ច្រាំងទន្លេបាសាក់បាក់ដល់ផ្លូវលេខ ១១០មានគម្រោងទប់ស្កាត់ហើយ

164
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ច្រាំងទន្លេបាសាក់ប្រវែង១.៥០០ម៉ែត្រ នៅភូមិក្បាលកោះតូច និង ភូមិ កណ្តាលឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល ដែលបាក់ស្រុតដាច់ដោយទាំង កំណាត់ផ្លូវលេខ១១០កន្លងទៅនោះ ពេលនេះក្រុមការងាររបស់ក្រសួងធនធាន ទឹកនិងឧតុនិយមកំពុងរៀបចំធ្វើការទប់ស្កាត់ការបាក់រាលដាលនៅចំណុច ដែល ប្រឈម ខ្លាំងប្រវែង៦០០ម៉ែត្រដោយប្រើបាវ Geotextile bags ការពារជើងក្រោម។

លោក ម៉ៅ ហាក់ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានដឹកនាំក្រុមការងារចុះធ្វើការទប់ស្កាត់ការ បាក់រាលដាល ច្រាំងទន្លេបាន ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ថា ច្រាំងទន្លេបាសាក់ដែល បាក់ជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយរហូតមកដល់ផ្លូវលេខ១១០ ក្នុងភូមិសាស្ត្រ នៅភូមិក្បាលកោះតូច និងភូមិកណ្តាល ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាលមាន ប្រវែងសរុប១.៥០០ម៉ែត្រ។

នៅក្នុងគម្រោងទប់ស្កាត់ការបាក់ច្រាំងទន្លេជំហានទី១ នៅភូមិក្បាលកោះ តូចនិងភូមិកណ្តាលឃុំតាលន់ស្រុកស្អាងខេត្តកណ្តាលនោះលោកម៉ៅ ហាក់បាន បញ្ជាក់ថា ធ្វើកន្លែងមានការប្រឈមការបាក់ខ្លាំងដល់ផ្លូវលេខ១១០ ប្រវែង៦០០ ម៉ែត្រសិនដោយប្រើបាវ Geotextile bags ការពារជើងក្រោម។ការងារនឹងចាប់ផ្តើម នៅក្នុងសប្តាហ៍ទី១នៃខែកក្កដានេះហើយ។

គួរនិយាយឱ្យដឹងថាផ្លូវលេខ១១០ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុង ការធ្វើចរាចរនិងដឹកជញ្ជូនផ្នែកខាងកើតទន្លេបាសាក់ ចាប់ពីច្បារអំពៅរហូតដល់ ព្រំដែនកម្ពុជា វៀតណាម ជាផ្លូវក្រាលថ្មស្រោចកៅស៊ូ ដែលភាសាបច្ចេកទេស ហៅថាប្រភេទផ្លូវម៉ាកាដាំ។
លោកម៉ៅ ហាក់បាននិយាយឱ្យដឹងផងដែរថាច្រាំងទន្លេជាច្រើនកន្លែងដូច ជានៅឃុំព្រែកជ្រៃដែលបាក់ដល់បង្គោលព្រំដែនកម្ពុជា វៀតណាម ច្រាំងទន្លេមេ គង្គនៅក្នុងស្រុកមុខកំពូល ត្បូងឃ្មុំ ស្ទឹងត្រង់ … សរុបមានប្រវែងច្រើនគីឡូម៉ែត្រ ហើយដែលបានប្រើប្រាស់ថវិកាជាតិធ្វើការទប់ស្កាត់ ដោយប្រើបាវ Geotextile bags ការពារជើង ក្រោម យ៉ាងមានប្រសិទ្ធិភាព ។ កន្លែងដែលបានធ្វើរួចមានការ កកដីនិងដុះស្មៅត្រែងឡើងវិញលែងឃើញមានសញ្ញាបាក់រអិលថ្មី។

ទោះជាយ៉ាងណាក៏នៅមានច្រាំងទន្លេរាប់សិបគីឡូម៉ែត្រទៀត ដែលបាក់ស្រុតដោយការប្រែប្រួលចរន្តទឹកមិនទាន់បានធ្វើការទប់ស្កាត់៕/B