សមត្ថកិច្ចចាប់ខ្លួនជនសង្សយ័ពីរនាក់ក្នុងចំណោមបក្ខពួក បីនាក់ ពីបទឆក់ទ្រព្យសម្បត្តិជនបរទេស

106
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន)។

ជនសង្សយ័បានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០៧នាទី នៅចំណុចផ្លូវមហោស្រព ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាមានករណី លួចមានស្ថានទម្ងន់ទោស (ឆក់) មួយករណី បង្កឡើងដោយជនសង្ស័យ ០៣នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ ០២គ្រឿង ម៉ាក ស្កុបពី ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិនម្នាក់ ភេទប្រុស ក្នុងពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ រួចជិះគេចខ្លួនបាត់។

ប្រភពបន្តរថា បន្ទាប់ពីទទួលដំណឹងនេះភ្លាមកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០២ និង ០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពឆក់ នៅចំណុចផ្លូវមុខហាងនំបុ័ងអន្តរជាតិ (ចាស់) ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះជនសង្ស័យ ម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ផងដែរ។

ជនសង្សយ័ចំនួនពីរនាក់ខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕/B