អ៊ីរ៉ង់​ចេញ​ដីកាចាប់ខ្លួន ដូ​ណា​ល់ ត្រាំ​ជុំវិញ​ការវាយប្រហារ​សម្លាប់​ឧត្តមសេនីយ៍រប​ស់​ខ្លួ​ន​

90
ចែករម្លែក

​រដ្ឋអាជ្ញា​អ៊ីរ៉ង់​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​ថា​អ៊ីរ៉ង់​បានចេញ​ដីកាចាប់ខ្លួន​ហើយ​បាន​ស្នើ​ឱ្យ​ប៉ូលិស​អន្តរជាតិ (​ប៉ូលិស​អាំងទែ​ប៉ូល​) ជួយ​ចាប់​ខ្លួន​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​និង ​មនុស្ស​រាប់​សិប​នាក់​ទៀត​ដែល​ខ្លួន​ជឿថា​ពាក់ព័ន្ធ​ការវាយប្រហារ​តាមរយៈ​យន្តហោះ​ដ្រូ​ន​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​ម្នាក់ នៅ​ទីក្រុង​បា​ដា​ត ប្រទេស​អ៊ីរ៉ាក់​។​

​ខណៈពេលដែល លោក ដូ​ណា​ល់ ត្រាំ មិន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការចាប់ខ្លួន​នោះ ការចោទប្រកាន់​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​ចាប់តាំងពី ​លោក ដូ​ណា​ល់ ត្រាំ បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុងតេ​រ៉ង់​ជាមួយ​ក្រុម​ប្រទេសមហា​អំណាច​ពិភពលោក​។​

​សារព័ត៌មាន​អ៊ីរ៉ង់​IRNA បាន​រាយការណ៍​ថា រដ្ឋអាជ្ញា​ក្រុងតេ​ហេ​រ៉ង់ លោក​អា​លី អាល់​កាស៊ី​មេ បាន​និយាយថា​លោក ដូ​ណា​ល់​ត្រាំ និង​មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត​ដែល​អ៊ីរ៉ង់​ចោទប្រកាន់ថា​បាន​​ចូលរួម​ក្នុង​ការវាយប្រហារ​កាល​ពី​ថ្ងៃទី​០៣ ខែ​មករា​ដែល​បានសម្លាប់ ឧត្តមសេនីយ៍​អ៊ីរ៉ង់​លោក កា​សេម សូ​ឡេ​ម៉ានី​នៅ​ទីក្រុង​បា​ដា​ត ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​មនុស្សឃាត​និង​ភេរវកម្ម​។​

​លោក​អា​លី អាល់​កាស៊ី​មេ មិនបាន​កំណត់​អត្តសញ្ញាណ​អ្នកណា​ផ្សេង​ទៀត​ក្រៅ​តែ​ពី​លោក ដូ​ណា​ល់​ត្រាំ នោះទេ ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា អ៊ីរ៉ង់​នឹង​បន្ត​ការកាត់ទោស​របស់​លោក​បើទោះបីជា​តំណែង​ប្រ​​ធានា​ធិបតី​របស់លោក បញ្ចប់​ទៅ​ក៏​ដោយ​។​

​ប៉ូលិស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​លី​យ៉ុង ប្រទេស​បារាំង មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ​។​

​លោក​អា​លី អាល់​កាស៊ី​មេ​ក៏​ត្រូវបាន​ដកស្រង់​សម្តី​ផងដែរ​ដែល​បាន​និយាយថា អ៊ីរ៉ង់​បាន​ស្នើ​ឱ្យមាន​ដីកាចាប់ខ្លួន​បន្ទាន់​” និវេទ​ក្រហម​” ដែល​ចេញ​ដោយ​ប៉ូលិស​អន្តរជាតិ សម្រាប់​ចាប់ លោក​ដូណាល់​ត្រាំ និង​អ្នក​ផ្សេងៗ​ទៀត ។​សេចក្តីជូនដំណឹង​នេះ​មិន​អាច​បង្ខំ​ប្រទេស​ណាមួយ​ឱ្យ​ចាប់ខ្លួន​ឬ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​បាន​ទេ​ប៉ុន្តែ​អាចដាក់​មេដឹកនាំ​រដ្ឋាភិបាល​នោះ​នៅនឹងកន្លែង​និង​កំណត់​កម្រិត​ការ​​ធ្វើ​ដំណើរ​របស់​ជន​សង្ស័យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ៊ីរ៉ង់​ទាមទារ​ចាប់ខ្លួន​ត្រាំ ចំពោះ​ការស្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់ កា​សេម សូ​ឡេ​ម៉ានី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ