ស្រូវពង្រោះ​ច្រើន​ហិកតា​ខ្វះ​ទឹក​នៅ​ស្រុក​មង្គល​បូរី​

151
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្រូវពង្រោះ​ច្រើន​រយ​ពាន់​ហិកតា​ខ្វះ​ទឹក​នៅ​ឃុំ​មួយចំនួន​នៅ​ស្រុក​មង្គល​បូរី​។ មន្ត្រី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​កសិកម្ម​ថា តួលេខ​ស្រូវ​ខ្វះ​ទឹក​មិនត្រូវ​គ្នា​។ តែ​និយាយ​ត្រូវ​ត្រង់​ថា ស្រូវ​ពឹង​លើទឹក​ភ្លៀង​ដដែល ព្រោះ​ស្ទឹង​ប្រឡាយ គ្មាន​ទឹក​សមល្មម​នឹង​បូម​ស្រោចស្រព​ឡើយ​។ នេះ​យោង​មន្ត្រី​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០ គឺ​បន្ទាប់ពី​ពួកគេ​បាន​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ទៅពិនិត្យ​មើល​ស្ថានភាព​ដំណាំ​ស្រូវ​ខ្វះ​ទឹក នៅ​ភាគ​ខាងលិច​ឃុំ​សឿ​ស្រុក​មង្គល​បូរី កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែមិថុនា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បានបង្ហាញ​ក្តីបារម្ភ​ជាមួយ​កសិករ​នូវ​ស្ថានភាព​ខ្វះ​ទឹក​នោះ ហើយ​ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​ជំនាញ​រក​មធ្យោបាយ​ដោះស្រាយ​បន្ទាន់ តាមរយៈ​ការ​បូម​បាច​ពី​ស្ទឹង អូរ ប្រឡាយ ឬក៏​មានតែ​រង់ចាំ​ទឹកភ្លៀង​ដដែល​។ ក្នុងនោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សន្យា​គាំទ្រ​ថវិកា​ស្តារ​ស្រះ​ទឹក​១០​កន្លែង នៅ​ស្រុក​នេះ និង​ឲ្យ​ទាក់​ទង់​នឹង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដើម្បី​ជីក​អណ្តូងស្នប់​១០​កន្លែង តាមរយៈ​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥណ្ឌា​ផង និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០ ថា​៖ ដោយសារតែ​ភ្លៀង​បង្អុរ​រាយប៉ាយ​មិន​ចំ ទើប​វា​បាន​បង្ក​ជា​គ្រោះរាំងស្ងួត ហើយ​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​រដូវវស្សា​នៅ​ភាគ​ខាងលិច​ឃុំ​សឿ​ប្រមាណ ៧.០០០​ហិកតា ស្រូវ​នៅ​ឃុំ​ចំណោម និង​ឃុំ​បត់​ត្រង់​ជាង​៣.០០០​ហិកតា​ខ្វះ​ទឹក ហើយ​ស្រូវ​ចាប់ផ្តើម​ស្វិត​រួម​ខ្លោច​។​

​ប៉ុន្តែ​លោក ភាវ រ័ត្ន ប្រធានការិយាល័យ​កសិក​ម្ម រុក្ខាប្រមាញ់​និង​នេសាទ ស្រុក​មង្គល​បូរី​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​៣០​ខែមិថុនា​ថា​៖ ស្រូវពង្រោះ​ទាំងនោះ​ខ្វះ​ទឹក ហើយ​រង​ផលប៉ះពាល់​កម្រិត​ស្រាល​ប៉ុណ្ណោះ​។ បើ​មាន​ភ្លៀង​ធ្លាក់ចំ​ស្រូវ​នឹង​រស់ ហើយ​ល្អ​ឡើងវិញ​ហើយ​។ លោក​ភាវ រ័ត្ន និយាយ​បន្តថា​៖ មន្ត្រី​ជំនាញ​វាយតម្លៃ​ឃើញថា ផ្ទៃដី​ស្រូវវស្សា​(​ពូជ​សែន​ក្រអូប​) នៅ​ភូមិសាស្ត្រ​ភូមិប​ល្ល័​ង្គ​ជ្រៃ អូរ​ជួប​ថ្មី​ឃុំ​សឿ​ដែល​ខ្វះ​ទឹក​មកពី​វា​ជា​ដី​ទួល​ឬ​ដី​ខ្ទើយ ដែល​ទឹក​មិន​ដ​ក៉​ផង ហើយ​ភ្លៀង​ក៏​មិន​ចំ​ផង​។ លោក​ភាវ រ័ត្ន បាន​បន្តថា ៖ តួលេខ​ស្រួ​វ​វ​ខ្វះ​ទឹក​នៅ នៅ​ឃុំ​សឿ (​ស្មៀនឃុំ ) ថា មានតែ​ប្រមាណ​១០០​ហិកតា​តា​ប៉ុណ្ណោះ​។ ឯ​នៅ​ភូមិ​សំរោង​ឃុំ​បត់​ត្រង់ ស្រូវពង្រោះ​បាន​១០០​ហិកតា​បាន​ខូចខាត​ដោយ​គ្រោះរាំងស្ងួត​។ តែ​កសិករ​ម្ចាស់​ស្រែ​បាន​ភ្ជួរ​ចោល ហើយ​ព្រោះ​ជាថ្មី​រួចហើយ​។​

​ទោះជា​យ៉ាងណា មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​នេះ​បាន​និយាយ​ស៊ីសង្វាក់​គ្នា​ថា​៖ ស្រូវ​ដែល​ខ្វះ​ទឹក​ទាំងនោះ នឹង​ពុំ​អាច​ទទួល​ទឹក​ពី​ស្ទឹង​មង្គល​បូរី ឬ​ពី​ប្រឡាយ ដើម្បី​បូម​បាច​ឡើយ ព្រោះ​ក្នុង​ពោះ​ជលសា​ស្ត្រ​ទាំងនោះ មានទឹក​បន្តិចបន្តួច​។ ហើយ​ករណី​ដែល​ក្រុមការងារ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កសិករ​ដឹកនាំ​ដោយ​លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូរី ទៅ​នាំ​ទឹក​ពី​ភូមិសាស្ត្រ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​នោះ ក៏​មិនបាន​ទឹក​អី​ច្រើន ក្រៅពី​ទឹក​សម្រាប់​ប្រើប្រាស​និង​ហូបចុក​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត ទឹកស្ទឹង​មង្គល​បូរី​នេះ នៅ​ភូមិសាស្ត្រ​ឃុំ​ព្រៃ​ខ្ពស់​និង​ឃុំ​ល្វា​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ត្រូវ​កសិករ​ស្ទាក់​ដាក់​ទុយោ​ម៉ាស៊ីន​បូម​ច្រើន​ស្អេកស្កះ​ដូច​ស្និតចេក​អស់​ទៅហើយ​។​

​ទោះជា​យ៉ាងណា មន្ត្រី​ទាំងពីរ​ស្ថាប័ន​ទទួលស្គាល់​និង​មាន​មោទនភាព​ថា ផ្ទៃដី​ស្រូវ​ដែល​ខ្វះ​ទឹកភ្លៀង​មាន​តិចតួច​ទេ បើ​ប្រៀបធៀប​នឹង​ផ្ទៃដី​ស្រូវវស្សា​៥០.០០០​ហិកតា​នៅ​ឃុំ​ទាំង​១៣​ក្នុងស្រុក​មង្គល​បូរី​។ ហើយ​ស្រូវ​ទាំងនោះ ទទួល​ទឹកភ្លៀង ហើយ​លូតលាស់​មាន​ដើមដង​ល្អ​។ ស្រូវ​ទាំងនោះ ជា​ស្រូវស្រាល​ពូជ​សែន​ក្រអូប​ចំនួន​៤៥.០០០​ហិកតា​/​ស្រូវ​សរុប​ទូទាំង​ស្រុក​ចំនួន​៥០.០០០​ហិកតា​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ