កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នេះនៅសៀមរាប​នឹង​ផ្តោតលើ​អ្វីខ្លះ​?

1209
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាបៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នៅ​ខេត្ត​សៀមរាប​នា​ថ្ងៃទី​៥​ខែមេសា​នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ,​ឡាវ​,​វៀតណាម និង​តំណាង​មកពី​ប្រទេស​ចិន​,​មី​យ៉ាន់​មា​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នេះ​ផង​ដែរ​។​

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គឡាវ, រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គថៃ, រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គវៀតណាម តំណាងដៃគូសន្ទនា ចិន មីយ៉ាម៉ា តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ សរុប ១៥០ រូប (រូបក្រសួងធនធានទឹក)

យោងតាម​ឯក​សារបាន​បញ្ជាក់ថា​កិច្ចប្រជុំ​កំពូល​លើក​នេះ​គោលបំណង​បី​សំខាន់ៗ​។​ទី​១.​ដើម្បី​គូសបញ្ជាក់ សារ​ជាថ្មី​អំពី​តួនាទី​ភារកិច្ច​និង​បេសកកម្ម​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​និង​ដើម្បី​លើកកម្ពស់​ជា​បន្ថែមទៀត​នូវ​ការ​ពិគ្រោះ​យោបល់​ជា​ចំហ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​អាង​ទន្លេមេគង្គ​។​ទី​២.​ដើម្បី​ទទួលស្គាល់​នូវ​វឌ្ឍនភាព​ការ​រួមចំណែក​និង​សមិទ្ធិផល​ដែល​គណៈកម្មការ​ទន្លេមេគង្គ​សម្រេចបាន​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការថែរក្សា​សន្ដិភាព បើទោះបីជា​ប្រទេស​ជា​សមាជិក​មាន​ផលប្រយោជន៍ គោលជំហរ និង​ការអភិវឌ្ឍ​ខុសៗ​គ្នា​យ៉ាងណាក៏ដោយ​និង​ទី​៣.​ដើម្បី​ជំរុញ​លើកកម្ពស់​ជា​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​​​​ប្រឈម​នានា​ដែល​កំពុង​បន្ដ​កើតមាន​និង​ច្បាម​យក​កាលា​នុ​វត្ថ​ភាព​ដើម្បី​អាង​ទន្លេមេគង្គ​មួយ​មាន​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច​យុត្ដិធម៌​សង្គម​និង​បរិស្ថាន​ល្អ​ដែល​រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​របស់​សហប្រជាជាតិ លើ​ផ្នែក​ការកាត់បន្ថយ​ភាពក្រីក្រ​កំណើន សេដ្ឋកិច្ច​សន្ដិសុខ​ស្បៀង​ការផលិត​ថាមពល​ក្នុងតម្លៃ​សមស្រប​និង​អាច​ជឿទុកចិត្ត​បាន​និង​បម្រែបម្រួល​អាកាសធាតុ​។

កិច្ចប្រជុំ​កំពូល​នេះ​នឹងមាន​ការអនុម័ត​សេចក្ដីថ្លែងការណ៍​ក្រុង​សៀមរាប​ដែល​ឆ្លុះបញ្ចាំង នូវ​ការប្តេជ្ញាចិត្ត ផ្នែក​នយោបាយ​កម្រិត​ខ្ពស់ របស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ក្នុងការ​បន្តធ្វើ​ឲ្យ​ប្រសើរ នូវ​កិច្ច​សហប្រតិបត្តិការ​តំបន់ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។​

​ដោយឡែក​នៅក្នុង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​មេគង្គ​បាន​ឲ្យ​ដឹងថា​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ម្សិល​មិញ បានបញ្ចប់​នូវ​ការរៀបចំ សន្និសីទ​អន្តរជាតិ​រយៈពេល​២ ថ្ងៃ​របស់ខ្លួន​ពីថ្ងៃ​ទី ២​ដល់ ៣ ខែមេសា​ជាមួយ​អនុសាសន៍​មួយចំនួន​សម្រាប់​ការ​អភិ​វ​ឌ្ឍ​អាង​ទន្លេមេគង្គ​ក្រោម​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​។​

​សន្និសីទ​នេះ​បាន​ទាក់ទាញ​អ្នកពាក់ព័ន្ធ​ចំនួន​ប្រមាណ​ជា​៤០០​នាក់​មកពី​រដ្ឋាភិបាល​ប្រទេស​នានា​អង្គការ​មិន​មែន​រដ្ឋាភិបាល​អង្គការ​មិនមែន​រដ្ឋាភិបាល​វិស័យ​អប់រំ​វិស័យ​ឯកជន​និង​អង្គការ​អាង​ទន្លេ​ដទៃទៀត​ដែល​ពួកគេ​បាន​បង្កើត​នូវ​អនុសាសន៍​រួមគ្នា​ដើម្បី​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង​ភាពជា​ដៃគូ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) តំបន់​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​អាង​ទន្លេមេគង្គ​ក្រោម​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង​ការរួមបញ្ចូល​គ្នា​រវាង​កត្តា​សមត្ថភាព​និង​ទស្សនវិស័យ​ផ្សេងៗ​គ្នា​,​ការរួមចំណែក​របស់​តំបន់​និង​ការចូលរួម​ក្នុង​ភាពជា​ដៃគូ​ដ៏​មាន​អត្ថន័យ​ដើម្បី​បង្កើន​ឱកាស​និង​ដោះ​ស្រាយ​បញ្ហា​នៅ​អាង​ទន្លេមេគង្គ​។

​គណៈកម្មការ​ទន្លេមេគង្គ​បាន​អះអាងថា អ្នកចូលរួម​ក្នុង​សន្និសីទ​បាន​រកឃើញថា​ការសិក្សា​រយៈពេល ប្រាំមួយ​ឆ្នាំ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ដែល​បានបញ្ចប់​ក្នុងពេល​ថ្មីៗ​នេះ​ស្តីពី​ការអភិវឌ្ឍន៍​និង​ការគ្រប់គ្រង​ប្រកប​ដោយ​​​ចីរភាព​នៃ​ទន្លេមេគង្គ​ដែល​គេ​ស្គាល់​ថា​ជាការ​សិក្សា​ប្រឹក្សា​យោបល់​ស្តីពី​ការ​អភិ​វ​ឌ្ឈ​ន៍​នៅក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម​នៅមាន​ចន្លោះប្រហោង​ប៉ុន្តែ​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ទាំង​ផលប្រយោជន៍​ជា​វិជ្ជមាន​និង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការអភិវឌ្ឍ​។

​ប្រភព​ដដែល​បាន​បន្តថា​ការដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​ឆ្លងដែន​នឹង​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង​បង្កើន​គម្រោង​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ធំ​បំផុត​និង​ការចំណាយ​លើ​វិធានការ​កាត់បន្ថយ​និង​វាយតម្លៃ​ទីតាំង​ជំនួស​និង​ការ​រចនា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់ទង​នឹង​ទឹក ថាមពល ស្បៀង​អាហារ​នៅក្នុង​តំបន់​។

​ប្រភព​ដដែល​បាន​បន្តថា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​ក្នុង​ការមិន​ត្រឹមតែ​បំពេញ​តាម​ការប្តេជ្ញាចិត្ត​ជាតិរ​បស់​ពួកគេ​ចំពោះ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ស្តីពី​ទឹក​នោះទេ ក៏ប៉ុន្តែ​ក៏​យកចិត្តទុកដាក់ លើ​បញ្ហា ភាពក្រីក្រ ភាពអត់ឃ្លាន យេនឌ័រ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួល​អាកាស​ធាតុ បរិស្ថាន សន្តិភាព​និង​ស្ថាប័ន ព្រមទាំង​ភាពជា​ដៃគូ​ផងដែរ ៕​មន​

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម