស្សប្រមាណ ២ លាន ៣ សែននាក់ ក្នុងអំឡុងពេលមានការរាត្បាតនៃជំងឺកូវីដ១៩។

សម្តេចតេជោ ក៏បានចាត់ទុកថា នេះគឺជាជំនួយសង្គមនៅពេលមានវិបត្តិនៃជំងឺកូវីដ ១៩ ដោយមិនមែនជាការចិញ្ចឹមរបស់រដ្ឋជាអចិន្រៃ្តយ៍នោះទេហើយប្រជាពលរដ្ឋដែលមានលទ្ធភាពអាចប្រកបអាជីវកម្ម ឬការងារបានគួរតែបន្តសកម្មភាពរបស់ខ្លួនដោយមិនត្រូវពឹងអាស្រ័យតែទៅលើប្រាក់ឧបត្ថម្ភនេះទេ៕/b

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ