កូន​កម្លោះ​ឥណ្ឌា​ស្លាប់​ដោយ​កូវី​ដ​១៩​ក្រោយ​រៀបការ​បាន​២​ថ្ងៃ ,​មនុស្ស​ជាង​១០០​នាក់​ឆ្លង​ក្រោយ​ចូលរួម​មង្គលការ​និង​បុណ្យសព​

177
ចែករម្លែក

​មនុស្ស​ជាង​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ក្រោយ​ចូលរួម​មង្គលការ​និង​បុណ្យសព​របស់​បុរស​ឥណ្ឌា​ម្នាក់​ដែល​បាន​កំពុង​ឈឺ​ខ្លាំង​ពេល​គាត់​រៀបការ​។​

​យោង​តាម​ពួក​មន្ត្រី​រដ្ឋ​ប៊ី​ហា បុរស​អាយុ​២៦​ឆ្នាំនេះ មាន​រោគសញ្ញា​កូវី​ដ​១៩​ពេល​ខ្លួន​រៀបការ​កាលពី​ថ្ងៃ​១៥​មិថុនា និង​បាន​ស្លាប់​កាលពី​ថ្ងៃ​១៧​មិថុនា​។​

​រ៉ា​ច គី​សហ័រ ឆោ​ដារី មន្ត្រី​សុខាភិបាល​ក្រុង​ប៉ាត​ណា ក្នុង​រដ្ឋ​ប៊ី​ហា បាន​និយាយថា មនុស្ស​១១១​នាក់​ដែល​បាន​ទៅ​ចូលរួម​មង្គលការ​និង​បុណ្យ​សព​បុរស​នេះ ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​កូរ៉ូណា​។​ទោះជា​​យ៉ាងណា គ្រូពេទ្យ​មិនអាច​កំណត់​ថា​កូន​កម្លោះ​នេះ​ជា​ប្រភព​នៃ​ការឆ្លង​មនុស្ស​ទាំង​១១១​នាក់​នេះ​ទេ ដោយសារ​តែ​សព​របស់​វិស្វករ​សូ​ហ្វ​វែ​រវ័យ​២៦​ឆ្នាំ​នេះ​ត្រូវបាន​បូជ្ញា​(​ដុត​)​មុន​ពេល​អ្នក​ជំនាញ​ពិនិត្យ​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក ជនរងគ្រោះ​បាន​ត្អូញ​មាន​ជំងឺ​ដូច​រោគសញ្ញា​កូវី​ដ​១៩ និង​បាន​សុំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ដើម្បី​បំបាត់​ការឈឺចាប់​និង​កំដៅ​ខ្លួន ដើម្បី​គាត់​អាច​ទៅ​ចូលរួម​មង្គលការ​។​

​រ៉ា​ច គី​សហ័រ ឆោ​ដារី បាន​និយាយថា​ភ្ញៀវ​ការ​និង​អ្នកចូលរួម​បុណ្យសព​ប្រមាណ​៤០០​នាក់​ត្រូវ​ដាក់​នៅ​ដោយឡែក​ពី​គេ​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​។​

​គេ​ថា កូន​កម្លោះ​នេះ​ទើប​វិល​មក​ពី​ទីក្រុង​ញូវដេល្លី នៅ​មួយ​សប្តាហ៍​មុន​ចូល​រោងការ ។​គាត់​បង្ហាញ​រោគសញ្ញា​កូវី​ដ​១៩​និង​បាន​ចូល​ពេទ្យ​មួយ​រយៈពេល​ខ្លី​តែ​គ្រួសារ​យក​គាត់​ចេញពី​ពេទ្យ​និង​បង្ខំ​អោយ​​រៀបការ​នៅ​ចំពោះមុខ​ភ្ញៀវ​ប្រមាណ​៣០០​នាក់​។​គាត់​បាន​ស្លាប់​នៅផ្ទះ​របស់​គាត់​នៅ​២​ថ្ងៃក្រោយ​រៀបការ​។​

​សូមបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​កក្កដា អ្នក​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​ឡើង​ហួស​៦០០.០០០​នាក់ ១៧.៨៣៤​ស្លាប់​នៅ​ពេល​អាជ្ញាធរ​កំពុង​ខិតខំ​ទប់​ជំងឺ​ផង​និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ផង​៕​ប្រែ​​សម្រួល​៖​វាសនា​