ចិន​អះអាងថា ពលរដ្ឋ​ចំណាស់​បំផុត​របស់ខ្លួន​មាន​អាយុ ១៣៤ ឆ្នាំ​

206
ចែករម្លែក

​លោកយាយ​ជនជាតិ​វី​ហ្គួ (Uighur) ម្នាក់​ដែល​បាន​ប្រសូត្រ​ក្នុង​ឆ្នាំ​១៨៨៦ ទើបតែ​ប្រារព្ធ​ពិធី​ខួប កំណើត​ឈានចូល​វ័យ ១៣៤ ឆ្នាំ​របស់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​កាលពីពេល​ថ្មីៗ​នេះ​។

​ស្ថាប័ន​សារព័ត៌មាន​របស់​រដ្ឋា​ភិ​បាល​ចិន អះអាងថា លោកយាយ​ដែលមាន​ឈ្មោះថា អាល់​មី​ហាន សេ​យី​ទី (Almihan Seyiti) គឺជា​មនុស្ស​ចាស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ចិន ខណៈ​ភាព​សុ​ក្រឹត្យ​ត្រឹមត្រូវ​នៃ​ឯកសារ​បញ្ជាក់​កំណើត​របស់គាត់​នៅ​រង់ចាំ​ការពិនិត្យ​ផ្ទៀងផ្ទាត់​នៅឡើយ​។

​ប្រសិនបើ​ការអះអាង​របស់​មន្ត្រី​ទាំងនោះ​ជាការ​ពិតមែន លោកយាយ អាល់​មី​ហាន សេ​យី​ទី អាចជា​មនុស្ស​ចំណាស់​បំផុត​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។

​តាមរយៈ​រូបភាព​ទាំងនេះ បង្ហាញ​ពី​ទិដ្ឋភាព​លោកយាយ​ប្រារព្ធ​ពិធី​ខួបកំណើត​យ៉ាង​សប្បាយ រីករាយ​ដោយមាន​ការចូលរួម​ពី​សាច់ញាតិ​ក្រុមគ្រួសារ និង​មិត្តភក្ដិ​កាលពីពេល​ថ្មីៗ​នេះ​នៅ សង្កាត់​ស៊ូ​ឡឹ (Shule) តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang) នា​ភាគ​ពាយព្យ​ប្រទេស​ចិន ដែល​សម្បូរ ដោយ​ជនជាតិភាគតិច​វី​ហ្គួ រស់នៅ​។

​ក្នុង​ឆ្នាំ​១៩០៣ លោកយាយ​បាន​រៀបការ​នៅ​អាយុ​១៧ ឆ្នាំ ហើយ​យោងតាម​ការចុះផ្សាយ របស់​សារព័ត៌មាន China News ឱ្យដឹងថា គាត់​មានកូន​ប្រុស​ម្នាក់ និង​ក្មេងស្រី​ម្នាក់​។

​លោកយាយ​បាន​ទៅ​រស់នៅ​ជាមួយ​កូនស្រី បន្ទាប់ពី​ប្តី​របស់គាត់​បាន​ចែក​ឋាន​ទៅក្នុង​ឆ្នាំ ១៩៧៦ ហើយ​កូនប្រុស​របស់គាត់​ក៏បាន​ស្លាប់​ក្នុង​វ័យ​៣៦​ឆ្នាំ​។ ហើយ​អ្វីដែល​កាន់តែ​គួរ ឱ្យ​ភ្ញាក់ផ្អើល​គឺ ភ្នែក​របស់​លោកយាយ​នៅតែ​អាច​មើលឃើញ​ច្បាស់​ហើយ​ត្រចៀក​នៅតែ​អាច ស្ដាប់ឮ​ច្បាស់ ប៉ុន្តែ​គាត់​ដើរ​លែង​រួចហើយ​៕ ប្រែ​សម្រួលៈ​ខុម​