ទិវា​ជាតិ​នៃ​ប្រជាជន​កាណាដា​

139
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កាណាដា ប្រារព្ធ​ទិវា​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី​១​ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ៣ តំបន់ គឺ Province of Canada , New Brunswick និង Nova Scotia រួបរួមគ្នា​បង្កើត​ឱ្យទៅជា​អាណាចក្រ​កាណាដា កាលពី​ឆ្នាំ​១៨៦៧ ដែល​ក្រោយមក ត្រូវបាន​គេ​ស្គាល់​ថា ប្រទេស​កាណាដា សព្វថ្ងៃនេះ​។ ទោះយ៉ាងណា កាណាដា ទើបតែ​ទទួលបាន​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល នៅ​ឆ្នាំ​១៩៨២ ឯណេះ​ទេ​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​កាណាដា មាន​ផ្ទៃដី ៩,៩៨ លាន​គីឡូ​ម៉ែត្រក្រឡា​គឺជា​ប្រទេស​ដែលមាន​ផ្ទៃដី​ធំជាងគេ បំផុត លំដាប់​លេខ​ពីរ របស់​ពិភពលោក ស្ថិតនៅ​អាមេរិក​ខាងជើង​មាន​ព្រំដែន​ជាប់​នឹង​សហរដ្ឋ អាមេរិក និង​បារាំង រដ្ឋធានី គឺ​ទីក្រុង​អូ​តា​វ៉ា ។ ឆ្នាំ​២០២០ មាន​ប្រជាជន​ជិត ៣៨ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត​។ ភាសា​ដែល​ចាត់ទុកថា ភាសា​កំណើត​របស់​ប្រជាជន កាណាដា គឺ​ភាសា​អង់គ្លេស និង​ភាសា​បារាំង ។

ប្រវត្តិសាស្ត្រ​
​ពាក្យ​ថា អាមេរិក​ខាងជើង​អង់គ្លេស សំដៅ​ដល់​ដែនដី​ក្រោម​ការត្រួតត្រា​របស់​ចក្រ​ភព​អង់គ្លេស នៅ​ទ្វីបអាមេរិក​ខាងជើង ហើយ​ដែនដី​ទាំងនោះ មាន Newfoundland, Rupert’s Land, Nova Scotia, Prince Edward Island, the Thirteen Colonies,Florida និង Quebec​។​

​នៅ​ឆ្នាំ​១៧៦៣ សង្គ្រាម​រយៈពេល ៧ ឆ្នាំ រវាង​បារាំង និង​ចក្រភព​អង់គ្លេស បានបញ្ចប់​ដោយ ជោគជ័យ បាន​ទៅលើ​អង់គ្លេស ហើយ​បាន​បណ្តេញ​បារាំង ចេញពី​តំបន់​អាមេរិក​ខាងជើង ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​បំណុល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ចក្រភព​អង់គ្លេស​។ ខណៈនោះ ពន្ធ​នៅ​អង់គ្លេស ខ្ពស់កប់ពពក​រួចទៅហើយ ទើប​នៅ​ឆ្នាំ​១៧៦៤ សភា​អង់គ្លេស​តម្រូវឱ្យ​ដែនដី អាណានិគម​របស់ខ្លួន នៅ​អាមេរិក​ខាងជើង​នោះ ជា​អ្នកចំណាយ សម្រាប់​ការរស់នៅ​រប​ស់ កងទ័ព នៅ​ទីនោះ​។​

​ប៉ុន្តែ​ជនជាតិ​អាមេរិក បាន​ជំទាស់​យ៉ាង​ដាច់ខាត ហើយក៏​មានការ​តស៊ូ​មិន​អនុវត្ត​បទបញ្ញត្តិ នោះ ដោយ​ប្រការ​ផ្សេងៗ មាន​ទាំង​ធ្វើពហិកា មិន​ប្រើប្រាស់​ទំនិញ​របស់​អង់គ្លេស​រហូតដល់ បង្កើត​មាន​ជា​អំពើហិង្សា​ជា​ហូរហែ​។ នៅ​ឆ្នាំ​១៧៦៨ អំពី​ហិង្សា​ដ៏​ធំ បាន​ផ្ទុះឡើង​នៅ​បូ​ស្តុ​ន ហើយ​អង់គ្លេស បាន​បញ្ជូន​យោធា ៤.០០០ នាក់ ទៅ​ត្រួតត្រា​ស្ថានការណ៍​នៅ​ទីនោះ​។ នៅ​ឆ្នាំ​១៧៧៥ ក៏​ផ្ទុះ​សង្គ្រាម នៅ​ម៉ាស្សា​ឈូ​ស្សិត រវាង​ជនជាតិ​អាមេរិក​ប្រឆាំងនឹង​អាណា និគម​អង់គ្លេស នៅ​ទីនោះ​។​

​សង្គ្រាម​ជនជាតិ​អាមេរិក ប្រឆាំងនឹង​អាណានិគម​អង់គ្លេស ក៏​ចេះតែ​រីក​រាលដាល​ធំ​ទៅៗ រហូតដល់​ឆ្នាំ​១៧៨៣ ដែល​ទីបំផុត តំបន់​មួយចំនួន នៃ​ដែនដី​អាណានិគម​អង់គ្លេស​នៅ​អាមេរិក ខាងជើង​រួមមាន​Newfoundland, Rupert’s Land, Nova Scotia, Prince Edward Island, the Thirteen Colonies និង​Florida បាន​ផ្តាច់​ចេញពី​ការត្រួតត្រា​របស់​អង់គ្លេស​ហើយ​បង្កើតបានជា សហរដ្ឋអាមេរិក សព្វថ្ងៃនេះ​។​

​ពេលនោះ​ដែនដី​អាណានិគម​អង់គ្លេស​នៅ​អាមេរិក​ខាងជើង​បាន​ថយចុះ​ហើយ​បន្ទាប់ពី​ការធ្វើ​សង្គ្រាម អស់​រយៈពេល​៧​ឆ្នាំ រវាង​អង់គ្លេស និង​អេ​ស្ប៉ា​ញ មក​នៅ​ឆ្នាំ​១៨១៨ ដែនដី​ដែល​នៅ សេសសល់​មួយចំនួន បាន​ធ្លាក់​ទៅក្នុង​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ ដោយ​នៅសល់តែ Province of Canada , Brunswick និង Nova Scotia ប៉ុណ្ណោះ ។​

បង្កើត​អាណាចក្រ​កាណាដា​
​នៅ​ឆ្នាំ​១៨៤១ សហភាព​កាណាដា (The Canadas ដែល​បង្កើត​ពី​ការរួមបញ្ចូល​គ្នា​នៃ​កាណាដា ខាងលើ និង​កាណាដា​ខាងក្រោម​) បានរួម​បញ្ចូល​គ្នា​បង្កើត​ទៅជា Province of Canada ។ នៅ​ថ្ងៃទី​១​ខែ​ក្កដា​ឆ្នាំ​១៨៦៧ សភា​អង់គ្លេស បាន​អំពាវនាវ​ឱ្យ​បង្កើត​ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ទាំង​៣ តំបន់​គឺ Province of Canada , New Brunswick និង Nova Scotia ឱ្យទៅជា “ អាណាចក្រ​កាណាដា “ ( Dominion of Canada ) លុះ​ក្រោយមក ត្រូវបាន​គេ ស្គាល់​ថា ប្រទេស​កាណាដា សព្វថ្ងៃនេះ​។ គឺ​ថ្ងៃនោះ​ហើយ ដែល​បាន​ក្លាយជា​ទិវា​ជាតិ នៃ​ប្រជាជន​កាណាដា រហូតមកដល់​សព្វថ្ងៃ ។ ទោះយ៉ាងណា អង់គ្លេស​មិនមែន​លែងដៃ​ដោយ ងាយៗ​ឡើយ គឺថា បើទោះបីជា កាណាដា បាន​ក្លាយជា​អាណាចក្រ​មួយ ដូច្នោះ​ក្តី​ក៏​សិទ្ធិ នយោបាយ​មួយចំនួន នៅតែ​ត្រូវបាន​កាន់កាប់ ដោយ​ចក្រភព​អង់គ្លេស នៅឡើយ​។​

​ធម្មនុញ្ញ និង​សេរីភាព​កាណាដា ឆ្នាំ​១៩៦០ ត្រូវបាន​គេ​ហៅថា ក្រម​នៃ​សិទ្ធិ (Bill of Rights) មានបំណង​ចង់​ការពារ និង​ធានា​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល សម្រាប់​ប្រជាជន នៅក្នុង​កាណាដា​។ ទោះយ៉ាងណា Bill of Rights មាន​ទម្រង់​ជា​លក្ខ​និ្ត​កៈ​សហព័ន្ធ​ជាជាង រដ្ឋធម្មនុញ្ញ ដែល​បានសេចក្តីថា វា​ងាយ​នឹង​ត្រូវគេ​កែប្រែ​តាមតែ​ភាគី​អ្នកមានអំណាច ឬ មាន​ឥទ្ធិពល ពោលគឺ​វា​ពុំ​សូវ​មាន​ឥទ្ធិពល ឬ​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​ធានាបាន​នូវ​គោល បំណង​របស់ខ្លួន ពោលគឺ​សិទ្ធិ​នយោបាយ និង សិទ្ធិ​ស៊ីវិល របស់​ជនជាតិ កាណាដា ឡើយ​។ ប៉ុន្តែ​វា​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​នៅក្នុង​រដ្ឋាភិបាល​កាណាដា​នាពេលនោះ​ឱ្យ​លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កាណាដា​។​

​ចលនា​សិទ្ធិមនុស្ស និង​សេរីភាព ដែល​បាន​កើតឡើង បន្ទាប់ពី​សង្គ្រាមលោកលើកទី​២ ក៏​ចង់​បង្កើត​ផងដែរ នូវ​គោលការណ៍ ដែលមាន​ចែង នៅក្នុង​សេចក្តីប្រកាស​សកល នៃ​សិទ្ធិ មនុស្ស​។ ដូច្នេះ​ទើប​រដ្ឋាភិបាល​របស់ លោកនាយក​រដ្ឋមន្ត្រី Pierre Trudeau បានអនុម័ត រដ្ឋធម្មនុញ្ញ​កាណាដា ដែល​ការពារ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ស៊ីវិល​របស់​ប្រជាជន កាណាដា​។​

​នៅ​ប្រទេស​កាណាដា បាន​ហៅ​រដ្ឋធម្មនុញ្ញ​នេះ​ថា រដ្ឋធម្មនុញ្ញ ១៨៦៧​។​ម្ចាស់​ក្ស​ត្រី​យ៍​អេ​លីហ្សា ប៊ែ​តទី​២ ( Elizabeth II ) នៃ​ចក្រភព​អង់គ្លេស ក្នុងឋានៈ​ជា​ក្ស​ត្រី​យ៍​នៃ​ប្រទេស​កាណាដា​ផង បាន​ឡាយព្រះហស្តលេខា លើ​រដ្ឋធម្មនុញ្ញ​នោះ និង​បាន​ដាក់ចូល​ជា​ធរមាន​ជាមួយ​សេចក្តី ប្រកាស នៅ​ទីក្រុង​អូ​តា​វ៉ា នៃ​ប្រទេស​កាណាដា នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៨២​។​

​រដ្ឋធម្មនុញ្ញ​នេះហើយ ដែល​បានធ្វើឱ្យ​ប្រទេស​កាណាដា មាន​សេរីភាព​យ៉ាង​ពេញលេញ ប៉ុន្តែ​ប្រជាជន​កាណាដា បាន​ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​១​ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ទាំង ៣ គឺ Province of Canada New Brunswick និង Nova Scotia រួមបញ្ចូល​គ្នា​បង្កើតបានជា​អាណាចក្រ​កាណាដា នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៨៦៧៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

ក្បួន​ដង្ហែ​នៃ​ទិវា​ជាតិ​កាណាដា
ក្បួន​ដង្ហែ​នៃ​ទិវា​ជាតិ​កាណាដា
ទីក្រុង អូ​តា​វ៉ា រដ្ឋធានី នៃ ប្រទេស កាណាដា ( អូ​តា​វ៉ា​)