តាលីបង់បញ្ជាក់ការតាំងចិត្តគោរពកិច្ចព្រមព្រៀងជាមួយអាម៉េរិកក្នុងការតេទូរស័ព្ទជាមួយលោកផមផេវ

135
ចែករម្លែក

អ្នកនាំពាក្យរបស់ក្រុមតាលីបង់បាននិយាយថាតាលីបង់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងខែកុម្ភៈក្នុងការកាត់បន្ថយសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងអំឡុងពេលនៃការតេទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ។

ការពិភាក្សានេះបានធ្វើឡើងខណៈដែលប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងដើម្បីពន្យល់ពីមូលហេតុដែលគាត់មិនបានធ្វើអ្វីសោះបន្ទាប់ពីទទួលដំណឹងថាចារកម្មរុស្ស៊ីបានផ្តល់សាច់ប្រាក់ដល់ពួកសកម្មប្រយុទ្ធដែលជាប់ទាក់ទងនឹងតាលីបង់ដើម្បីសម្លាប់ទាហានអាម៉េរិក។

ក្រុមតាលីបង់បានបដិសេធថាយុទ្ធជនរបស់ពួកគេមិនបានទទួលលុយពីរុស្ស៊ីទេហើយប្រធានក្រុមអ្នកចរចាដែលមានមូលដ្ឋាននៅប្រទេសកាតាលោក មូលឡា អាប់ឌុល ហ្គានី បារ៉ាដា បានអះអាងជាថ្មីថា ពួកគេសន្យាមិនធ្វើការវាយប្រហារលើអាម៉េរិកឡើយ។

អ្នកនាំពាក្យតាលីបង់លោក ស៊ូហាអ៊ីល សាហ៊ីន បាននិយាយកាលពីថ្ងៃចន្ទទី២៩មិថុនាក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ថា លោកបារ៉ាដាបានប្រាប់លោកផមផេវថា “យោងតាមកិច្ចព្រមព្រៀងយើងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ដីអាហ្វហ្គានីស្ថានប្រឆាំងនឹងសហរដ្ឋអាម៉េរិកនិងប្រទេសដទៃឡើយ”។

កាសែតញូវយ៉កថែមស៍ ដែលស្រង់សម្តីមន្ត្រីអនាមិក បានរាយការណ៍កាលពីសប្តាហ៍មុនថា លោកត្រាំបានជ្រាបដំណឹងអំពីការផ្តល់ជូនប្រាក់របស់រុស្ស៊ីដែលបានចោទប្រកាន់នោះ ប៉ុន្តែគាត់មិនបានធ្វើអ្វីសោះដើម្បីជាការឆ្លើយតប។

លោកត្រាំបានបដិសេធថាគាត់មិនមានអ្នកជូនដំណឹងអំពីរឿងនេះឡើយខណៈសេតវិមានបាននិយាយថាការអះអាងនេះត្រូវគេលាក់ពីគាត់ ពីព្រោះក្រុមចារកម្មយល់ថាដំណឹងនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់។

ប៉ុន្តែរបាយការណ៍មួយផ្សេងទៀតពីកាសែតដដែលកាលពីថ្ងៃចន្ទបានសរសេរថា ប្រធានាធិបតីបានទទួលរបាយការណ៍អំពីប្រាក់រង្វាន់របស់រុស្ស៊ីដែលត្រូវបានចោទប្រកាន់នោះតាំងពីដើមខែកុម្ភៈមកម៉្លេះ។

នៅខែនោះសហរដ្ឋអាម៉េរិកបានសន្យាថានឹងដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅពាក់កណ្តាលឆ្នាំ ២០២១ ជាថ្នូរនឹងការធានាសន្តិសុខក្នុងគោលបំណងបើកផ្លូវសម្រាប់ការចរចារវាងភាគីជម្លោះ។

ក្រោមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមិនរាប់បញ្ចូលរដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះ របបក្រុងវ៉ាស៊ីនតោននិងពួកសកម្មប្រយុទ្ធតាលីបង់បាននិយាយថាពួកគេនឹងមិនវាយប្រហារគ្នាទេ។

អ្នកនាំពាក្យតាលីបង់បាននិយាយថា លោកបារ៉ាដានិងលោកផមផេវបានពិភាក្សាអំពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងនេះរួមទាំងកិច្ចពិភាក្សារវាងអ្នកនៅក្នុងអាហ្វហ្គានីស្ថាននិងការដោះលែងក្រុមបះបោរ ៥.០០០ នាក់ដែលជាប់ពន្ធនាគារ៕ ដោយ៖ កញ្ញាដាលីស

ពួកតាលីបង់អះអាងគោរពតាមកិច្ចព្រមព្រៀងជាមួយអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ