យុទ្ធនាការបោះឆ្នោតនៅសិង្ហបុរីចាប់ផ្តើម តែប្អូនប្រុសរបស់នាយករដ្ឋមន្ត្រីដែលចុះចូលបក្សប្រឆាំង មិនបានឈរឈ្មោះទេ

285
ចែករម្លែក

ប្អូនប្រុសរបស់នាយករដ្ឋមន្រ្តីសិង្ហបុរីលីសៀនឡុងមិនបានឈរឈ្មោះនៅក្នុងការបោះឆ្នោតទូទៅនៅខែក្រោយនោះទេប៉ុន្តែបាននិយាយនៅថ្ងៃអង្គារទី៣០មិថុនានេះថាលោកសង្ឃឹមថានឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្តូរនៅពេលដែលយុទ្ធនាការបានចាប់ផ្តើម។

លោកលីសៀនយ៉ាងដែលបាននាំជម្លោះគ្រួសាររបស់គាត់ចូលក្នុងរឿងនយោបាយដោយចូលរួមជាមួយគណបក្សប្រឆាំងបាននិយាយថា គណបក្សសកម្មភាពប្រជាជន (PAP) បាន “វង្វេងផ្លូវ” តាំងពីឪពុករបស់លោកឈ្មោះ លីក្វាន់យូ នៅជានាយករដ្ឋមន្ត្រី។ ដោយវាយសំពងលើបងប្រុសរបស់គាត់ គាត់បាននិយាយថាភស្ដុតាងជាក់ស្តែងបានបង្ហាញថានយោបាយតពូជពង្សនាំឱ្យមានរដ្ឋាភិបាលអាក្រក់ ហើយថ្នាក់ដឹកនាំសិង្ហបុរីបានធ្វើឱ្យប្រជាជនបរាជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើ Facebook លោក លី សៀនយ៉ាង អាយុ៦២ ឆ្នាំ បាននិយាយថា “ខ្ញុំបានជ្រើសរើសមិនឈរឈ្មោះសម្រាប់តំណែងនយោបាយទេពីព្រោះខ្ញុំជឿថាសិង្ហបុរីមិនត្រូវការត្រកូលលីម្នាក់ផ្សេងទៀតទេ។ ខ្ញុំមិនស្វែងរកអំណាចកិត្យានុភាពឬរង្វាន់ហិរញ្ញវត្ថុពីការិយាល័យនយោបាយទេ។ ខ្ញុំសង្ឃឹមថានឹងក្លាយជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ”។

លោកបានបន្ថែមទៀតថា “យើងត្រូវការគំនិតថ្មីៗដើម្បីពង្រឹងប្រទេសសិង្ហបុរី។ យើងត្រូវតែមានការពិភាក្សាពិតប្រាកដនិងការជជែកវែកញែកយ៉ាងហ្មត់ចត់ដែលពាក់ព័ន្ធនឹងសំឡេងចម្រុះរបស់សិង្ហបុរី នៅពេលយើងស្វះស្វែងកាច់ចង្កូតនាវានៅចំពោះទឹករលកធំៗនៅខាងមុខ”។

គណបក្ស PAP ដែលគ្រប់គ្រងប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៥៩ ត្រូវបានគេកោតសរសើរចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនប៉ុន្តែក៏ត្រូវបានគេរិះគន់ផងដែរចំពោះការបំបិទសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនិងសំឡេងប្រឆាំង។ បក្សនេះបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០១៥ ដោយទទួលបានសំឡេងគាំទ្រ ៦៩,៩% និងទទួលបាន ៨៣ លើ ៨៩ អាសនៈសភា។ ឆ្នាំនេះ គណបក្ស PAP ប្រឈមនឹងការប្រកួតប្រជែងសម្រាប់អាសនៈសភាទាំង ៩៣ តែបក្សប្រឆាំងកំពុងបែកបាក់គ្នា។

លោកនាយករដ្ឋមន្រ្តីលីអាយុ ៦៨ ឆ្នាំបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានដាក់ពាក្យបេក្ខភាពរបស់គាត់នៅថ្ងៃអង្គារថា លោកមិនមានការព្រួយបារម្ភអំពីការងាករ៉េរបស់អ្នកបោះឆ្នោតទៅខាងប្អូនប្រុសនោះទេ។ ការបោះឆ្នោតនេះត្រូវគេរំពឹងថាជាការបោះឆ្នោតចុងក្រោយសម្រាប់លោកលី ដែលបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ ២០០៤ ហើយគ្រោងនឹងចូលនិវត្តន៍៕ ដោយ៖ កញ្ញាដាលីស

លោកលី សៀនឡុងមិនបារម្ភអ្នកបោះឆ្នោតងាកទៅរកបក្សប្រឆាំងតាមប្អូនប្រុសនោះទេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ