ជិះម៉ូតូលឿនពេកជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

102
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវដួលបោកក្បាលនឹងបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២០ តាមបណ្ដោយផ្លូវបុរីអង្គ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ គង់ ពង្សសុវណ្ណរាជ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងបុរីប៉េងហួត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានយុវជនពីរនាក់ជិះម៉ូតូម៉ាកAIR Blade ពណ៍ទឹកប៊ិច ពាក់ស្លាកលេខខេមរភូមិន្ទ02(1-0207) ក្នុងល្បឿនលឿនដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវដួល បណ្ដាលឲ្យយុវជនម្នាក់ផ្លូវផ្លោងបោក និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម៉ូតូដួលអូសជាច្រើនម៉ែត្រ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕/B