ឆ្នាំ​២០២០​នេះ ខែកក្កដា មាន​អាយុ ២.៧៧៣ ឆ្នាំ​ហើយ​

170
ចែករម្លែក

ភ្នំពេញៈ ពាក្យ​ថា កក្កដា មកពី​ភាសាបាលី និង​ភាសាសំស្ក្រឹត​ថា កក្កដ (​ក័ក​-​ក​:-​ដ​:) ប្រែជា ខេមរភាសា​ថា សត្វ​ក្តាម​។ កក្កដា គឺជា​ខែ​ទី​៤ នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​៧ នៃ ប្រតិទិន​សកល ហើយ​វា​គឺជា​ខែ​មួយ ក្នុងចំណោម​ខែ​ទាំង​៧ ដែល​ក្នុង​មួយខែ មាន​រយៈពេល​៣១​ថ្ងៃ ។ គេ​អាច​ហៅ​ខែកក្កដា ថា កក្កដ​រាសី ក៏បាន ( ពាក្យ​ថា រាសី ប្រែ​ថា ខែ ) ។​

​កក្កដា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំ មុន​គ្រិ​ស្ទ​សករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នោះ ក្នុង​មួយឆ្នាំ មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែមីនា (​អាន​ថា មីណា​) ។ ដោយហេតុនេះ កាលណោះ កក្កដា គឺជា​ខែ​ទី​៥ ហើយ​មានឈ្មោះ​ជា​ភាសាឡាតាំង​ថា Quintilis ។ ដូច្នេះ​មកដល់​ឆ្នាំ​២០២០ នេះ ខែកក្កដា មាន​អាយុកាល​២៧៧៣ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី​២ ក្នុងចំណោម​ក្សត្រ តាម​បវេណី​ទាំង ៧ អង្គ របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា​។ ប្រតិទិន​នេះ ក្នុង​មួយឆ្នាំ មាន​១២​ខែ ហើយ​ខែកក្កដា ក៏បាន​ក្លាយទៅជា​ខែ​ទី​ប្រាំពីរ​តាំងពីពេល​នោះមក​។​

​ប្រតិទិន​នូ​ម៉ា​នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន​ជូ​លាន ដោយ​លោក​ជូ​លី​យើ​ស​សេ​ហ្សា នៅ​៤៦ ឆ្នាំមុន​គ្រិស្តសករាជ​។ ដើម្បី​ជាការ​ដឹងគុណ​ដល់​លោក​ជូ​លី​យើ​ស​សេ​ហ្សា​ដែល បាន​បង្កើត​ប្រតិទិន​ថ្មី​នេះ សភា​រ៉ូ​ម៉ាំង​បាន​កែប្រែ​ឈ្មោះ​ខែ​ទី ៧​គឺ​ខែ​Quintilis​ដាក់​ទៅជា​Julius វិញ​។​ខែ​ក្កដា​ដែលជា​ភាសា​អង់គ្លេស​ហៅថា​July គឺ​មកពី​ភាសាឡាតាំង​ដែលជា​ឈ្មោះ​ដើម​ថា Julius នេះឯង​។​

​លុះដល់​ឆ្នាំ​១៥៨២ នៃ​គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច​ប៉ាប​ហ្គ្រេ​ហ្កូ​រី​ទី​១៣ កែប្រែ​ប្រតិទិន ជូ​លាន​នេះ ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល នាពេល​បច្ចុប្បន្ន​។​

ការ​ទស្សន៍ទាយ​ចំពោះ​ជន​កើត​ខែ កក្កដា​
​តាម​ក្បួន​ហោរា នៃ​ពួក​ប​ស្វិ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា កើត​នៅក្នុង​ខែកក្កដា គឺ​ជនានុជន ទាំងឡាយណា កើត​នៅក្នុង​ចន្លោះ​ថ្ងៃទី​២១ ខែមិថុនា​-​ថ្ងៃទី​២២ ខែកក្កដា​ហើយ​មនុស្ស​ទាំងនេះ គេ​អាច​ហៅថា កក្កដ​រាសី​បុគ្គល ក៏បាន​។ កក្កដ​រាសី​បុគ្គល ស្មើនឹង​មនុស្ស​កើត​ឆ្នាំ​ពពែ នៃ ក្បួន​ហោរា​ចិន ឬ ឆ្នាំ មមែ នៃ ក្បួន​ហោរា ខ្មែរ​។​

​កក្កដ​រាសី​បុគ្គល ធាតុទឹក ទទួល​ឥទ្ធិពល​ពី​ភព​ព្រះ​ចន្ទ​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍ មនោសញ្ចេតនា​។ ត្បូង​នាំ​សំណាង គឺ​ត្បូង​ដួង​ចន្ទ​គជ់ ត្បូង​ទទឹម និង​ត្បូង​ថ្មយក់ ស ឬ​ថ្លើមថ្ម ស ។ អ្នក​កើត​ក្នុង​កក្កដ​រាសី ឆុង​នឹង​អ្នក​កើត ខែកុម្ភៈ​។​

​កក្កដ​រាសី​បុគ្គល គឺជា​មនុស្ស​ពូកែ​ដាក់​មនោសញ្ចេតនា​ជ្រាលជ្រៅ (​ស៊ី​អារម្មណ៍ ឬ ចូល​តួ​)​។ គ្រួសារ គឺជា​កត្តា​សំខាន់​ទី​១ សម្រាប់​ចិត្ត​របស់​មនុស្ស កើត​ខែកក្កដា​។ មនុស្ស​នេះ តែងមាន ចិត្ត​សន្តោស​ប្រណី និង​អធ្យាស្រ័យ​ខ្ពស់ ចំពោះ​មនុស្ស ដែល​នៅក្បែរ​ខ្លួន មាន​មេត្តាធម៌ មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ការពារ​មនុស្ស​ជាទី​ស្រឡាញ់​ដល់ទី​បំផុត​។ ការចេះ​លះបង់ ខ្ពស់ ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នេះ គឺជា​ចំណុច​ដ៏​ពិសេស​សម្រាប់​បុគ្គល​នេះ​។ គេ​ស័ក្តិ សមជា​ឪពុក ឬ​ម្តាយ​គេ​បំផុត​។ នៅពេល​មាន​ជម្លោះ ក្នុង​គ្រួសារ​បុគ្គល​នេះ មិនដែល​យក​ជម្លោះ នោះ មក​ដាក់​ក្នុង​ចិត្ត ហើយ​គិត​ចង់​សងសឹក​ឡើយ ថែមទាំង​ចេញមុខ​មក​ការពារ​គ្រួសារ គ្រប់ពេលវេលា​ទៀតផង​។​

​ប៉ុន្តែ​បុគ្គល​នេះ ក៏មាន​ចំណុចខ្សោយ គួរឱ្យ​រកាំចិត្ត​ណាស់ដែរ គឺ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​អ្នកដទៃ ហើយ​បង្ហាញ​ឱ្យ​អ្នកផ្សេង យល់ថា នោះ​ជា​របៀប​របស់​ខ្លួនគេ ចូលចិត្ត​រំឭក​រឿង​អតីតកាល បង្កជម្លោះ ដោយ​ប្រយោល ឬ​ហៅ​ម្យ៉ាង​ទៀតថា ចាក់រុក​ឱ្យ​អ្នកដទៃ​ឈ្លោះ​គ្នា​ចូលចិត្ត​រំខាន​អ្នក ដទៃ និង​ចូលចិត្ត​ធ្វើខ្លួន ជា​អ្នកគ្រប់គ្រង​ត្រួតត្រា​គេ​។​

​បុគ្គល​កើត​ក្នុង​ខែ កក្កដា តែងតែ​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​ភ្លាមៗ ដោយ​មិន​ខ្វល់​ត្រិះរិះ ពិចារណា ឲ្យ​បាន​វែងឆ្ងាយ​ឡើយ​។ បុគ្គល​នេះ លង់​ស្រឡាញ់​នរណាម្នាក់​គឺ​លង់​ស្រឡាញ់​ភ្លែត មិនដែល​មើលចិត្ត ឬ​ស៊ើប​ប្រវត្តិរូប​មនុស្ស​នោះ ជាមុន​ឡើយ​។ បុគ្គល​កើត​ក្នុង​កក្កដ​រាសី​មិន ចូលចិត្ត​ឡើយ​នូវ​មនុស្ស​ដែល​ពូកែ​អួត​ក្អេងក្អាង​ឬ​វាយឫក​ពេក ។ បុគ្គល​កើត​ក្នុង​កក្កដ​រាសី គឺជា​គូស្នេហ៍ ដែល​ចេះ​លះបង់ ចំពោះ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បំផុត និង​ជាម​នុស្ស​ដែល​ចេះ ស្រឡាញ់​កូនៗ និង​គ្រួសារ​អស់​មួយជីវិត​។​

​ទោះ​មាន​ចរិតមិនល្អ​ខ្លះ ដូច​ពោល​ខាងលើ មកហើយ​ក្តី បុគ្គល​កើត​ក្នុង​កក្កដ​រាសី គឺជា​មិត្តភក្តិ ម្នាក់ ដែល​ចេះ​ជួយ​អ្នកដទៃ​ខ្លាំងណាស់​។ បុគ្គល​នេះ ចាត់ទុក​មិត្តភក្តិ គឺជា​របស់​មានតម្លៃ​បំផុត ទី​ពីរ បន្ទាប់ពី​គ្រួសារ​របស់ខ្លួន​។​
​ ​
​តាម​ធម្មតា បុគ្គល​នេះ មិនសូវ​ចេះ​រើសអើង ចំពោះ​ការងារ​ឡើយ ពោលគឺ​តែងតែ​ចាប់យក ឱកាស​ធ្វើ​ការងារ​គ្រប់​ប្រភេទ​ឲ្យ​តែ​គេ​មានឱកាស​។ ប៉ុន្តែ​ការងារ​ដែល​បុគ្គល​នេះ​អាច​រីកចម្រើន និង​ត្រចះត្រចង់​បាន គឺ​មានតែ​ប្រភេទ​ការងារ ដែល​ពាក់ព័ន្ធ​នឹង​ការមើល​ថែទាំ​ប៉ុណ្ណោះ ជាពិសេស​បើជា​នារី​វិញ ការងារ​គិលានុបដ្ឋាយិកា គឺ​ល្អ​បំផុត​ហើយ​។ ទោះយ៉ាងណា​ការងារ ជា​អ្នកសារព័ត៌មាន ក៏​សមគួរ​ដល់​បុគ្គល​នេះដែរ ហើយ​បើជា​បុរស​វិញ​ការងារ​ជា​អ្នក នយោបាយ ក៏​ស័ក្តិសម​ណាស់ដែរ​។​
​ ​
​កក្កដ​រាសី​បុគ្គល ប្រសប់​រកលុយ​ខ្លាំងណាស់ ហើយ​ចាយវាយ​ត្បិតត្បៀត ក៏​ណាស់ដែរ​។ មនុស្ស​នេះ ហ្មត់ចត់​បំផុត​ក្នុង​រឿង​ទុកដាក់​លុយកាក់ ហើយ​ប្រសិនបើ​បុគ្គល​នេះ គិត​ចង់យកលុយ​វិនិយោគ​វិញក៏​គេ​មិន​វិនិយោគ​ច្រើន​ដែរ ប៉ុន្តែ​ផលចំណេញ​ពី​ការវិនិយោគ​ នោះ តែងតែ​ហូរ​ចូលមក​វិញ យ៉ាង​ក្រាស់ក្រែល ។​

​ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី ១ ខែ កក្កដា ទិវា​ជាតិ​នៃ​ប្រជាជន​កាណាដា​ក៏​ជា​ទិវា​ឯករាជ្យ​ជាតិ សុ​ម៉ាលី ដែរ , ថ្ងៃទី ៤ ទិវា​ឯករាជ្យ​ជាតិ អាមេរិកាំង , ថ្ងៃទី ១១ ទិវា​ជាតិ ម៉ុង​ហ្គោល , ថ្ងៃទី ១៤ ទិវា​ជាតិ នៃ​សាធារណ រដ្ឋ បារាំង , ថ្ងៃទី ២០ ទិវា​ឯករាជ្យ​ជាតិ កូ​ឡុំ​ប៊ី , ថ្ងៃទី ២១ ទិវា​ឯករាជ្យ​ជាតិ ប៊ែ​ល​ស៊ិ​ក , ថ្ងៃទី​២៣ ទិវា​ជាតិ អេ​ហ្ស៊ី​ប និង ទិវា​រស់​ឡើងវិញ នៃ​អូ​ម៉​ង់ , ថ្ងៃទី​២៦ ទិវា​ឯករាជ្យ​ជាតិ ម៉ា​ល់​ឌី​វ , ថ្ងៃទី​២៧ ទិវា​ឯករាជ្យ​ជាតិ បេឡា​រូស , ថ្ងៃទី ២៨ ទិវា​ឯករាជ្យ​ជាតិ នៃ ប្រជាពលរដ្ឋ ប៉េ​រូ , ថ្ងៃទី​៣០ ទិវា​ឡើង​សោយរាជ្យ នៃ​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក ៕ ដោយៈ មេសា​

ត្បូង​ដូង​ចន្ទ​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែកក្កដា
គំនូរ​រូប​សត្វ ក្តាម​ដែលជា​និម្មិត​សញ្ញា​នៃ​ខែកក្កដា