ទិវា​ឯករាជ្យ​ជាតិ សុ​ម៉ាលី​

136
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ សុ​ម៉ាលី ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅថ្ងៃទី០១ ខែកក្កដា ដើម្បីរំឭក​ដល់​ថ្ងៃ​ដែល សុ​ម៉ាលី អ៊ីតាលី និងរដ្ឋនៃដែនដី​ណ សុ​ម៉ាលី រួបរួមគ្នា​បង្កើតបាន​ជា សាធារណរដ្ឋ សុ​ម៉ាលី ឯករាជ្យ កាលពី​ឆ្នាំ ១៩៦០ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សហព័ន្ធ​សាធារណរដ្ឋ សុ​ម៉ាលី មាន​ផ្ទៃដី ៦៣៧.៦៥៧ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ឧបទ្វីប អាហ្វ្រិក ឦសាន​។ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អេ​ត្យូ​ពី សមុទ្រ​អា​ដែន សមុទ្រ​ឥណ្ឌា និង ប្រទេស កេ​ន​យ៉ា ។ ដើមឆ្នាំ ២០២០ មាន​ប្រជាជន​ជិត ១៦ លាន់​នាក់​ជា​អម្បូរ​ជន​ស្បែក​ខ្មៅ ភាគច្រើន​កាន់សាសនា អ៊ីស្លាម ភាសាផ្លូវការ​គឺ​ភាសា សុ​ម៉ាលី និង ភាសា​អារ៉ាប់ រដ្ឋធានី គឺ​ទីក្រុង ម៉ូ​ហ្កា​ឌី​ស៊ូ ។​
​ ​
ប្រ​វ​តិ្ត​សាស្ត្រ​
​គិត​ត្រឹម​ទសវត្សរ៍ ១៩៨០ ដែនដី​ភាគ​ខាងជើង ភាគ​កណ្តាល និង ភាគខាងត្បូង នៃ ប្រទេស សុ​ម៉ាលី បច្ចុប្បន្ននេះ ត្រូវ​បានឱ្យ​ឈ្មោះថា “ សុ​ម៉ាលី អ៊ីតាលី “ ដ្បិត​ដែនដី​ទាំងនោះ​ស្ថិតក្រោម កិច្ចការពារ​របស់​ម​ហា​អំណាច​អ៊ីតាលី តាមរយៈ​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់ នៃ ពួក ស៊ុ​លត​ង់ ( អ្នកកាន់អំណាច ) ក្នុង​តំបន់​ដែល​កំពុង​ប្រកួតប្រជែង​គ្នា ហើយ​ត្រូវការ​មហាអំណាច អឺរ៉ុប នៅ​ពីក្រោយ​ខ្នង​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយ​ដែនដី​ទាំងនោះ​ត្រូវបាន​ដាក់បញ្ចូល​ជា​ដែនដី អ៊ីតាលី អាហ្វ្រិក ខាងកើត នៅ​ឆ្នាំ ១៩៣៦ ជា​ផ្នែក​មួយ នៃ ដែនដី​អាណានិគម របស់ អ៊ីតាលី ។​
​ ​
​ចំណែក​ភាគ​ពាយ័ព្យ នៃ តំបន់​នោះ ត្រូវ​បានឱ្យ​ឈ្មោះថា “ សុ​ម៉ាលី អង់គ្លេស “ ដោយសារ ទឹកដី នៃ ភូមិភាគ​នោះ​ស្ថិតក្រោម​កិច្ចការពារ​របស់​ចក្រ​ភព​អង់គ្លេស ។ រីឯ​តំបន់​ឆ្នេរសមុទ្រ សុ​ម៉ាលី ត្រូវ​បានឱ្យ​ឈ្មោះថា “ សុ​ម៉ាលី បារាំង “ ដោយសារ​តំបន់​ទាំងនោះ​ស្ថិតក្រោម​កិច្ច ការពារ​របស់​បារាំង ។​
​ ​
​តាមរយៈ​យុទ្ធនាការ​របស់ អាហ្វ្រិក​ខាងកើត នៅក្នុង​សង្គ្រាមលោកលើកទី ២ ដែនដី សុ​ម៉ាលី អ៊ីតាលី ត្រូវបាន​ធ្លាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់ ចក្រភព​អង់គ្លេស នៅ​ឆ្នាំ ១៩៤១ ។ នៅ​ឆ្នាំ ១៩៤៦ គឺ​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ២ មាន​លិខិត​បង្គាប់ របស់ សម្ព័ន្ធ នៃ ប្រជាជាតិ (​ក្រោយមក គឺ​អង្គការ សហប្រជាជាតិ ) បាន​ដកហូត​ដែនដី​អាណានិគម​នានា ឱ្យ​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​រប​ស់ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ វិញ ទើប​ដែនដី​សុ​ម៉ាលី ត្រូវបាន ដកហូត​ពី ចក្រភព អង់គ្លេស ឱ្យនៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នៅ​ខែ វិច្ឆិកា ឆ្នាំ​១៩៤៩ ។
​ ​
​នៅ​អំឡុង​ពេលនោះ សុ​ម៉ាលី ទាំង​អតីត សុ​ម៉ាលី អ៊ីតាលី សុ​ម៉ាលី បារាំង និង សុ​ម៉ាលី អង់គ្លេស មានការ​អភិវឌ្ឍ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ។​
​ ​
សុ​ម៉ាលី ឯករាជ្យ​
​នៅ​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៦០ សុ​ម៉ាលី អង់គ្លេស ប្រកាស ដកខ្លួន​ចេញពី​កិច្ចការពារ​របស់ អង់គ្លេស ហើយ​ឱ្យឈ្មោះ​ខ្លួនឯង​ថា “ រដ្ឋ នៃ ដែនដី​សុ​ម៉ាលី “ ដោយមាន​លោក ម៉ូ​ហា​ម៉េ​ដ ហា​ជី អ៊ីប្រាហ៊ីម អែ​ហ្កា​ល់ ជា​នាយករដ្ឋមន្ត្រី​។

​តាម​ស្មារតី នៃ លិខិត​បង្គាប់​ការណ៍​ខាងលើនេះ​ផង ដោយមាន​ការទាមទារ​យ៉ាង​មាន​ថាមពល នៃ សម្ព័ន្ធ​យុវជន សុ​ម៉ាលី ធំៗ ចំនួន ២ ផង នៅ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ១៩៦០ សុ​ម៉ាលី អ៊ីតាលី និង រដ្ឋ នៃ ដែនដី សុ​ម៉ាលី ( អតីត សុ​ម៉ាលី អង់គ្លេស ) បាន​រួបរួម​បញ្ចូល​គ្នា​បង្កើត បានជា សាធារណរដ្ឋ សុ​ម៉ាលី ។ គឺ​ពេល​នោះឯង​ហើយ ដែល សុ​ម៉ាលី ទទួលបាន​ឯករាជភាព របស់ខ្លួន​ពី​ប្រទេស​មហាអំណាច ហើយក៏​ជា​ថ្ងៃ​នោះឯង​ដែរ ដែល​ក្រោយមក​បានក្លាយ​ជា ទិវា​ឯករាជ្យ សុ​ម៉ាលី រហូតមកដល់​សព​ថ្ងៃនេះ ។​

​តាមរយៈ​ការបោះឆ្នោត​ធ្វើ​ប្រជា​តិ​មតិ នៅមុននេះ​មួយថ្ងៃ ដែលមាន​ការចោទប្រកាន់​ថា ជាការ​បោះឆ្នោត​មិន​យុត្តិធម៌​ដោយសារ​មានការ​ជ្រៀតជ្រែក​ពី បារាំង ( ព្រោះ បារាំង មិន​ចង់ របូត សុ​ម៉ាលី ចេញពី​ដៃ​ឡើយ ហើយរ​ណី​នេះ មិនមែន បារាំង ជា​ករណី​តែម្នាក់ឯង​ទេ គឺ​មហាអំណាច​ណា ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា តើ​ម្ចាស់​ប្រទេស​ទាំងនោះ មាន​ឆន្ទៈ និង សមត្ថភាព​កម្រិតណា​តែប៉ុណ្ណោះ ) នោះ សុ​ម៉ាលី បារាំង បានសម្រេច​ចិត្ត​មិន រួបរួម​ជាមួយ សុ​ម៉ាលី ទាំងពីរ​ខាងលើ​នេះឡើយ គឺ​ពេញចិត្ត​បន្ត​នៅ​ជា សុ​ម៉ាលី បារាំង ដដែល ។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​
​នៅ​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៦៩ ប្រធានាធិបតី អាប​ឌី​រ៉ា​ហ្ស៊ី​ត​ត្រូវបាន​អង្គរក្ស​របស់គាត់​បាញ់ សម្លាប់​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ផ្នែក​ខាងជើង​ក្រុង ឡាស អា​ណុ​ដ ។

​នៅ​ថ្ងៃទី ២១ ខែ និង ឆ្នាំ ដដែល​នោះ មាន​រដ្ឋប្រហារ​យោធា​មួយ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម សេនីយ៍​ទោ សាឡា​អាដ ហ្កា​ប៊ី​រ៉េ កេ​ឌី​យ៍ និង លោក ស្នងការ​ប៉ូលិស ចា​ម៉ា គូ​ហ្សែ​ល ។

​បន្ទាប់មក មេ​រដ្ឋប្រហារ​ទាំងពីរ រូប​បាន​បង្កើត​ក្រុមប្រឹក្សា​មួយ​ឈ្មោះថា “ ឧ​ត្ត​ម​ក្រុមប្រឹក្សា បដិវត្តន៍ “ (SRC) ដើម្បី បន្ត​កាន់អំណាច​ពី​លោក​ប្រធានាធិបតី​ដែល​ត្រូ​បាន​ធ្វើឃាត​ប៉ុន្មាន​ថ្ងៃ មុននេះ ។ លោក កេ​ឌី​យ៍ កាន់តំណែង​ជា បិតា​ប​ដិ​វដ្ដន៍ ចំណែក​លោក ឧ​ត្ត​ម​សេនីយ៍ បា​រ៉េ កាន់តំណែង​ជា​ប្រមុខ ក្រុមប្រឹក្សា​បដិវត្តន៍ SRC ។​

​បន្ទាប់មក SRC បាន​រំលាយ​រដ្ឋសភា និង តុលាការ​កំពូល និង ពន្យារ​អាជ្ញា​យុ​កាល​រដ្ឋធម្មនុញ្ញ និង ប្តូរ​ឈ្មោះ​ប្រទេស​ទៅជា សាធារណរដ្ឋ ប្រជាធិបតេយ្យ សុ​ម៉ាលី ។

​ចាប់ពីពេលនោះ​មក សុ​ម៉ាលី មាន​សង្គ្រាម ស៊ីវិល ជា​បន្តបន្ទាប់​ធ្វើឱ្យ​ប្រទេស​រង​ការ​ខ្ទេចខ្ទាំ យ៉ាងខ្លាំង ហើយ​ប្រទេស​ក៏​ធ្លាក់​ទៅជា​ប្រទេស​កុ​ម្មុយ​និ​ស្ត រហូតដល់​ឆ្នាំ ២០១០ ទើបបាន ស្រាកស្រាន្ត ហើយ​ឈ្មោះ​ប្រទេស ត្រូវបាន​ប្តូរ​ទៅជា សហព័ន្ធ សាធារណរដ្ឋ សុ​ម៉ាលី នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១២ ហើយ​ក្លាយជា​រដ្ឋ​ប្រជាធិបតេយ្យ​ពី​ពេល​នោះមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង ម៉ូ​ហ្កា​ឌី​ស៊ូ នៃ ប្រទេស សុ​ម៉ាលី
ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ​សុ​ម៉ាលី
ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ឯករាជ្យ​ជាតិ​សុ​ម៉ាលី