មិត្តហ្វូនប្រគល់ប្រព័ន្ធវីដេអូខន់ហ្រ្វេន ជូនកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស

246
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនមិត្តហ្វូនកាលពីរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ បានប្រគល់ប្រព័ន្ធវីដេអូសន្និសីទដល់កងរាជអាវុធហត្ថកម្ពុជាចំនួន២៨គ្រឿងព្រមទាំង ផ្តល់ជូនសេវា Leased Line ដែលមានគុណភាពខ្ពស់សម្រាប់ការតភ្ជាប់ក្នុងអង្គភាព។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រុមប្រឹក្សាភិបាលរបស់ក្រុម ហ៊ុនមិត្តហ្វូន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រព័ន្ធវីដេអូខន់ហ្វ្រេននេះ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណ និង​មោទន​ភាពក្រៃលែងដែលក្រុមហ៊ុនមិត្តហ្វូន​បានសហការជាមួយ​រាជរដ្ឋាភិបាល​ដើម្បី ដាក់ ដំណើរការប្រព័ន្ធវីដេអូសន្និសីទរបស់​ក្រុមហ៊ុនមិត្ដហ្វូនជូនកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសចំនួន២៨គ្រឿងព្រមទាំងផ្តល់ជូនសេវា Leased Line ដែលមានគុណភាព​ខ្ពស់ សម្រាប់ការតភ្ជាប់ក្នុងអង្គភាព។

លោកបានបន្តថា៖“ប្រព័ន្ធវីដេអូសន្និសីទនេះគឺជាបច្ចេកវិទ្យាទំនាក់ទំនងពីចម្ងាយដ៏ល្អបំផុតមួយដែលមាននៅខណៈពេលនេះ ។ក្នុងអំឡុងពេលជំងឺកូវីដ១៩និងកា​រផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៃបច្ចេកវិទ្យាដំណោះស្រាយវីដេអូគឺជាជំរើសដ៏ល្អមានប្រសិទ្ធភាពនិង​ជឿ​ន​​​លឿនបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំ សិក្ខាសាលានិងការសន្ទនាពី​ចម្ងាយដោយមិន​ចាំ​បាច់ជួបផ្ទាល់និងនៅតែធានាបាននូវការបញ្ជូនព័ត៌មាន​យ៉ាងពេញ​លេញ និង រស់​រវើក​”។

លោក ហ្វុង វ៉ាន់ គឿង បានឱ្យដឹងថា៖ប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេននេះ​មានគុណ​ប្រយោជន៍ជាច្រើនរួមមាន៖រហ័សនិងងាយស្រួលក្នុងការចាប់ផ្តើមការប្រជុំការតំរង់​ទិ​ស​​ដៅផ្សេងៗ ការទំនាក់ទំនងជាសំលេងនិង​គុណភាពរូបភាព​យ៉ាងរលូន​ជាមួយរូប​ភាព​កម្រិត HD/​FullHD និង អនុញ្ញាតឱ្យថតកិច្ចការប្រជុំទុកបានលើសពីនេះរាល់​ព័ត៌​មា​ន​​ប្រជុំទាំងអស់ត្រូវបានរក្សាជាការសម្ងាត់តាមដែលអាចធ្វើទៅបាន។ក្រៅពីនេះ មិត្តហ្វូន​ប្តេជ្ញាជួយដោះស្រាយបញ្ហារហូតដល់២៤ម៉ោង/៧ថ្ងៃ នឹងឆ្លើយតបមិនយឺតជាង២​ម៉ោង​បន្ទាប់ពីទទួលបានរបាយការណ៍បញ្ហាដើម្បី​ធានាបទពិសោធន៍ថែទាំអតិថិជន​ឲ្យបាន​ល្អបំផុត។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះ​ការផ្តល់ប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេនបានយ៉ាងរហ័សនិងការគាំទ្រជាបន្តបន្ទាប់អំពីបច្ចេកវិទ្យានិងការចូលរួមចំណែកក្នុងកំឡុងពេលរាតត្បាតជំងឺ Covid 19 និងគ្រប់​កាលៈ​ទេសៈទាំងឡាយ។

លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍បន្តថា“ថ្ងៃនេះ​គឺ​ជា​ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កងរាជអាវុធហត្ថកម្ពុជាដែលយើងបានបំពាក់នូវ​បច្ចេ​ក​​​​វិទ្យា​ថ្មីទៅលើការងាររបស់យើង។ អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាល​កង​រាជអាវុធហត្ថកម្ពុជាបានអនុវត្តបច្ចេកវិទ្យានិងដំណោះ​ស្រាយថ្មីៗលើការងារ​ប្រចាំថ្ងៃ​ដើម្បី​កែលំអផលិតភាព និងប្រសិទ្ធភាពការងារ” ។

 លោកនាយឧត្តមសេនីយ៍ បានជូនពរមិត្តហ្វូនទទួលបានជោគ​ជ័យបន្ថែមទៀតនៅក្នុង​អាជីវកម្មរបស់ខ្លួននិងសូមឲ្យអតិថិជនប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះកាន់តែច្រើន។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

សូមរម្លឹកថា៖កន្លងមកក្រុមហ៊ុនមិត្តហ្វូនក៏បានផ្តល់នូវដំណោះស្រាយវីដេអូខន់​ហ្វ្រេន​នេះ​តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នាជាមួយក្រសួង​អប់រំ​យុវ​ជននិងកីឡាកាលពីខែមីនា ដើម្បីដាក់ដំណើរការប្រព័ន្ធអេកូឡូស៊ី Smart Education នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា eLearning eBook និងការផ្តល់ជូនអ៊ីនធឺ​ណិត​ទៅ​សាលារៀនដោយឥតគិតថ្លៃ និងកិច្ចការជាច្រើនទៀត។ ដំណោះស្រាយទាំង​នេះត្រូវ​បាន​គេជឿជាក់ថានឹងអនុវត្តសម្រាប់កិច្ចប្រជុំកំពូលៗ ដូចជាកិច្ចប្រជុំកំពូល​អាស៊ាន​អំពី​ជំងឺ Covid 19 នៅក្នុងខែមេសាកន្លងទៅក្រោមប្រធាននៃប្រមុខរដ្ឋទាំង១១ ប្រទេសនៃ​សមា​ជិកអាស៊ាន។ មិត្តហ្វូនក៏បានជួយគាំទ្រដល់ការិយាល័យ​រដ្ឋាភិបាលដទៃទៀត​ផង​ដែរ ដោយផ្តល់នូវប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេនដោយឥតគិតថ្លៃ ក្នុងកំឡុង​ពេលមាន​ជំងឺរាតត្បាត Covid 19៕/PH