ស្លាប់៨១នាក់ ក្រោយការធ្វើឃាតលើតារាចម្រៀងនិយមច្រៀងបទនយោបាយដ៏លេចធ្លោមួយរូបរបស់អេត្យូពី

177
ចែករម្លែក

មេប៉ូលិសមួយរូបបាននិយាយកាលពីថ្ងៃពុធទី១កក្កដាថា ការតវ៉ារយៈពេល ២ ថ្ងៃ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៨១ នាក់ នៅក្នុងប្រទេសអេត្យូពី បន្ទាប់ពីឃាតកម្មលើតារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ដែលមកពីក្រុមជនជាតិភាគតិចដ៏ធំបំផុតរបស់ប្រទេសនេះ បានបង្កភាពតានតឹង ដែលគំរាមកំហែងដល់ ការផ្លាស់ប្តូរប្រជាធិបតេយ្យរបស់ប្រទេស។

តារាចម្រៀង ហាចាលូ ហាន់ដេសសា (Hachalu Hundessa) ដែលបទចម្រៀង នយោបាយរបស់គាត់បានផ្តល់សំឡេងដល់អារម្មណ៍រងការជិះជាន់ជាយូររបស់ក្រុមជនជាតិភាគតិចអូរ៉ូម៉ូ ត្រូវគេបាញ់សម្លាប់កាលពីយប់ថ្ងៃចន្ទទី២៩មិថុនា។

ការតវ៉ាខឹងសម្បាបានផ្ទុះឡើងនៅរដ្ឋធានីអាឌីសអាបេបា និងតំបន់ជនជាតិអូរ៉ូម៉ូ ដែលស្ថិតនៅព័ទ្ធជុំវិញរដ្ឋធានី ជាតំបន់បេះដូងរបស់ប្រជាជនអូរ៉ូម៉ូ ដែលតវ៉ា ជាយូរមកហើយអំពីការគាបសង្កត់ក្រោមកណ្តាប់ដៃរបស់ក្រុមជនជាតិភាគតិចតូចៗជាច្រើននៅក្នុងប្រទេសចម្រុះជាតិសាសន៍ ១០០ លាននាក់នេះ។

លោក អារ៉ាសា មឺដាសា មេប៉ូលិសតំបន់អូរ៉ូម៉ូ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយតាមទូរទស្សន៍ថា “រហូតមកទល់ពេលនេះមានមនុស្សចំនួន ៨១ នាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកកងកម្លាំងប៉ូលិសពិសេសអូរ៉ូម៉ូ ៣ នាក់”។

កាលពីថ្ងៃពុធទី១កក្កដា អំពើហិង្សាដ៏អាក្រក់បំផុតបានកើតឡើងនៅឯស្រុកកំណើត របស់លោក ហាន់ដេសសា គឺស្រុកអាំបូ ស្ថិតនៅភាគខាងលិចទីក្រុងអាឌីសអាបេបា។

ចំណុចផ្ទុះកំហឹងគឺផ្តើមចេញពីបំណងរបស់ជនជាតិអូរ៉ូម៉ូដើម្បីបញ្ចុះសពលោកហាន់ដេសសានៅក្នុងរដ្ឋធានីអាឌីសអាបេបា ដែលតាមប្រវត្តិសាស្ត្រគឺជាបេះដូងនៃដែនដី របស់ពួកគេ ដែលពួកគេមានអារម្មណ៍ថាត្រូវក្រុមជនជាតិភាគតិចជាច្រើនទៀត បណ្តេញចេញពីទីនោះ៕ ដោយ៖ កញ្ញាដាលីស/Ha

តារាចម្រៀង ហាចាលូ ហាន់ដេសសា ត្រូវគេបាញ់ស្លាប់កាលពីថ្ងៃចន្ទ