គណៈកម្មការ​ទន្លេមេគង្គ​បញ្ចប់​សន្និសីទ​អន្តរជាតិ​រយៈពេល​២ ថ្ងៃ​នៅ​ខេត្តសៀមរាប​

1166
ចែករម្លែក

ដោយ​: រស្មី / សៀមរាប​: គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ម្សិលមិញ បានបញ្ចប់​នូវ​ការរៀបចំ សន្និសីទ​អន្តរជាតិ​រយៈពេល​២ ថ្ងៃ​របស់ខ្លួន​ពីថ្ងៃ​ទី ២​ដល់ ៣ ខែមេសា ឆ្នាំ​២០១៨ ជាមួយ​អនុសាសន៍​មួយចំនួន​សម្រាប់​ការអភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ក្រោម ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​សន្និសីទ​នេះ បាន​ទាក់ទាញ​អ្នកពាក់ព័ន្ធ​ចំនួន​ប្រមាណ​ជា​៤០០​នាក់ មកពី​រដ្ឋាភិបាល​ប្រទេស​នានា អង្គការ​មិនមែន​រដ្ឋាភិបាល​អង្គការ​មិនមែន​រដ្ឋាភិបាល​វិស័យ​អប់រំ​វិស័យ​ឯកជន និង​អង្គការ​អាង​ទន្លេ​ដទៃទៀត ដែល​ពួកគេ​បាន​បង្កើត​នូវ​អនុសាសន៍​រួមគ្នា ដើម្បី​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) តំបន់​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា អាង​ទន្លេមេគង្គ​ក្រោម​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ការរួមបញ្ចូល​គ្នា​រវាង​កត្តា​សមត្ថភាព​និង​ទស្សនវិស័យ​ផ្សេងៗ​គ្នា​, ការរួមចំណែក​របស់​តំបន់ និង​ការចូលរួម​ក្នុង​ភាពជា​ដៃគូ​ដ៏​មាន​អត្ថន័យ ដើម្បី​បង្កើន​ឱកាស និង​ដោះស្រាយ​បញ្ហា​នៅ​អាង​ទន្លេមេគង្គ​។

​គណកម្មការ​ទន្លេមេគង្គ​បាន​អះអាងថា អ្នកចូលរួម​ក្នុង​សន្និសីទ​បាន​រកឃើញថា ការសិក្សា​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដែល​បានបញ្ចប់​ក្នុងពេល​ថ្មីៗ​នេះ ស្តីពី​ការអភិវឌ្ឍន៍​និង​ការគ្រប់គ្រង​ប្រកបដោយ​ចីរភាព​នៃ​ទន្លេមេគង្គ​ដែល​គេ​ស្គាល់​ថា​ជាការ​សិក្សា ប្រឹក្សា​យោបល់​ស្តីពី​ការ​អភិ​វ​ឌ្ឈ​ន៍​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​នៅ មាន​ចន្លោះប្រហោង ប៉ុន្តែ លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ទាំង​ផលប្រយោជន៍​ជា​វិជ្ជមាន និង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការអភិវឌ្ឍន៍​។

​ប្រភព​ដដែល​បាន​បន្តថា ការដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​ឆ្លងដែន​នឹង​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​និង បង្កើន​គម្រោង ដើម្បី​ទទួលបាន​ផលប្រយោជន៍​ធំ​បំផុត​និង​ការចំណាយ​លើ វិធានការ​កាត់បន្ថយ​និង​វាយតម្លៃ​ទីតាំង​ជំនួស​និង​ការ​រចនា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់ទង​នឹង​ទឹក ថាមពល ស្បៀងអាហារ​នៅក្នុង​តំបន់​។

​ប្រភព​ដដែល​បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​ក្នុង​ការមិន​ត្រឹមតែ​បំពេញ​តាម​ការប្តេជ្ញាចិត្ត​ជាតិរ​បស់​ពួកគេ​ចំពោះ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ស្តីពី​ទឹក​នោះទេ ក៏ប៉ុន្តែ​ក៏​យកចិត្តទុកដាក់ លើ​បញ្ហា ភាពក្រីក្រ ភាពអត់ឃ្លាន យេនឌ័រ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួល​អាកាសធាតុ បរិស្ថាន សន្តិភាព​និង​ស្ថាប័ន ព្រមទាំង​ភាពជា​ដៃគូ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម