គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ថយចុះ ខណៈ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ មិន​ដកថយ​!

184
ចែករម្លែក

កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានកត់សម្គាល់​អំពី​ការថយចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ បន្ទាប់ពី​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ ​
​សម្តេច​ក្រឡាហោម ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចាត់ទុក​ការថយចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ អ្នកស្លាប់ និង ថយ​ទាំង​អ្នករងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​ប្រាំ​មួយខែ​នេះ ថា​ជា​លទ្ធផល​ប្រកបដោយ​ភាព វិជ្ជមាន​នៃ​បញ្ហា​ចរាចរណ៍​។​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​គួរកត់សម្គាល់ បើ​ប្រៀបធៀប នឹង​ឆ្នាំមុន និង​មុនពេល​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ ​
​ទិន្នន័យ​ជា​ផ្លូវការ បាន​បង្ហាញថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស (​ពី​ថ្ងៃទី​ខែមករា រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា​) ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ ៥៥២ លើក ស្មើ ២៥​ភាគរយ (១៦១៩ លើ ២១៧១​លើក​) ចំនួន​មនុស្ស​ស្លាប់ ថយចុះ ១៧២​នាក់ ស្មើនឹង ១៧​ភាគរយ ( ៨៦១ លើ ១០៣៣​នាក់ ) ចំនួន​អ្នករងរបួស​ថយចុះ ៧៧៨​នាក់ ស្មើនឹង ២៤​ភាគរយ ( ២៤៤៩ លើ ៣២២៧ នាក់ )​។​
​ ​
​ទន្ទឹម​បើ​ប្រៀបធៀប​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ខែ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ នឹង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩​គឺ​គ្រោះថ្នាក់ ចរាចរណ៍ ថយចុះ ២៣៣​លើក ស្មើនឹង ៣៤​ភាគរយ ( ៤៥៧ លើ ៦៩០​លើក ) ចំនួន​មនុស្ស ស្លាប់ ក៏​ថយចុះ ៧៩​នាក់ ស្មើនឹង ២៥​ភាគរយ ( ២៤១ លើ ៣២០​នាក់ ) និង​អ្នករងរបួស បាន​ថយចុះ ២៣៣​នាក់ ស្មើនឹង ២៣​ភាគរយ ( ៧៦៦ លើ ៩៩៩​នាក់ )​។​
​ ​
​តាម​សម្តេច​ក្រឡាម​ហោម ទិន្នន័យ​បញ្ជាក់​ខាងលើនេះ គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​យើង ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន នៅពេល​ប្រទេសជាតិ​យើង មានការ​រីកចម្រើន មាន​កំណើន​យានយន្ត ធ្វើដំណើរ និង​កំណើន អ្នកបើកបរ​ក៏ដោយ តែ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ​។​
​ ​
​លទ្ធផល​វិជ្ជមាន​នេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​ក្រឡាហោម ស ខេង មិន​ភ្លេច ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន បានល្អ​ប្រសើរ​។
​ ​
​ប៉ុន្តែ​សម្តេច​ក្រឡាហោម ស ខេង ក៏​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ បន្ត​ចូលរួម​ផ្តល់​ជាម​តិ យោបល់​ក្នុងន័យ​ស្ថាបនា និង​កែលំអរ​ថែមទៀត​ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ គឺ​មានន័យថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នឹង​កាន់តែ​ថយចុះ​ចំនួន អ្នកស្លាប់​កាន់តែ​តិច​។ សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀប​រៀបរយ​ល្អប្រសើរ​សមជា ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ​។​
​ ​
​សម្តេច​ក៏​សូម​ក្រើនរំលឹក​ថែមទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់ខ្លួន ត្រូវតែ​បន្ត​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ត្រូវ​កាត់បន្ថយ ឬ​លុបបំបាត់ ឲ្យ​បាន​នូវ បាតុភាព​អវិជ្ជមាន​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​
​ ​
​ទន្ទឹមនឹង​លទ្ធផល​ដ៏​វិជ្ជមាន​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​នាំ​ឲ្យ​គ្រោះ ថ្នាក់​ចរាចរណ៍​ថយចុះ ក្នុង​រយៈពេល​ប្រាំ​មួយខែ ក្នុងឆ្នាំនេះ​ក៏​ត្រូវការ​ការចូលរួម​មិនអាច​ខ្វះ​បាន របស់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សូមមេត្តា​បន្ត​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់ តែ​ខ្ជាប់ខ្ជួន​តទៅទៀត​។ ពោលគឺ​សូមអ្នក​ធ្វើដំណើរ ពិសេស​អ្នកបើកបរ​យានយន្ត ម៉ូតូ ឡាន ទាំងអស់ សូម​បន្ត​គោរព​ច្បាប់ ដោយ​បើក​បរកុំ​លឿន​ពេក ពាក់​ខ្សែក្រវាត់​សុវត្ថិភាព សម្រាប់ រថយន្ត និង​ពាក់មួក​សុវត្ថិភាព សម្រាប់​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ការគោរព​ច្បាប់​ចរ​ចរណ៍ គឺ​គោរព​ស្រឡាញ់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ខ្លួនឯង រួមទាំង​អាយុជីវិត​របស់​អ្នកដទៃ​។​
​ ​
​សូមកុំ​ខ្លាច​ប៉ូលិស​ពិន័យ​តោង​តែ​អ្នកធ្វើដំណើរ​ទាំងអស់​ខ្លាច​គ្រោះថ្នាក់​ជាយថាហេតុ​ដោយ សារ​តែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ផង និង​ដោយសារតែ​ការមិន​ពាក់មួក​សុវត្ថិភាព ឬ​មិន​ពាក់​ខ្សែក្រវ៉ាត់ ពិសេស​គឺ​ការបើកបរ​លឿនៗ ដោយ​មិន​ប្រយ័ត្នប្រយែង​។​
​ ​
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ យើង​ម្នាក់ៗ នាំគ្នា​ខ្លាច​កូ​វីដ ដោយ​ពាក់​ម៉ាស់ ប្រើ​ក្រមា ពិសេសលាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​។ ដោយសារតែ​ការប្រុង ប្រយ័ត្ន​ការពារ បាន​យ៉ាង​ខ្ជាប់ខ្ជួន​នេះ ទើប​កម្ពុជា​យើង​មិនមាន​អ្នក​ឆ្លង​រាលដាល​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​សហគមន៍ យើង​ឡើយ​។​
​ ​
​ដូច្នេះ​ករណី​កូ​វីដ​១៩ យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់បាន ចុះ​ហេតុអ្វី​គ្រោះថ្នាក់ ចរាចរណ៍ ដែល​បង្កឡើង​ដោយ​មនុស្ស ហើយ​ជា​គ្រោះថ្នាក់ ដែល​អាច​បង្ការ និង​ទប់ ស្កាត់បាន ហេតុអ្វី​ក៏​ខ្មែរ​យើង ធ្វើ​មិនបាន​? យើង​រួមគ្នា​បន្ត​ថែមទៀត ដើម្បី​កាត់បន្ថយ​ឲ្យ​កាន់តែ​នៅ ចំនួន​តិច​ថែមទៀត​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការសម្រេច​គោលដៅ​នេះ​បាន ក៏​ទាល់តែ​ចូលរួម​ជាសំខាន់ មុនគេ គឺ​អ្នកប្រើប្រាស់​ផ្លូវ​និយាយ ឲ្យ​ចំ​អ្នកបើកបរ​ឡាន ម៉ូតូ រ៉ឺម៉ក​ម៉ូតូ ហើយ​គ្មានអ្វី​ធ្វើ​មិន​បានទេ​ដោយ​គ្រាន់តែ​កុំ​បើកបរ​នៅពេល ផឹកស្រា​ស្រវឹង កុំ​បើកបរ​លឿនៗ​ពេក បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​ស្វែងយល់​ឲ្យ​ដឹង ពី​ច្បាប់ទម្លាប់​ចរាចរណ៍ ចូល​សាលារៀន​បើកបរ ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ក៏​ហៅថា​បាន​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទៅហើយ​។

​ជាងនេះទៅទៀត ក្មេងៗ​តូចៗ មិនគួរ​បណ្តោយ​ជិះ​ម៉ូតូ បើកឡាន​ពេក ចាំ​ឲ្យ​គ្រប់​អាយុ​១៨​ឆ្នាំ ឡើងទៅ ហើយ​ឆ្លងកាត់​សាលារៀន​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​កុំ​ចេះ​តាម​គ្នា​កុំ​ចេះ​ពី បង​ទៅ​ប្អូន ឬក៏​ពី​ឪពុក ទៅ​កូន​។ នៅ​កន្លែងធ្វើការ សាលារៀន​ក៏​គួរតែ​កំហិត​ពី​ការគោរព ច្បាប់​ចរាចរណ៍ ជា​បទបញ្ជាផ្ទៃក្នុង​១ សម្រាប់​បុគ្គលិក និង​សិ​ស្សិ​និស្សិត ហើយ​ជាបឋម គឺ​បើ​អ្នកបើកបរ ឬ​ធ្វើដំណើរ​តាម​ម៉ូតូ មិនមាន​មួកសុវត្ថិភាព​ទេ គឺ​មិនគួរ​ឲ្យ​ចូលធ្វើការ ឬ​ចូលរៀន​ឡើយ​។

​ក្នុង​គ្រួសារ​ក៏​ដូចគ្នា គឺ​ចាំ​កូនចៅ អាយុ​គ្រប់ ១៨​ឆ្នាំ​ឡើងទៅ ចាំ​ទិញ​ឡាន​ឲ្យ​បើកបរ​ហើយ ត្រូវ​ឲ្យ​ចូលរៀន​បើកបរ​យានយន្ត ប្រឡង​យក​ប័ណ្ណបើកបរ​ត្រឹមត្រូវ មុននឹង​កាន់ចង្កូត​ឡាន​៕ ដោយ​:​ម៉េង​ឆៃ​