សត្វជាច្រើនប្រភេទទៅផ្តុំគ្នារស់នៅតំបន់ខាងលើអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ

85
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ ចាប់តាំងពីកសាងទំនប់វារីអគ្គិសនីសេសានក្រោមពីរមក ត្រី ខ្យង ខ្ចៅលៀសសំបូរណាស់។ហើយបក្សាបក្សីបានទៅរស់នៅទីនោះច្រើនរាប់មិនអស់ព្រោះតែសម្បូរទៅដោយប្រភពចំណី។

ពពួកសត្វស្លាបជាច្រើនប្រភេទមាន ដូចជាក្អែកទឹក- ស្មោញ-ននៀលខ្យងនិងកុក បានទៅផ្តុំគ្នារស់នៅទាំងហ្វូងនៅតំបន់ខាងលើទំនប់វ៉ារីអគ្គិសនីសេសានក្រោមពីរនៅភូមិសាស្ត្រឃុំក្បាលរមាសនិងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង។

ឃើញបែបនោះអាជ្ញាធរស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធបានរៀបចំធ្វើការការអភិរក្សតំបន់អាងស្តុកទឹកវារីអគ្គិសនីដើម្បីការពារធនធានជលផលនិងសត្វព្រៃ។

លោកសុវណ្ណពិសិដ្ឋអភិបាលស្រុកសេសានបានប្រាប់ឲ្យដឹងថាកម្លាំងសមត្ថកិច្ចស្រុក កំពុងសហការជាមួយមន្ត្រីជលផល អភិរក្សទាំងត្រីមេពូជនិងពពួកសត្វស្លាបនៅតំបន់អាងស្តុកទឹកវារីអគ្គិសនីសេសានក្រោម២។

លោកអភិបាលស្រុកបានអំពាវនាវដល់មហាជនហាមមិនឲ្យមានអ្នកបរបាញ់សត្វនៅតំបន់ខាងលើយកមកធ្វើជាចំណីអាហារតទៅទៀតនឹងមិនឱ្យមានប្រើឧបករណ៍នេសាទខុសពីច្បាប់ស្ដីពីជលផល។ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង ដែលមានចំណីនិងកន្លែងសុវត្ថិភាពរស់នៅមានភាពសុខសាន្ត។ហើយធនធានជលផលកំពុងតែបន្តពូជក្នុងរដូវពងកូន។

លោក រឿនសម្បត្តិ មេឃុំក្បាលរមាសអះអាងថាអាជ្ញាធរបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងច្បាប់ការពារធនធានធម្មជាតិរួចមកហើយ ជាពិសេសបានណែនាំផ្ទាល់ហាមសម្លាប់សត្វព្រៃធ្វើជាអាហារ។

លោកបន្តថាពពួកសត្វ -កុក- ក្អែកទឹក -ស្មោញទាំងនេះវាមិនឆ្ងាញ់ដូចមាន់យើងចិញ្ចឹមនេះទេ ហើយនៅតំបន់នេះក៏សម្បូរត្រីដែរ ដូចនេះបើជនណាមិនស្តាប់អាជ្ញាធរនិងចាត់វិធានការតាមនិតិវិធីច្បាប់ហើយ។

ប្រជាអ្នកនេសាទនៅភូមិច្រប់ ឃុំក្បាលរមាសបានគាំទ្រយន្តការនេះព្រោះបងប្អូនយើងក៏មានគំនិតចង់ថែរក្សាពពួកសត្វស្លាបទាំងនេះដែរ និងបានផ្សព្វផ្សាយតៗគ្នាឱ្យជួយអភិរក្សនិងហាមការចូលទៅនេសាទជិតតំបន់វារស់នៅដើម្បីកុំឲ្យវាផ្អើលរត់ទៅកន្លែងផ្សេង៕/b