ករណីកូវីដ១៩ផ្ទុះឡើងនៅពន្ធនាគាររដ្ឋកាលីហ្វ័រញ៉ា

88
ចែករម្លែក

អាជ្ញាធរក្នុងរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសកាលពីថ្ងៃអង្គារទី៣០មិថុនាថា ចំនួនករណីកូវីដ១៩បានផ្ទុះឡើងនៅក្នុងពន្ធនាគារចំណាស់មួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈអ្នកទោសជាង ១០០០ នាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះ។

អភិបាលរដ្ឋលោក ហ្គាវីន ញូវសាំ និយាយថា “នោះគឺជាតំបន់ផ្តោតការយកចិត្តទុកដាក់និងជាក្តីបារម្ភខ្លាំងបំផុតរបស់យើងនាពេលបច្ចុប្បន្ននេះ” ដោយកត់សម្គាល់ថា ៤២ ភាគរយនៃអ្នកទោសប្រមាណ ៣.៥០០ នាក់នៅពន្ធនាគារសាន់ឃ្វេនទីន ជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានចាត់ទុកថា “ងាយរងគ្រោះខាងផ្នែកវេជ្ជសាស្ត្រ”។

ខុសពីពន្ធនាគារដទៃទៀតនៅរដ្ឋកាលីហ្វ័រញ៉ា ពន្ធនាគាររដ្ឋសាន់ឃ្វេនទីនបានរួចផុតពីកូវីដ១៩រហូតដល់ដើមខែមិថុនា។ ប៉ុន្តែការផ្ទេរអ្នកទោសពីពន្ធនាគារនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវីរុសដូចជាពន្ធនាគារវិទ្យាស្ថានកាលីហ្វ័រញ៉ាសម្រាប់បុរសនៅទីក្រុងឈីណូ បានបើកទ្វារជំនន់កូវីដ។

លោកម៉ាត់ វីលលីស នាយកសុខាភិបាលប្រចាំសង្កាត់ម៉ារីន ជាទីតាំងនៃពន្ធនាគារសាន់ឃ្វេនទីន បាននិយាយប្រាប់វិទ្យុ NPR ថា “គួរឱ្យស្តាយ ពួកគេបានមកដល់ដោយគ្មានការធ្វើតេស្ត និងដាក់នៅពន្ធនាគារសាន់ឃ្វេនទីន ហើយវាជាប្រភេទនៃការផ្ទុះមេរោគនៅក្នុងពន្ធនាគារទីពីររបស់រដ្ឋ”។

មណ្ឌលឃុំឃាំងនៅទីក្រុងឈីណូជិតទីក្រុងឡូសអ៊ែនជេឡេសគឺជាកន្លែងផ្ទុះកូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាតដំបូងមកម៉្លេះ។ អ្នកទោសជាង ៥០០ នាក់នៅទីនោះបានតេស្តវិជ្ជមានកូវីដ និង ៧ នាក់បានស្លាប់។

បច្ចុប្បន្នពន្ធនាគារសាន់ឃ្វេនទីនមានចំនួនពាក់កណ្តាលនៃករណីកូវីដ១៩ដែលត្រូវបានកត់ត្រានៅក្នុងពន្ធនាគារទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដែលមានអ្នកទោសសរុបចំនួនប្រមាណ ១១៣.០០០ នាក់។

រដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋអាម៉េរិកដែលមានប្រជាជនច្រើនជាងគេបំផុតនិងជារដ្ឋមួយដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវីរុសកូរ៉ូណា កន្លែងដែលមានករណីឆ្លងជាង ២០០.០០០ នាក់និងស្លាប់ជិត ៦.០០០ នាក់៕ ដោយ៖ កញ្ញាដាលីស

អ្នកទោសជាង ១០០០ នាក់តេស្តវិជ្ជមានកូវីដ១៩នៅពន្ធនាគារសាន់ឃ្វេនទីន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ