ភាពមន្ទិលសង្ស័យ​ពី​ដំណើរ​ជីវិត​ឪពុក​ខ្ញុំ​ត្រូវបាន​បញ្ជាក់​ច្បាស់​ ​បន្ទាប់ពី​៤៣​ឆ្នាំ​ដែល​គាត់​បាត់​ខ្លួន​

294
ចែករម្លែក
ស្រ៊ុន សេង​ហ៊​ត
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
ភ្នំពេញៈ​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ប្រជាជន​កម្ពុជា​ដែល​នៅ​រស់រានមានជីវិត​បា​ន​ចាប់ផ្តើម​ស្វែងរក​សាច់ញាតិ​ដែល​បាន​បែក​គ្នា និង​បាត់​ដំណឹង​។ គ្រួសារ​ខ្លះ​បាន​ជួបជុំគ្នា​វិញ គ្រួសារ​ខ្លះទៀត​បាន​ស្លាប់​បាត់បង់​សមាជិកគ្រួសារ និង​បាត់​ដំណឹង​មិនដឹងថា​នៅរស់ ឬក៏​ស្លាប់​រហូតមកដល់​សព្វ​ថ្ងៃ​។ ឪពុក​របស់ ស្រ៊ុន សុ​ទិ​ដ្ឋ ឈ្មោះ ស្រ៊ុន សេង​ហ៊​ត ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន តាំងពី​ឆ្នាំ​១៩៧៧ នៅក្នុង​ខេត្តបាត់ដំបង​។ ចាប់តាំងពី​ពេលនោះ​មក សុ​ទិ​ដ្ឋ មិនដែល​បានទទួល​ដំណឹង​ពី​ឪពុក​របស់គាត់​ឡើយ​។ កន្លងផុត​អស់​រយៈពេល​៤៣​ឆ្នាំ ទើប សុ​ទិ​ដ្ឋ បានទទួល​ដំណឹង​ថា​ឪពុក​របស់ខ្លួន​ត្រូវបាន​បញ្ជូនមក​ឃុំឃាំង និង​សម្លាប់​នៅក្នុង​គុក​ទួលស្លែង​។ សព្វថ្ងៃ ស្រ៊ុន សុ​ទិ​ដ្ឋ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅក្នុង​ខេត្តបាត់ដំបង​មានមុខរ​បរជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភាសា​បាត់ដំបង​។ សុ​ទិ​ដ្ឋ បាន​រៀបរាប់ថា​៖

ស្រ៊ុន សេង​ហ៊​ត
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ចំនួន​ប្រាំ​នាក់ គឺមាន​ស្រី​ម្នាក់ និង​ប្រុស​៤​នាក់​។ ខ្ញុំ​រៀបការ និង​មានកូន​ចំនួន​៤​នាក់​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​។ សព្វថ្ងៃនេះ ម្តាយ​របស់ខ្ញុំ​មាន​អាយុ​៧០​ឆ្នាំ​ហើយ​។ បងប្អូន​ខ្ញុំ​ចំនួន​បួន​នាក់​រួមទាំង​ខ្ញុំ​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ជាមួយគ្នា​។ ចាប់តាំងពី​បាត់​ឪពុក​មក ក្រុមគ្រួសារ​ខ្ញុំ​មិនដែល​បាន​ស៊ើប​សួរដំណឹង​របស់គាត់​ទេ ព្រោះ​យើង​មិនដែល​សង្ឃឹមថា​គាត់​នៅ​រស់រានមានជីវិត​ឡើយ​។ ប៉ុន្តែ​ទោះបីយ៉ាងណា​យើង​នៅតែ​ចង់ដឹង​ពី​ទីកន្លែង​ដែល​គាត់​ស្លាប់ ហើយ​នៅពេល​ដែលមាន​បុណ្យទាន បងប្អូន និង​សាច់ញាតិ​របស់ខ្ញុំ​តែងតែ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​គាត់​។​


.​ការចងចាំ​របស់ខ្ញុំ​នៅក្នុង​របប​ខ្មែរក្រហម​
​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​មាន​អាយុ​ប្រហែលជា​៥​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​អាច​នៅចាំ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់ខ្ញុំ​បាន​ខ្លះៗ​។ នៅពេលនោះ ប្អូនៗ​របស់ខ្ញុំ​ចំនួន​បីនាក់​នៅ​តូចៗ​នៅឡើយ​។ នៅ​អំឡុង​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ជម្លៀស​ក្រុមគ្រួសារ​របស់ខ្ញុំ​ចេញពីផ្ទះ​ឲ្យ​ទៅ​រស់នៅក្នុង​សហករណ៍​មួយ​នៅក្បែរ​ភ្នំ​សំពៅ ក្នុង​ខេត្តបាត់ដំបង​។ ទៅដល់​ទីនោះ ខ្មែរក្រហម​បាន​បំបែក​ក្រុមគ្រួសារ​របស់​ខ្ញុំ​ឲ្យ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​។ ខ្មែរក្រហម​បាន​ហៅ​ឪពុក​របស់ខ្ញុំ​ទៅ​រៀនសូត្រ ហើយ​ក្រោយមក​ក៏​ចាត់តាំង​គាត់​ឲ្យ​ទៅធ្វើ​មេកង​ចល័ត​នៅ​សហករណ៍​ផ្សេង​។ ចំណែក​ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​រស់នៅក្នុង​កងកុមារ ដែល​ក្នុង​ក្រុម​កុមារ​ខ្ញុំ​តូច​ជាងគេ​បង្អស់​។ រីឯ​ម្តាយ​របស់ខ្ញុំ​រស់នៅ​ជាមួយ​ប្អូនៗ​របស់ខ្ញុំ​ចំនួន​៣​នាក់​ទៀត​។ ពេល​រស់នៅក្នុង​កងកុមា​រ ខ្ញុំ​នឹករឭក​ម្តាយ និង​សាច់ញាតិ​របស់ខ្ញុំ​យ៉ាងខ្លាំង​។ ខ្ញុំ​តែងតែ​លួច​រត់​ចេញពី​កងកុមារ​ទៅ​ជួប​ម្តាយ​ជា​ញឹកញយ​។ មាន​ថ្ងៃមួយ មេកង​កុមារ​បានដឹង និង​ទៅប្រាប់​ម្តាយ​របស់ខ្ញុំ​ថា ប្រសិនបើ​ខ្ញុំ​នៅតែ​លួច​រត់​មក​ផ្ទះ​ទៀត​នោះ នឹង​ចាប់​ខ្ញុំ​យកទៅ​សម្លាប់ចោល​ហើយ​។ ម្តាយ​ខ្ញុំ​ភិតភ័យ​យ៉ាងខ្លាំង​។ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​នៅ​កងកុមារ​វិញ ថែមទាំង​កុំ​ឲ្យ​លួច​រត់​មក​ផ្ទះ​ទៀត​។ ខ្ញុំ​មិន​ចង់​រស់នៅក្នុង​កងកុមា​រ​ទៀត​ទេ​។ ដូច្នេះ​ខ្ញុំ​តែងតែ​លួច​រត់​ចេញពី​កងកុមារ​នៅពេល​យប់​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​។​ខ្ញុំ​ដេក​នៅលើ​រោង​ណា​ដែល​គ្មាន​មនុស្ស​រស់នៅ​។ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ជួប​ម្តាយ​និង​សាច់ញាតិ​របស់ខ្ញុំ​ទៀត​ទេ​ព្រោះ​ខ្លាច​គាត់​ស្តីបន្ទោស​។​
​លុះ​ព្រឹក​ឡើង​ខ្ញុំ​ទៅរក​អាហារ​ហូប និង​ត្រឡប់មក​កងកុមា​រវិ​ញ​។ ក្រោយមក​ម្តាយ​របស់ខ្ញុំ​បានដឹង​រឿងនេះ គាត់​បានស្នើ​សុំ​មេកង​ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​ជាមួយ​គាត់​វិញ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ឃ្វាលគោ​។ ខ្ញុំ​តែងតែ​ទៅ​ដឹកគោ​ពី​កង​ភ្ជួរ​បន្ទាប់ពី​ភ្ជួរ​រួច យកទៅ​ឲ្យ​ស៊ី​ស្មៅ ផឹកទឹក និង​លាងជម្រះ​វា​។ ខ្ញុំ​បាន​ដឹកគោ​ទាំង​នោះមក​ឲ្យ​កង​វិញ​នៅពេលដែល​កង​ភ្ជួរ​រាស់​ត្រូវការ​គោ​។ ខ្ញុំ​ធ្វើ​ការងារ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

ស្រ៊ុន សេង​ហ៊​ត
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ចាប់តាំងពី​ឪពុក​របស់ខ្ញុំ​ចេញទៅ ខ្ញុំ​មិនដែល​ឃើញ​គាត់​ត្រឡប់មកផ្ទះ​វិញ​ទេ​។ រហូតដល់​ឆ្នាំ​១៩៧៧ ស្រាប់តែ​ឪពុក​របស់ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​រស់នៅ​ជួបជុំ​គ្រួសារ​វិញ​។ ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​ព្រោះ​បាន​ជួប​ឪពុក​វិញ​។ ប៉ុន្តែ​ខ្ញុំ​មិនដែល​សួរ​គាត់​ថា​តើ​មូល​ហេតុអ្វី​បានជា​គាត់​ត្រឡប់មកវិញ​ទេ​។​ម្តាយ​របស់ខ្ញុំ​ក៏​មិនដែល​បាន​និយាយ​រឿង​អ្វី​ពី​ឪពុក​ខ្ញុំ​ដែរ​នៅពេលនោះ​។ រៀងរាល់ថ្ងៃ ឪពុក​របស់ខ្ញុំ​ត្រូវ​ចេញទៅ​ធ្វើ​ការងារ​ដូច​ប្រជាជន​ដទៃទៀត​នៅក្នុង​សហករណ៍​ដែរ​។
​នៅវេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃមួយ នៅពេលដែល​ឪពុក​ខ្ញុំ​ត្រឡប់​មកពី​ភ្ជួរស្រែ​វិញ គាត់​ក៏បាន​ចេញទៅ​ដងទឹក​អណ្តូង​ក្បែរ​ផ្ទះ​ដោយ​ស្លៀក​តែ​កន្សែង​មួយ​ប៉ុណ្ណោះ​។ ពេលនោះ​ខ្មែរក្រហម​មួយក្រុម​បានមក​ដល់ផ្ទះ​ខ្ញុំ ហើយ​ហៅ​ឪពុក​របស់ខ្ញុំ​ដោយ​ប្រាប់ថា​ឲ្យ​គាត់​ទៅ​ជួយ​លើក​អីវ៉ាន់​នៅក្នុង​ឃ្លាំង រួច​ហើយក៏​នាំ​គាត់​ចេញទៅ​។ នៅ​យប់នោះ​ខ្ញុំ​ដេកលក់​យ៉ាង​ស្កប់ស្កល់ ព្រោះ​ខ្ញុំ​អស់កម្លាំង​បន្ទាប់​មកពី​ឃ្វាលគោ​វិញ​។ ខ្ញុំ​មិនបាន​ឃើញ​ខ្មែរក្រហម​នាំ​ឪពុក​របស់ខ្ញុំ​ចេញទៅ​ទេ ប៉ុន្តែ​ខ្ញុំ​បានឮ​ម្តាយ​របស់ខ្ញុំ​និយាយ​រឿងរ៉ាវ​ទាំងអស់នេះ​ប្រាប់​យាយ​និង​តា​របស់ខ្ញុំ​នៅពេល​ព្រឹក​ឡើង​។​


យាយ​និង​តា​របស់ខ្ញុំ​បាន​ទៅ​សួរនាំ​មេឃុំ​ឈ្មោះ តា​រ៉ា​ក់​នៅឯ​ភ្នំ​សំពៅ ដែល​ធ្លាប់​ស្គាល់គ្នា​នៅក្នុង​ភូមិ ប៉ុន្តែ តា​រ៉ា​ក់ ឆ្លើយថា​មិនបាន​ដឹង​រឿងនេះ​ទេ​។ ចាប់តាំងពី​ពេលនោះ​មក ឪពុក​របស់ខ្ញុំ​ទៅ​បាត់​រហូត​។ នោះ​គឺជា​ការចាកចេញ​លើក​ទី​ពីរ ហើយក៏​ជា​លើកចុងក្រោយ​របស់គាត់​ដែល​ចាក​ចេញពី​យើង​ដែរ​។ ប៉ុន្តែ​យើង​នៅតែ​ទន្ទឹងរង់ចាំ​ផ្លូវ​គាត់​ជានិច្ច​។ ខ្ញុំ​តែងតែ​នឹក​គិតថា តើ​ឪពុក​របស់ខ្ញុំ​បាន​ហូប​អាហារ​ពេល​ល្ងាច​ហើយ​ឬ​នៅមុន​ពេលដែល​ខ្មែរក្រហម​មក​ចាប់គាត់​ចេញទៅ ព្រោះ​ពេលនោះ​គាត់​ទើបតែ​មកពី​ភ្ជួរស្រែ​វិញ​។ បើតាម​ការរៀបរាប់រ​បស់​ម្តាយ​ខ្ញុំ គឺមាន​មនុស្ស​ចំនួន​ពីរ​នាក់​ផ្សេងទៀត​ដែល​ខ្មែរក្រហម​ហៅ​ចេញទៅ​ជាមួយ​ឪពុក​ខ្ញុំ​។ ទីមួយ​គឺ​ឪពុក​របស់ខ្ញុំ ហើយពីរ​នាក់​ទៀត​គឺ​ឪពុកមា​របស់​ម្តាយ​ខ្ញុំ​។ ខ្ញុំ​ចាំបាន​ថា​នៅពេលដែល​ខ្មែរក្រហម​មក​យក​ឪពុក​របស់ខ្ញុំ​ចេញទៅ គឺជា​ពេលដែល​យោធា​និង​កម្មាភិបាល​ខ្មែរក្រហម​ភូមិភាគ​និរតី​បាន​ចូលមក​នៅក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ ហើយក៏​ជា​ពេល​ម្តាយ​របស់ខ្ញុំ​កំពុង​តែមាន​ផ្ទៃពោះ​។ មុនពេល​ឪពុក​របស់ខ្ញុំ​ត្រូវ​ចាប់ខ្លួន ឪពុក​របស់ខ្ញុំ​បាន​កាប់​ឈើ​ដុត​ធ្វើជា​ធ្យូង ទុក​ឲ្យ​ម្តាយ​ខ្ញុំ​ដុត​អាំងភ្លើង​ពេល​សម្រាលកូន​។ បន្ទាប់ពី​បាត់​ឪពុក​របស់ខ្ញុំ ម្តាយ​ខ្ញុំ​រស់នៅ​តស៊ូ​និង​មើលថែរក្សា​កូនតូចៗ​តែម្នាកឯង​។ ម្តាយ​ខ្ញុំ​មិន​ធ្លាប់បាន​សម្រាក​ពី​ការងារ​ទេ ទោះបីជា​គាត់​កំពុងតែ​ពពោះ និង​សម្រាលកូន​រួច​ភ្លាមៗ​ក៏ដោយ​។ ខ្ញុំ​តែងតែ​ឃើញ​គាត់​ទៅ​ដកសំណាប ស្ទូងស្រូវ និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​។ នៅពេល​គាត់​ត្រឡប់មកវិញ​នៅពេល​ល្ងាច គាត់​តែងតែ​លួច​ចាប់​ក្តាម និង​ខ្យង​នៅក្នុង​ស្រែ​យកមក​ផ្ទះ​។​
​នៅពេល​បាត់​ខ្លួន​ឪពុក​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​អ្នកភូមិ​ខ្លះ​បានមក​ប្រាប់​ម្តាយ​របស់ខ្ញុំ​ថា ឲ្យ​ក្រុមគ្រួសារ​របស់ខ្ញុំ​ប្រុងប្រយ័ត្ន​ខ្លួន ព្រោះ​ខ្មែរក្រហម​ចង់​មក​ចាប់​ទាំង​ក្រុមគ្រួសារ​របស់ខ្ញុំ​យកទៅ​ទៀត​។ ពេលនោះ​យើង​រស់នៅក្នុង​ភាពភ័យខ្លាច និង​លំបាក​វេទនា​យ៉ាងខ្លាំង​។ ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​សង្ស័យថា ឪពុក​របស់ខ្ញុំ​ប្រហែល​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​នៅក្នុង​ល្អាង​ភ្នំ​សំពៅ ព្រោះ​ល្អាង​នេះ​គឺជា​ទីកន្លែង​ដែល​ខ្មែរក្រហម​យក​មនុស្ស​ទៅ​សម្លាប់​។​

ឈ្មោះ ស្រ៊ុន សេង​ហ៊​ត លើ​ថ្ម​ម៉ាប​ក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


.​ការស្វែងរក​ឪពុក​
​ទោះបីជា​ក្រុមគ្រួសារ​ខ្ញុំ​បាន​សន្មត​ថា ឪពុក​របស់ខ្ញុំ​ស្លាប់​នៅ​ល្អាង​ភ្នំ​សំពៅ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​នៅតែ ចង់​ស្វែងរក​ដំណឹង​របស់គាត់​ឲ្យ​ច្បាស់លាស់​។ នៅពេលដែល​ខ្ញុំ​អាន​ព័ត៌មាន ហើយ​ប្រទះឃើញ​រូបថត​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ខ្ញុំ​តែងតែ​បើក​មើល​រូបថត​នោះ​ម្តង​មួយៗ​សន្លឹក ក្រែងលោ​ប្រទះឃើញ​រូបថត​ឪពុក​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ប្រទះឃើញ​រូបថត​របស់គាត់​ឡើយ​។ ខ្ញុំ​ក៏​មិនបាន​ដើរ​ស្វែងរក​គាត់​ដែរ ព្រោះ​ខ្ញុំ​មិនដឹងថា​ត្រូវ​ស្វែងរក​តាមរបៀប​ណា​ទៀត​។
​ថ្ងៃមួយ​ខ្ញុំ​បានធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​។ យើង​បានមក​ទស្សនា​សារមន្ទី​ទួលស្លែង​។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់ខ្ញុំ​មកកាន់​សារមន្ទី​ទួលស្លែង​។ ខ្ញុំ​បាន​ដើរ​មើល​ពីមួយ​អគារ​ទៅមួយ​អគារ​ដោយបាន​ប្រទះឃើញ​រូបថត និង​ខ្នោះ​ច្រ​វ៉ា​ក់​សម្រាប់ធ្វើ​ទារុណកម្ម​ជនរងគ្រោះ​។ ខ្ញុំ​រំជួលចិត្ត​ណាស់​នៅពេលដែល​ខ្ញុំ​បានឃើញ​រូបភាព​សាហាវ​យ៉ាង​យង់ឃ្នង​ទាំងនោះ​។ ខ្ញុំ​និង​មិត្តភក្តិ​បាន​ដើរ​ដល់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​មួយ ហើយ​មិត្តភក្តិ​របស់ខ្ញុំ​បាន​ចង្អុល​ប្រាប់​ខ្ញុំ​ថា​ឈ្មោះ​នៅលើ​ថ្ម​ម៉ាប​នៅ​ស្តូប​នោះ​គឺជា​ឈ្មោះ​របស់​អ្នក​ដែល​បាន​ជាប់​នៅក្នុង​គុក​ទួលស្លែង​នេះ​។​

ក្រុមគ្រួសារ​និង​បងប្អូន​របស់ ស្រ៊ុន សុ​ទិ​ដ្ឋ បានធ្វើ​បុណ្យ​ឧទ្ទិស​កុស​ល្យ​ដល់​ឪពុក ស្រ៊ុន សេង​ហ៊​ត នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​នៅ​សារមន្ទីរ​វាលពិឃាដ​បឹង​ជើងឯក​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ខ្ញុំ​បាន​ដើរទៅ​ពិនិត្យមើល​ឈ្មោះ​ទាំងអស់នោះ​ម្តង​មួយៗ ហើយ​រំពេច​នោះ​ខ្ញុំ​ក៏​ប្រទះឃើញ​មានឈ្មោះ​ពីរ​ដែល​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម​ម៉ាប​នោះ ដូច​ទៅនឹង​ឈ្មោះ​ឪពុក​ខ្ញុំ​។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​វិលវល់ និង​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកភ្នែក​ក៏​ស្រក់​ចុះមក​ភ្លាមៗ​ព្រោះ​ខ្ញុំ​គិតក្នុងចិត្ត​ថា​ប្រសិនបើ​ពិតជា​ឪពុក​ខ្ញុំ​ជាប់ឃុំ​នៅក្នុង​គុក​នេះ​មែន គាត់​ច្បាស់​ជា​ត្រូវ​ទទួលរង​ទារុណកម្ម​ធ្ងន់ធ្ងរ​ដូច​រូបភាព​ដែល​ខ្ញុំ​បានឃើញ​នៅតាម​អគារ​នីមួយៗ​នោះ​ហើយ​។
​ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​មិនទាន់មាន​អ្វី​ដើម្បី​បញ្ជាក់ថា ឈ្មោះ​នេះ​ពិតជា​ឈ្មោះ​របស់​ឪពុក​ខ្ញុំ​ទេ​។ ពេលដែល​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ខ្ញុំ​ក៏​សម្រេចចិត្ត​ផ្សព្វផ្សាយ​រឿងរ៉ាវ​ទាំងនេះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​។ មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​ទីកន្លែង​ស្រាវជ្រាវ និង​មាន​តម្កល់​ឯកសារ​ពី​របប​ខ្មែរក្រហម​។ មិន​បង្អង់​យូរ ខ្ញុំ​បាន​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ច​ទៅកាន់​អ៊ី​ម៉ែ​ល​ដែលមាន​នៅលើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ភ្លាមៗ​នោះ ខ្ញុំ​បានទទួល​អ៊ីមែល​ឆ្លើយតប​មកវិញ​ដោយមាន​ភ្ជាប់​នឹង​ចម្លើយសារភាព​ចំនួន​បី​ច្បាប់ ដែល​ចម្លើយសារភាព​មួយច្បាប់​ក្នុងចំណោម​ចម្លើយសារភាព​ចំនួន​បី​ច្បាប់​នោះ​គឺជា​ចម្លើយសារភាព​របស់​ឪពុក​ខ្ញុំ​។ ឯកសារ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ឪពុក​របស់ខ្ញុំ​ពិតជា​ត្រូវបាន​ចាប់​យកមក​គុក​ទួលស្លែង​ពិតប្រាកដ​មែន​។ បន្ទាប់មក ខ្ញុំ​ក៏បាន​ចែករំលែក​រឿងរ៉ាវ​ទាំងអស់នេះ​ទៅ​ម្តាយ និង​សាច់ញាតិ​របស់ខ្ញុំ​។ យើង​គ្រប់គ្នា​ស្រណោះ​គាត់​ណាស់ ដែល​ត្រូវ​ខ្មែរក្រហម​បាន​ចាប់​យកមក​គុក​ទួលស្លែង និង​ទទួលរង​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​បែបនេះ​។​

ក្រុមគ្រួសារ​និង​បងប្អូន​របស់ ស្រ៊ុន សុ​ទិ​ដ្ឋ បានធ្វើ​បុណ្យ​ឧទ្ទិស​កុស​ល្យ​ដល់​ឪពុក ស្រ៊ុន សេង​ហ៊​ត នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​នៅ​សារមន្ទីរ​វាលពិឃាដ​បឹង​ជើងឯក​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


.​ពេល​ទទួលបាន​ដំណឹង​ពី​ឪពុក​
​ខ្ញុំ​មិន​ធ្លាប់​គិតថា ខ្មែរក្រហម​បាន​ចាប់​ឪពុក​របស់ខ្ញុំ​យកមក​ទួលស្លែង​នោះទេ ហើយ​ខ្ញុំ​ក៏​មិនដែល​ធ្លាប់​មក​ទួលស្លែង​ពីមុនមក​ដែរ​។ នៅពេលដែល​ដឹងថា​ឪពុក​ខ្ញុំ​ត្រូវ​ខ្មែរក្រហម​ចាប់​យកមក​ទួលស្លែង​ដូច្នេះ អ្វីដែល​យើង​អាចធ្វើ​ជូន​គាត់​បាន​គឺ​យើង​បាន​មូលមតិ​គ្នា​មក​បង្សុកូល​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​សារមន្ទីរ​វាលពិឃាត​បឹង​ជើងឯក​ជូន​គាត់​ដោយ​សង្ឃឹមថា​ជាតិ​ក្រោយ​គាត់​នឹងមិន​ជួបប្រទះ​នឹង​អំពើ​ឃោរឃៅ​ដូច្នេះ​ទេ​។ ខ្ញុំ​បានដឹង​រឿង​ច្រើន​ពី​ឪពុក​ខ្ញុំ​តាមរយៈ​ឯកសារ​ចម្លើយសារភាព​របស់គាត់​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានផ្តល់​ឲ្យ​។ វា​បាន​រំឭក​រឿងរ៉ាវ​ជាច្រើន​ដល់​ខ្ញុំ និង​ម្តាយ​នៅក្នុង​របប​ខ្មែរក្រហម​។ ម្តាយ​របស់ខ្ញុំ​បាន​និយាយថា វា​ពិតជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅពេលនោះ​មែន ប៉ុន្តែ​ខ្មែរក្រហម​បានប្រែក្លាយ​ព័ត៌មាន​ទាំងនោះ​ទៅជា​អំពើ​ក្បត់​អង្គការ​ទៅវិញ​។​ម្តាយ​ខ្ញុំ​គាត់​នៅ​ចងចាំ​ឈ្មោះ​មនុស្ស​មួយចំនួន​ដែល​បាន​រាយការណ៍​នៅក្នុង​ចម្លើយសារភាព​នោះ​។ ចម្លើយសារភាព​របស់​ឪពុក​ខ្ញុំ បាន​បញ្ជាក់ថា ការចងចាំ​របស់ខ្ញុំ​ពិតជា​ត្រឹមត្រូវ​ទោះបីជា​ពេលនោះ​ខ្ញុំ​នៅ​ក្មេង​ក៏ដោយ​។ នៅក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម ខ្ញុំ​រស់នៅ​ជាមួយ​ឪពុក​របស់ខ្ញុំ​បានត្រឹមតែ​រយៈពេល​ប្រហែល​ពីរ​ខែ​តែប៉ុណ្ណោះ​។


.​ចម្លើយសារភាព​របស់​ឪពុក​ខ្ញុំ​ដែល​រក្សាទុក​នៅ​បណ្ណសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ឪពុក​ខ្ញុំ​ឈ្មោះ ស្រ៊ុន សេង​ហ៊​ត មាន​ស្រុកកំណើត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​២០ ក្នុង​ខេត្តបាត់ដំបង​។​គាត់​គឺជា​អតីត​សាស្ត្រាចារ្យ​វិទ្យាល័យ​បាត់ដំបង​នៅ​ក្នុងសម័យ​សង្គមចាស់​។ នៅក្នុង​របប​ខ្មែរក្រហម គាត់​គឺប្រធាន​កងចល័ត និង​ជា​ប្រជាជន​ថ្មី​នៅ​សហករណ៍​ទី​៣ ស្រុក​ភ្នំ​សំពៅ ភូមិភាគ​ពាយ័ព្យ​។ ខាងក្រោម​នេះ​គឺជា​ការរៀបរាប់​ពី​សកម្មភាព​របស់គាត់​ប្រាប់​ទៅដល់​កង​សួរចម្លើយ ចាប់តាំងពី​មុន​ឆ្នាំ​១៩៧០ រហូតដល់​អង្គការ​ចាប់​ខ្លួន​របស់គាត់​យកទៅ​ឃុំឃាំង​នៅក្នុង​គុក​ទួលស្លែង ៖
.សកម្មភាព​មុន​ឆ្នាំ​១៩៧០
​នៅក្នុង​ឆ្នាំ​១៩៥៥ ខ្ញុំ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​វត្ត​ខ្ពប​រហូតដល់​ថ្នាក់​ទី​៧​។ នៅក្នុង​ឆ្នាំ​១៩៦១ ខ្ញុំ​បាន​ប្រឡង​ជាប់ និង​ទៅ​រៀន​នៅ​វិទ្យាល័យ​ទិច​និ​ច​នៅឯ​ភ្នំពេញ​។ នៅពេល​រៀន​នៅឯ​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​ស្នាក់​នៅផ្ទះ​របស់​ឈ្មោះ ពៅ ឈន ដែលជា​អតីត​វិស្វករ​វិទ្យាល័យ​ទិច​និ​ច​ភ្នំពេញ​។ នៅក្នុង​ឆ្នាំ​១៩៦៤ ឈ្មោះ ពៅ ឈន បាន​អប់រំ​ខ្ញុំ​ឲ្យ​ចូល​ធ្វើជា​ភ្នាក់ងារ សេ​.​អ៊ី​.​អា ដោយ​អប់រំ​អំពី​របប​លោក​សេរី គឺជា​របប​សម្បូរ​សប្បាយ​ដូចជា​ប្រទេស​អាម៉េរិក ហើយ​ថែមទាំង​លើកយក​ពីរ​បប​កុម្មុយនីស្ត​និង​ប្រ​ទស​ចិន​ថា​ជា​របប​មនុស្ស​រស់នៅ​លំបាក​វេទនាណាស់​។ ក្នុងនាម​ខ្ញុំ​ជា​ភ្នាក់ងារ សេ​.​អ៊ី​.​អា ខ្ញុំ​មាន​តួនាទី​ដូចជា ១) ត្រូវ​កសាង​កម្លាំង សេ​.​អ៊ី​.​អា ឲ្យ​បាន​ច្រើន​, ២) តាមដាន​សកម្មភាព​ខ្មែរក្រហម និង​៣) ឃោសនា​សិស្ស​ឲ្យ​ស្អប់​ខ្មែរក្រហម​។ បន្ទាប់ពី​ចូលធ្វើ​ជា​ភ្នាក់ងារ សេ​.​អ៊ី​.​អា ឈ្មោះ ពៅ ឈន បាន​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ សេ​.​អ៊ី​.​អា ពីរ​នាក់​បន្ថែមទៀត​គឺ​ឈ្មោះ ឡេង ស៊ីផុន និង ហី​ង ទុន ដែលជា​អតីត​សិស្ស​វិទ្យាល័យ​តិច​និ​ច​។ ក្នុង​រយៈពេល​នោះ ខ្ញុំ​, ឡេង ស៊ីផុន​, និង ហី​ង ទុន បានធ្វើ​សកម្មភាព​បាច​ត្រាក់​នៅតាម​ផ្លូវ​ព្រះមុន្នីវង្ស​នៅឯ​ភ្នំពេញ​បាន​ម្តង​។ ខ្លឹមសារ​ត្រាក់​នោះ​គឺ​ខ្មែរក្រហម​ជា​អ្នកបម្រើ​ផលប្រយោជន៍​ឲ្យ​កុម្មុយនីស្ត​។ នៅក្នុង​ឆ្នាំ​១៩៦៦ ឈ្មោះ ពៅ ឈន បាន​ឲ្យ​ខ្ញុំ​ទាក់ទង​បក្ខពួក​ចំនួន​៣​នាក់​បន្ថែមទៀត​គឺ ១) ង៉ោ គឹម​សេង​, នុ​ក កល្យាន និង​ពៅ វ៉ាន់ ហៅ កា​រ៉​ន ដែល​សុទ្ធតែជា​សិស្ស​។ បន្ទាប់ពី​ទាក់ទង​អ្នក​ទាំងបី​នេះ ខ្ញុំ​បាន​ចាប់​ខ្មែរក្រហម​ចំនួន​បួន​នាក់​នៅ​វិទ្យាល័យ​ទួលគោក​។ រហូតដល់​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ប្រឡង​ជាប់​ចូល​ធ្វើជា​សាស្ត្រាចារ្យ​ខាង​អគ្គិសនី និង​មក​នៅឯ​មហាវិទ្យាល័យ​គ​រុ​កោសល្យ​ភ្នំពេញ​។ នៅពេលនោះ ឈ្មោះ ពៅ ឈន បាន​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ​សេ​.​អ៊ី​.​អា ចំនួន​ពីរ​នាក់​ផ្សេងទៀត​គឺ លឹម អ៊ុយ​សេង និង ភុយ ស៊ី​ខុម ដែលជា​អតីត​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​គរុកោសល្យ​។ ខ្ញុំ​និង​ខ្សែ សេ​.​អ៊ី​.​អា ចំនួន​ពីរ​នាក់​នេះ បាន​កសាង​កម្លាំង​បន្ថែមចំនួន​ពីរ​នាក់​ទៀត​គឺ​ឈ្មោះ ផូ វេ​ង និង ឃី ហូ​យ​។ មិនតែប៉ុណ្ណោះ បក្ខ​ពួកយើង​ថែមទាំង​ចាប់បាន​ខ្មែរក្រហម​ម្នាក់​ឈ្មោះ សាញ់ ដែលជា​សិស្ស​នៅក្នុង​មហាវិទ្យាល័យ​គរុ​កោ​ល​ស្យ​។ នៅក្នុង​ឆ្នាំ​១៩៦៩ ខ្ញុំ​បាន​ដាច់​ខ្សែ​ទាក់ទង​ពី​បក្ខពួក​ទាំងអស់នេះ​ព្រោះ​ខ្ញុំ​បាន​ផ្លាស់​មក​បង្រៀន​នៅ​វិទ្យាល័យ​បាត់ដំបង​វិញ​។ នៅក្នុង​រយៈពេល​ដែល​ខ្ញុំ​រស់នៅក្នុង​ខេត្តបាត់ដំបង ខ្ញុំ​បាន​ទាក់ទង​ជាមួយនឹង​ឈ្មោះ អួន កាន់​ណូ​វ៉ា និង ឈា យួ​ម និង​បានទទួល​ផែនការ​ពីរ​គឺ​តាមដាន​ចលនា​ខ្មែរក្រហម​ក្នុងចំណោម​សិស្ស និង​កសាង​កម្លាំង​បន្ថែម​។ ក្រោយមក ខ្ញុំ​ក៏បាន​ទាក់ទង​បក្ខពួក​មួយចំនួនទៀត​ឈ្មោះ សេង ផូ​, លី ប៊ុន​ជ និង ផ្លុ​ង សារ៉េត ដែលជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​បាត់ដំបង​។


សកម្មភាព​ចាប់ពី​ឆ្នាំ​១៩៧០​មក​
​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧២ ឈ្មោះ ឈា យួ​ម បាន​ចាត់តាំង​ខ្ញុំ​, សេង ផូ​, លី ប៊ុន​ជ និង ផ្លុ​ង សារ៉េត ឲ្យ​ទៅទាក់ទង​ជាមួយ​ឈ្មោះ ប៉ូច ដែលជា​អតីត​មេឃុំ​កំពង់ព្រះ ស្រុក​សង្កែ ឲ្យ​ចូលរួម​តាមដាន​ខ្មែរក្រហម​។ ក្រោយពី​ចាត់តាំង​ហើយ ខ្ញុំ​និង​គ្នីគ្នា​បានធ្វើ​សកម្មភាព​ចាប់​ខ្មែរក្រហម​បាន​ចំនួន​ប្រាំពីរ​នាក់​។ ក្រោយមក​ខ្ញុំ​បាន​កសាង​កម្លាំង​បាន​ចំនួន​ពីរ​នាក់​បន្ថែមទៀត​គឺមាន​ឈ្មោះ សោ បេង​យុង និង សុខ ប៊ុន​ហុក ដែលជា​អតីត​សាស្ត្រាចារ្យ​វិទ្យាល័យ​បាត់ដំបង​។​ខ្ញុំ​និង​បក្ខពួក​ចាប់បាន​ខ្មែរក្រហម​ចំនួន​៣​នាក់​ដែលជា​សិស្ស​នៅក្នុង​វិទ្យាល័យ​បាត់ដំបង​។ ចន្លោះ​ឆ្នាំ​១៩៧៣ ដល់ ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ចូលរួម​សកម្មភាព​ជាមួយ​គ្នីគ្នា ហើយ​កសាង​កម្លាំង​បាន​ពីរ​នាក់​បន្ថែមទៀត​គឺមាន​ឈ្មោះ ចៅ ឈឹង និង ឈឹម សា​គុន​។ ក្រោយមក ខ្ញុំ​និង​បក្ខពួក​ចាប់បាន​ខ្មែរក្រហម​ចំនួន​ប្រាំពីរ​នាក់​បន្ថែមទៀត​ដែលជា​សិស្ស​វិទ្យាល័យ​បាត់ដំបង​។


សកម្មភាព​ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥
ក្រោយពី​ខ្មែរក្រហម​រំដោះ​បាន ខ្ញុំ​បាន​ដាច់​ខ្សែរយៈ​ពី​បក្ខពួក​ចាស់​ដែល​ធ្លាប់​រួម​សកម្មភាព​ជាមួយគ្នា​។ ក្រោយមក​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ អែម សូវ តាមរយៈ​ឈ្មោះ ឈា យួ​ម​។ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ឈ្មោះ ស៊ុន ញឹក អតីត​នាយក​ផ្នែក​សិក្សា​វិទ្យាល័យ​បាត់ដំបង និង​ជា​ប្រជាជន​ថ្មី​នៅ​សហករណ៍​ទី​២ ស្រុក​ភ្នំ​សំពៅ តំបន់​៣​។ អំឡុង​ពេលនោះ ខ្ញុំ​ក៏មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ សូវ ឈួ​ត​, ស៊ន សារឿន និង​ញឹក ដើម្បី​រួម​សកម្មភាព​កសាង​កម្លាំង សេ​.​អ៊ី​.​អា ក្នុងចំណោម​ប្រជាជន​ថ្មី​ដែរ​។ នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទៅ​រៀន​នៅ​ស្រុក​មង្គលបុរី​តំបន់​៣ ហើយ​បាន​ជួប​ជាមួយ​បក្ខពួក​ចាស់​ឈ្មោះ ម៉ៅ អួ​ប​។ ក្រោយមក ម៉ៅ អួ​ប ក៏មាន​ការណែនាំ​ឲ្យ​ស្គាល់​ខ្សែ សេ​.​អ៊ី​.​អា ចំនួន​បួន​នាក់​ទៀត​រួម​មានៈឈ្មោះ តូ​ម ឈួ​ង​, ហ៊ី សាញ់​, មុច ម្រ​ម​, និង ហៃ​។ នៅ​ខែសីហា ឆ្នាំ​១៩៧៦ អង្គការ​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​ដេក​នៅ​មន្ទីរ​ឃុំ​តា​ង៉ែ​ន ស្រុក​ភ្នំ​សំពៅ តំបន់​៣ ហើយ​មាន​តួនាទី​ជា​អ្នក​អប់រំ​ប្រជាជន​ថ្មី​។ មុនពេល​ទៅ​រស់នៅ​ឃុំ​តា​ង៉ែ​ន ខ្ញុំ​បានទទួល​ផែនការ​ពី​ឈ្មោះ មុច ម្រ​ម ឲ្យ​ឃោសនា​ប្រាប់​ប្រជាជន​ថ្មី​ឲ្យ​ស្អប់​បដិវត្តន៍ និង​កសាង​កម្លាំង សេ​.​អ៊ី​.​អា បន្ថែមទៀត​។ ពេល​រស់នៅក្នុង​ឃុំ​តា​ង៉ែ​ន ខ្ញុំ​និង​បក្ខពួក​បាន​កសាង​កម្លាំង សេ​.​អ៊ី​.​អា ជា​បន្តបន្ទាប់​និង​បាន​បំផុស​ឲ្យ​ប្រជាជន​ចំនួន​១០​ក្រុមគ្រួសារ​រត់​ចូលទៅក្នុង​ទឹកដី​ថៃ ដោយ​យើង​បាន​លើកឡើងថា រស់នៅ​ទីនេះ​ថ្ងៃ​ណាមួយ​អង្គការ​នឹង​យកទៅ​សម្លាប់​។ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​១៩៧៥ ឈ្មោះ ឈន បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​លើក​ទំនប់ទឹក​។ រយៈពេល​នោះ ឈន បាន​ឲ្យ​ខ្ញុំ​ទទួល​ផែនការ​ពី​ឈ្មោះ ហៃ ដោយ​ឲ្យ​កសាង​កម្លាំង​សេ​.​អ៊ី​.​អា បន្ថែម និង​បំផុស​ឲ្យ​ប្រជាជន​រត់ចេញ​ពី​កន្លែង​លើក​ទំនប់​ដើម្បី​ឲ្យ​ស្ទះ​ផែនការ​របស់​អង្គការ​។​ក្រោយពី​ទទួលបាន​ផែនការ​ហើយ ឈ្មោះ ហៃ បាន​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ សេ​.​អ៊ី​.​អា ផ្សេងទៀត​ដើម្បី​ទាក់ទង​បំផ្លាញ​ស្រូវ​ជាមួយ​ឈ្មោះ ឆាំ អតីត​អ្នក​ធ្វើស្រែ​។ ក្រោយមក ខ្ញុំ​និង​បក្ខពួក​បាន​កសាង​កម្លាំង សេ​.​អ៊ី​.​អា បាន​បីនាក់​បន្ថែមទៀត​គឺ ឈ្មោះ គី អតីត​ជាង​នាឡិកា​, ស៊ុន អតីត​ជាជាង​ឡាន និង លឹម ឡាយ អតីត​ជា​អ្នកលក់​ត្បូង​។ រហូតដល់​ខែធ្នូ​ឆ្នាំ​១៩៧៥ ឈ្មោះ ហៃ បាន​ចាត់តាំង ខ្ញុំ​,​ម៉ៅ អួ​ប និង ហ៊ី សាញ់ ឲ្យ​ទៅ​ចាប់​ឈ្មោះ ទឿ​ន ប្រធាន​កងចល័ត ឃុំ​ពាក់​ស្បែក ដោយ​ចោទថា​ជា​ខ្មាំង​។ ពេល​ចាប់បាន ខ្ញុំ​យកទៅ​ឲ្យ​ឈ្មោះ ឆាំ​។ នៅ​ចុងខែ​ធ្នូ ឆ្នាំ​១៩៧៥ ខ្ញុំ​បានទទួល​ផែនការ​ពី​ឈ្មោះ ហៃ ឲ្យ​បំផ្លាញ​ស្រូវ​រដ្ឋ​ក្នុងពេល​បង្កបង្កើនផល និង​បំផុស​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុង​កងចល័ត​។


​ខែមករា ឆ្នាំ​១៩៧៦ ខ្ញុំ បានធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ អួ​ប​, ហ៊ី សាញ់ និង ម្រ​ម ដុត​កណ្តាប់​ស្រូវ​អស់​មួយ​គំនរ​ចំនួន​១០​ស្លឹក​។ ខែកុម្ភៈ ឆ្នាំ​១៩៧៦ ឈ្មោះ ឆាំ បាន​ដក​អង្គភាព​ចល័ត​របស់ខ្ញុំ​ឲ្យ​មក​នៅ​ភ្នំ​សំពៅ​វិញ​។ ក្នុង​រយៈពេល​នោះ​ឈ្មោះ យួ​ម បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ​ឈ្មោះ ជា ដើម្បី​ចូលរួម​សកម្មភាព​បង្អាក់​ពេលវេលា​ប្រមូល​ផល​ស្រូវ​របស់​អង្គការ​។ ឈ្មោះ ជា ក៏បាន​លួច​ស្រូវ​ពី​សហករណ៍​ទី​២ លាក់ទុក​ឲ្យ​ឈ្មោះ ឈន ដើម្បី​យកទៅ​ឲ្យ​ឈ្មោះ ម៉ាញ ដែលជា​អ្នកដឹកនាំ​កម្លាំង​ក្បត់​នៅ​ភ្នំ​កុយ​។ ពេលនោះ​ដែរ ខ្ញុំ​បានធ្វើ​សកម្មភាព និង​កសាង​កម្លាំង​ខ្សែរយៈ សេ​.​អ៊ី​.​អា បាន​ចំនួន​ពីរ​នាក់​បន្ថែមទៀត​គឺ​ឈ្មោះ ព្រុំ ឆាត និង​សូ​។ នៅ​ខែមីនា ឆ្នាំ​១៩៧៦ ឈ្មោះ ហៃ និង យឿន បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​សម្មភាព​ជាមួយ​ឈ្មោះ ហាប់ ដើម្បី​ចាប់​កម្លាំង​បដិវត្តន៍​ចំនួន​ពីរ​នាក់​គឺ​ឈ្មោះ ឡុ​ច និង សួស ដោយ​ចោទថា ធ្វើ​សកម្មភាព​ប្រឆាំងនឹង​បដិវត្តន៍​។ ការចាប់ខ្លួន ឡុ​ច និង សួស នេះ ដោយសារ​មានទំនាស់​ជាមួយនឹង​បក្ខពួក​ខ្ញុំ​អំពី​បញ្ហា​លើកភ្លឺស្រែ​មិន​ធ្វើតាម​ការចាត់​តាំងរបស់​បក្ខពួក​របស់ខ្ញុំ​។ នៅ​ខែមេសា ឆ្នាំ​១៩៧៦ ឈ្មោះ ឆាំ បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​មក​នៅ​ខាង​ស្រែ​ពិសោធន៍​វិញ​។ ឆាំ បាន​ឲ្យ​ខ្ញុំ​ស្គាល់​ខ្សែរយៈ​ពីរ​នាក់​ទៀត​ឈ្មោះ ឈឿ​ម ប្រធាន​ស្រែ​ពិសោធន៍ និង សាលី អនុប្រធាន​ស្រែ​ពិសោធន៍​។ ក្រោយមក យើង​ក៏បាន​កសាង​កម្លាំង​បន្ថែម​បាន​ចំនួន​បីនាក់​ទៀត​គឺ ឈ្មោះ ប៉ាន​, វន និង មឿ​ន​។ ផែនការ​របស់​យើង​គឺ​បំផ្លាញ​ស្រូវ​ពិសោធន៍​ឲ្យ​អស់ពីរ​ហិកតា​កន្លះ​ដោយ​មិន​ចាត់តាំង​កម្លាំង​ឲ្យ​ទៅ​ច្រូត​នៅ​ខែ​ទឹក​ឡើង​ដោយ​ទុក​ឲ្យ​ស្រូវ​រលួយ​។ នៅ​ខែឧសភា និង​ខែមិថុនា​ឆ្នាំ​១៩៧៦ ខ្ញុំ​បានទទួល​ផែនការ​ពី​ឈ្មោះ ឆាំ ដើម្បី ១. ពង្រឹង​និង​ពង្រីក​កម្លាំង សេ​.​អ៊ី​.​អា បន្ថែមទៀត​, ២. បំផ្លាញ​តាម​ភារកិច្ច​បង្កបង្កើនផល និង​៣. ត្រៀម​ទុក​អង្ករ​យកទៅ​ឲ្យ​ចោរព្រៃ​។ ក្រោយមក​ខ្ញុំ​ក៏បាន​បញ្ចូល​កម្លាំង​បាន​ចំនួន​៤​នាក់​ទៀត​គឺ​ឈ្មោះ សឿន​, កួន​, កៅ​, និង ចាន់ ដោយមាន​គម្រោង​បំផ្លាញ​ស្រូវ​ពិសោធន៍​ឲ្យ​អស់​ប្រាំ​ហិកតា​។​យើង​ឲ្យ​បក្ខពួក​ចំនួន​បួន​នាក់​នេះ​ទៅ​ទម្លាយ​ទឹក​បញ្ចូល​ស្រែ​ឲ្យ​លិច​រលួយ​អស់​។ ខែកក្កដា ឆ្នាំ​១៩៧៦ ឈ្មោះ ឆាំ បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មក​នៅ​ស្រែ​កសិដ្ឋាន​រដ្ឋ​បឹង​ត្រាវ​វិញ​។ នៅ​ទីនោះ ខ្ញុំ​, យឿន​និង ហាប់ បាន​បំផ្លាញ​កណ្តាប់​សំណាប​អស់​មួយ​ស្លឹក​ពីរ​ផ្លូន​ដោយ​យកទៅ​ជាន់​ពន្លិចទឹក​ចោល ថែមទាំង​បំផ្លាញ​ស្រូវ​ព​ង្រួ​ស​អស់​ចំនួន​ប្រាំ​ហិកតា​ដោយ​ទម្លាយ​ទឹក​ជន់​ដាក់​ឲ្យ​រលួយ​អស់​។ ខ្ញុំ​និង​បក្ខពួក​ក៏បាន​ប​ញ្ជូ​ល​កម្លាំង​បន្ថែម​បាន​ពីរ​នាក់​ទៀត​គឺមាន​ឈ្មោះ​ស្នា និង​ស៊ីថា​។ ខែសីហា ឆ្នាំ​១៩៧៦ ឈ្មោះ ឆាំ បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ខ្សែ​សេ​អ៊ី​អាចាស់ៗ​ឈ្មោះ អែម សូវ និង​សារឿន និង​ខ្សែ​សេ​អ៊ី​អា​ថ្មី​ចំនួន​ពីរ​នាក់​ទៀត​ឈ្មោះ ប៊ុន និង​ប៉ូច​។ ក្រោយពី​ទាក់ទង​ហើយ យើង​ទាំង​បួន​នាក់​បាន​បំផ្លាញ​សន្ទូង​ស្រូវ​អស់​ចំនួន​បួន​ហិកតា​។ ខែកញ្ញា​និង​ខែតុលា ឆ្នាំ​១៩៧៦ ប៊ុន បាន​ចាត់តាំង​ខ្ញុំ​, អែម សូវ​, សារឿន និង ប៊ូ​ច ឲ្យ​ចែក​សំណាប ហើយ​បក្ខពួក​ខ្ញុំ​បាន​បំផ្លាញ​សំណាប​អស់​ប្រហែល​មួយ​ស្លឹក​ដោយ​រែក​ទៅ​ចោល​ក្នុងព្រៃ​ពេលយប់​។ ក្រោយមក​យើង​បាន​បញ្ចូល​កម្លាំង​បន្ថែម​ម្នាក់ទៀត​ឈ្មោះ ឌឿ​ន​។ យើង​បាន​លួចលាក់​ស្រូវ​របស់​សហ​ករ​ណ៍​ទី​៣ បាន​ចំនួន​ប្រាំមួយ​បាវ​យកទៅ​ឲ្យ​ឈ្មោះ ឆាំ ដើម្បី​ត្រៀម​ទុក​ផែនការ​វាយ​បក្ស​ឆ្នាំ​១៩៧៧​។ នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​១៩៧៦ ខ្ញុំ​បានទទួល​ផែនការ​ពី​ឈ្មោះ ឆាំ ឲ្យ​ត្រៀមកម្លាំង​រៀបចំ​ទុក​បម្រើ​ផែនការ​វាយយក​ខេត្តបាត់ដំបង និង​ឲ្យ​យក​ស្បៀង​ឲ្យ​ឈ្មោះ ព្រឿ​ន ជា​អ្នក​កាន់​ទ័ពព្រៃ​នៅ​ភ្នំ​កូនដំរី​។ ក្រោយពី​បានទទួល​ផែនការ​ហើយ ខ្ញុំ​បានធ្វើ​សកម្មភាព​រួមជាមួយ​ឈ្មោះ ប៊ូ​ច សារឿន​, អែម សូវ និង ប៊ុន កសាង​កម្លាំង សេ​.​អ៊ី​.​អា បាន​ចំនួន​បួន​នាក់​បន្ថែមទៀត​គឺមាន​ឈ្មោះ សុខ​, សាវុន​, យឿន និង ថៃ​។


​ខែមករា ឆ្នាំ​១៩៧៧ ប៊ុន បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​ច្រូតស្រូវ​នៅ​វាល​ឡូញ​ដើម្បី​ធ្វើ​សកម្មភាព​ជាមួយ​ខ្សែបណ្តាញ​ចាស់​។ យើង​បាន​ដុតបំផ្លាញ​ស្រូវ​នៅឯ​វាល​ឡូញ​ឆេះ​អស់​ចំនួន​ពីរ​ហិកតា និង​លួច​ស្រូវ​របស់​សមូហភាព​បាន​ប្រាំ​បាវ ប្រហុក​មួយ​ពាង ដើម្បី​យកទៅ​ឲ្យ​ឈ្មោះ ព្រឿ​ន តាមរយៈ​ឈ្មោះ ឆាំ​។ ក្រៅពីនេះ​យើង​បាន​កសាង​កម្លាំង​បន្ថែម​បាន​ចំនួន​ពីរ​នាក់​ទៀត​គឺមាន​ឈ្មោះ ប៊ិ​ល និង យាន​។ នៅ​ខែកុម្ភៈ និង​ខែមីនា ឆ្នាំ​១៩៧៧ ខ្ញុំ​និង​បក្ខពួក​បាន​បំពុល​គោ​នៅ​សហករណ៍​ទី​៣ ងាប់​អស់​គោ​ចំនួន​១១​ក្បាល និង​ពុល​មួយចំនួនទៀត​ដោយ​យក​ថ្នាំពុល​លាយ​ជាមួយ​ទឹក​ដាក់​ឲ្យ​គោ​ផឹក​។ ក្រោយមក​យើង​បាន​លួច​ស្រូវ​បាន​ចំនួន​ប្រាំពីរ​បាវ អំបិល​មួយ​កា​រ៉ុង​ដើម្បី​យកទៅ​ឲ្យ​ឈ្មោះ ព្រឿ​ន ដែលជា​អ្នក​ក្តាប់​កងទ័ព​ព្រៃ​នៅ​ភ្នំ​កូនដំរី​ដោយមាន​ឈ្មោះ​សាលី​ជា​អ្នក​យកទៅ​ឲ្យ​។ យើង​ក៏បាន​បញ្ចូល​ភ្នាក់ងារ សេ​.​អ៊ី​.​អា បាន​ចំនួន​បីនាក់​ទៀត​គឺ​ឈ្មោះ យីន​, សុ​វ៉ាន់ និង ម៉ាក់​។ នៅ​ខែមេសា ឆ្នាំ​១៩៧៧ ផែនការ​របស់ខ្ញុំ​ត្រូវបាន​បរាជ័យ​ដោយ​អង្គការ​មាន​វិធាន​ការមិន​ឲ្យ​ដើរ​ទាក់ទង​គ្នា​។ ដោយសារតែ​ផែនការ​នេះ​បរាជ័យ ខ្ញុំ​ក៏បាន​ទទួល​ផែនការ​ថ្មី​ពី​ឈ្មោះ ប៊ុន ម្តងទៀត​គឺ​ពង្រឹងពង្រីក​កម្លាំង សេ​.​អ៊ី​.​អា បន្តទៀត​, ត្រៀម​ស្បៀង​វាយយក​ខេត្តបាត់ដំបង​នៅក្នុង​ខែកក្កដា ឆ្នាំ​១៩៧៧ និង​បំផ្លិចបំផ្លាញ​បដិវត្តន៍​តាម​ភារកិច្ច​បង្កើត​ផល​។


​ក្រោយពី​ទទួលបាន​ផែនការ​រួចហើយ នៅ​ខែឧសភា​ឆ្នាំ​១៩៧៧ ខ្ញុំ​បានរួម​សកម្មភាព​ជាមួយ​ខ្សែ​ចាស់​មានឈ្មោះ ប៉ុច​, សារឿន​, ប៊ិ និង ទាប លួចលាក់​ស្រូវ​ចំនួន​១៥​បាវ អំបិល​២​កា​រ៉ុង ក្រ​ម៉ា​១០ ក្រណាត់​ខ្មៅ​៣០​ម៉ែត្រ យកទៅ​ឲ្យ​ឈ្មោះ ឆាំ ទុក​ដើម្បី​មាន​ផែនការ​ថ្ងៃមុខ​។ ក្រៅពីនោះ​ខ្ញុំ​និង​បក្ខពួក​បាន​បំពុល​ក្របី​ងាប់​អស់​ចំនួន​៣​ក្បាល និង​បញ្ចូល​កម្លាំង សេ​.​អ៊ី​.​អា បាន​៣​នាក់​បន្ថែមទៀត​គឺ​ឈ្មោះ ឈង​, ដន និង ហ្វុ​យ​។ នៅ​ខែមិថុនា​ឆ្នាំ​១៩៧៧ ខ្ញុំ​បានធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ ប៉ូច​, ប៊ុន និង សារឿន ដើរ​បំផុសបំផុល​ប្រជាជន​ថ្មី​ដែល​ធ្វើ​ការងារ​ជាមួយ​ឲ្យ​ធ្វើ​ការងារ​ល្មមៗ​ដើម្បី​ទុក​កម្លាំង​ទៅ​ថ្ងៃក្រោយ​។ យើង​ក៏​បំផុស​អំពី​ការ​ស៊ីចុក​មិន​គ្រប់គ្រាន់ និង​តាំងពី​ពេល​នោះមក​ប្រជាជន​មួយចំនួន​ត្រូវ​ផ្អាក​ធ្វើ​ការងារ​ជា​បន្តបន្ទាប់​។ នៅ​ខែកក្កដា​ឆ្នាំ​១៩៧៧ ផែនការ​របស់​យើង​ត្រូវ​បរាជ័យ​ម្តងទៀត​ដោយសារតែ​ខ្សែ សេ​.​អ៊ី​.​អា មួយចំនួន​ត្រូវបាន​អង្គការ​ចាប់ខ្លួន​។ តាំងពី​ពេលនោះ​មក ខ្ញុំ​ផ្អាក​ធ្វើ​សកម្មភាព​មួយរយៈ​។
​រហូតមកដល់​ខែសីហា ឆ្នាំ​១៩៧៧ អង្គការ​បាន​ចាប់ខ្លួន​ខ្ញុំ និង​ក្រោយមក​បាន​បញ្ជូន​ខ្ញុំ​មក​ឃុំឃាំង​ក្នុង​គុក​ទួលស្លែង​។ ខ្ញុំ​ត្រូវបាន​ឈ្មោះ​ទូច សឿន និង​ទិ​ត សួរចម្លើយ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​១៩៧៧៕សរន

ក្រុមគ្រួសារ​និង​បងប្អូន​របស់ ស្រ៊ុន សុ​ទិ​ដ្ឋ បានធ្វើ​បុណ្យ​ឧទ្ទិស​កុស​ល្យ​ដល់​ឪពុក ស្រ៊ុន សេង​ហ៊​ត នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​នៅ​សារមន្ទីរ​វាលពិឃាដ​បឹង​ជើងឯក​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ស្តូប​រំឭក​ពី​ចា​ចងចាំ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ស្តូប​រំឭក​ពី​ចា​ចងចាំ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​។​
(​ស្រ៊ុន សុ​ទិ​ដ្ឋ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ