តុលាការឃុំខ្លួនអតីតផ្កាយ២ម្នាក់ករណីស៊ីដាច់ប្រាក់រត់ការចូលនគរ​បាលជាតិ

88
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ អតីតឧត្តមសេនីយ៍ទោនគរបាលជាតិម្នាក់បានត្រូវលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទឆបោកតាមរូបភាពស៊ីដាច់ប្រាក់រត់ការចូលក្របខណ្ឌនគរបាលជាតិ។

អតីតឧត្តមសេនីយ៍ទោរូបនេះឈ្មោះ ធូ សេងង៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ បម្រើការងារនៅបណ្ឌិតសភានគរបាលជាតិ មានអាស័យដ្ឋានផ្ទះលេខ៤៩អេហ្វភូមិបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អតីតឧត្តមសេនីយ៍ទោរូបនេះបានត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ដែលបទល្មើសនេះមានចែងឲ្យផ្តន្ទទោសតាមបញ្ញាត្តិមាត្រ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ឈ្មោះ ធូ សេងង៉ាន់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ និងនគរបាលមូលដ្ឋានស្រុកក្រគរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចាប់ខ្លួន ដោយអនុវត្តទៅដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

សេចក្តីរាយការឲ្យដឹងថា ការចាប់ខ្លួនអតីតផ្កាយ២រូបនេះ បានធ្វើឡើងនៅវេលាម៉ោង១១ ៖៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចខ្លាកូន ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលលោកផ្កាយ២ រូបនេះបានគេចខ្លួនទៅជ្រកកោននៅទីនោះ ។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ លុះដល់ថ្ងៃទី១ ខែកក្កដា បានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕/b