ប្រធាន​សមាគមៈ កសិករ​អាច​ចិញ្ចឹម​មាន់​សាច់ ប៉ុន្តែ​កុំ​ទាន់​អាល​ចិញ្ចឹម​មាន់​យក​ស៊ុត​

107
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា បានផ្តល់​អនុសាសន៍​ដ​ល់​កសិករ​ដែលមាន​បំណង​ចិញ្ចឹម​មាន់​ថា “ កសិករ​ដែលមាន​បំណង ឬ កំពុង​ចិញ្ចឹម​មាន់​ស្រាប់​ហើយ សូមមេត្តា​ផ្អាក ឬ ពន្យារ ឬ កាត់បន្ថយ​ការចិញ្ចឹម​មាន់​យក​ស៊ុត ជា​បណ្តោះអាសន្ន​សិន ប៉ុន្តែ​អាច​ចាប់ផ្តើម​ចិញ្ចឹម​មាន់​យក​សាច់​ឡើងវិញ​បណ្តើរៗ​បាន​ហើយ “ ។


​លោក ស្រ៊ុន ពៅ ថ្លែង​ផ្តាំផ្ញើ​យ៉ាង​ដូច្នេះ​នាឱកាស​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ ដល់​រស្មី​កម្ពុជា នា​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០ នេះ ស្តីអំពី​ស្ថានភាព​មាន់នៅ​កម្ពុជា ។​
​គប្បី​រំឭកថា តាំងពី​មាន​ជំងឺ​កូ​វីដ ១៩ មក តម្រូវការ​មាន់នៅ កម្ពុជា ជាពិសេស​មាន់ ៣ សាសន៍​បាន​ថយចុះ​យ៉ាងគំហុក ធ្វើឱ្យមាន់ ៣ សាសន៍​នៅសល់​យ៉ាងច្រើន ហើយ​កិច្ចពិភាក្សា​រវាង​នាក​ដ្ឋា​ន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា និង កសិករ​ចិញ្ចឹមសត្វ នៅ​ក្រុង កំពត ខេត្ត កំពត កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ កសិករ​ចិញ្ចឹម​មាន់នៅ​ខេត្ត​ធ្លាប់តែ​ជា​តំបន់​ទេសចរណ៍​រួស​រវើក​មួយ​នោះ ក៏​លើកឡើង​ពី​បញ្ហា​ដែលមាន់​របស់​ពួកគាត់​នៅសល់​ដែរ ។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ( រូបៈ មេសា )


​ទោះ​យ៉ាងនេះ​ក្តី មាន់​សាច់ ជាពិសេស មាន់ ៣ សាសន៍ បើទោះបីជា​ពេលនេះ មិនទាន់មាន​ទីផ្សារ​ល្អប្រសើរ​សមរម្យ​នៅឡើយ​ក្តី ក៏ត្រូវ​លោក ស្រ៊ុន ពៅ ព្យាករណ៍​ថា វា​នឹងមាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​ចាប់ពីពេលនេះ​តទៅ ។ មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ដោយហេតុថា បើទោះបីជា​តម្រូវការ​មាន់ ៣ សាសន៍​នៅតាម​ភោជនីយដ្ឋាន រួមទាំង ពិធី​បុណ្យទាន និង ពិធីជប់លៀង​ផ្សេងៗ មាន​ចំនួន​តិចតួច​នៅឡើយ​ក្តី ប៉ុន្តែ​ដោយសារ​សាច់ជ្រូក​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ទើប​មនុស្ស​ខ្លះ​បែរ​ទៅ​បរិភោគ​សាច់មាន់ ជាហេតុ​នាំឱ្យ​តម្រូវការ​មាន់ មាន​ភាពរួសរ​វ​លើក​ឡើងវិញ​បន្តិច ដែល​សម្រេច​សម្រួច​ទៅ ពេលនេះ មាន់ ៣ សាសន៍​ចាប់ផ្តើម​មើលឃើញ​ពន្លឺ នៃ ក្តីសង្ឃឹម​តិចៗ​ហើយ បើទោះជា​ថា វា​ស្ថិតក្នុង​សភាព​ស្រពេចស្រពិល​ចំពោះ​តម្រូវការ​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ ។​


​ហេតុនេះ​លោក ស្រ៊ុន ពៅ​ល ពន្យល់ថា ប្រសិនបើ​កសិករ ចាប់ផ្តើម​ចិញ្ចឹម​មាន់ ៣ សាសន៍​ឡើងវិញ​នាពេលនេះ នោះ​វា​ទំនងជា​ការចាប់ផ្តើម​ត្រឹមត្រូវ ដោយហេតុថា​នៅពេល​មាន់​ទាំងនោះ​ឱ្យ​ផល គឺជា​ពេលដែល​មាន់​កំពុង​មានប​ច្ចុ​ប្បន្ន​នេះ អស់​ទៅ ហើយក៏​ទំនងជា​ពេលដែល​តម្រូវការ​មាន់​កាន់តែ​ច្រើនជាង​នេះដែរ ហើយ លោក ស្រ៊ុន ពៅ បែរជា​បារម្ភ​ថា ប្រសិនបើ​កសិករ​មិន​ចាប់ផ្តើម​បណ្តើរៗ​ឡើងវិញ​នៅពេលនេះ​ទេនោះ នៅពេលដែល​មាន់​ក្នុង​កសិដ្ឋាន ឬ ក្នុង​ទ្រុង​អស់​ទៅនោះ កម្ពុជា នឹង​លែងមាន​មាន់​បំពេញតម្រូវការ​ក្នុងស្រុក ដែល​ពេលនោះ ប្រាកដជា​ត្រូវ​បើកទ្វារ​ទទួល​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ទៀត​ជាមិនខាន ដែល​បើតាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មកនេះ ការនាំ​ចូល​ពី​ប្រទេសជិតខាង រមែង​ជះឥទ្ធិពល​មិនល្អ​ឡើយ ជាពិសេស​ចំពោះ​វិស័យ​ដូចគ្នា ។​
​ក៏ប៉ុន្តែ​បញ្ហា​បែរជា​ធ្លាក់​ទៅលើ ពង ឬ ស៊ុតមាន់​ទៅវិញ ដោយសារ​បច្ចុប្បន្ន ស៊ុតមាន់ ១ គ្រាប់​ធ្លាក់​ដល់​តម្លៃ​ប្រមាណ​ជា ២០០ រៀល ទៅ ២៥០ រៀល ប៉ុណ្ណោះ ដែល​នេះ​គឺជា​តម្លៃ​ទាប​បំផុត​ស្ទើរតែ​ពុំ​ធ្លាប់មាន​ទេ ដែល​តាមពិតទៅ​ប្រសិនបើ ស៊ុតមាន់ ១ គ្រាប់ តម្លៃ ៣៥០ រៀល ទៅ ៤០០ រៀល នោះ​ទើប​កសិករ​មាន​ផ្លូវរស់​ទៅបាន ។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​យល់ថា ទោះជា​ពេលនេះ មាន់​សាច់ មិនទាន់មាន​ទីផ្សារ​ល្អ​ក្តី ក៏​ពេលនេះ គេ​អាច​ចាប់ផ្តើម​ចិញ្ចឹម​ឡើងវិញ​បណ្តើរៗ​ហើយ ប៉ុន្តែ​មិនមែន​មាន់ យក​ស៊ុត​ទេ ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )


​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា មូលហេតុ ដែលនាំឱ្យ​ស៊ុតមាន់​ធ្លាក់​ថ្លៃ​ដល់​ថ្នាក់​នេះ គឺ​ដោយសារ​ការនាំ​ស៊ុតមាន់​ចូល​ពី​ប្រទេសជិតខាង​ច្រើន​ហួសប្រមាណ​ពេក គឺ​ដោយសារតែ​ជំងឺ​កូ​វីដ ១៩ ស៊ុតមាន់ នៃ ប្រទេសជិតខាង បាន​នៅសល់​យ៉ាងច្រើន​ឥត​គណនា ទើប​ពួកគេ​យកមក​លក់​នៅ​កម្ពុជា ក្នុងតម្លៃ​យ៉ាង​ទាប គ្រាន់​ជាង​ទុកចោល​ទទេ​តែប៉ុណ្ណោះ ។​
​ក្នុងន័យនេះ​លោក ស្រ៊ុន ពៅ បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម មេត្តា​ចាត់វិធានការ​មាន​ប្រសិទ្ធភាព និង ទាន់ពេលវេលា កាត់បន្ថយ​ការនាំ​ស៊ុត​ចូល​ពី​ប្រទេសជិតខាង ព្រោះ​បច្ចុប្បន្ន ស៊ុត​នៅក្នុង​ប្រទេស នៅសល់​យ៉ាង​ច្រើនណាស់​ទៅហើយ ៕ Kh