អាជ្ញាធរខណ្ឌដង្កោដាក់គ្រឿងចក្រស្តារប្រឡាយបង្ហូរទឹកតាមសំណើពីប្រជាពលរដ្ឋ

74
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌដង្កោ បានដាក់គ្រឿងចក្រ ស្តារប្រព័ន្ធប្រឡាយបង្ហូរទឹកជូនពលរដ្ឋប្រើប្រាស់ ពីព្រោះថា ប្រឡាយមួយនេះ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ហូរទឹកមិនសូវលឿននោះទេ ដែលធ្វើឲ្យមានការជន់លិចតំបន់នោះខ្លះៗផងដែរ ។

មន្ត្រីអាជ្ញាធរខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយយល់ឃើញថា ប្រឡាយសាធារណៈ មានសារៈសំខាន់ខ្លាំង ក្នងការរំដោះទឹកក្នុងតំបន់ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស អាជ្ញាធរខណ្ឌដង្កោ ក្រោមការដឹកនាំពីលោកស្រី គឹម ញឹប អភិបាល នៃគណអភិបាលខណ្ឌ កាលពីវេលាម៉ោង ១៣និង ៣០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ណែនាំមន្ត្រីជំនាញ ដាក់គ្រឿងចក្រស្តារប្រឡាយមួយនេះ ដើម្បីបង្ហូរទឹកអោយទាន់ពេលវេលា ។

លោក សំ ញ៉ាវ ប្រធានការិយាល័យសាធារណការ និង ដឹកជញ្ជូន ខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ការស្តាយប្រឡាយទឹកនេះ ដោយមានការស្នើសុំពីប្រជាពលរដ្ឋ តាមរយះលោកមេភូមិព្រែកកំពឹស ទើបរដ្ឋបាលខណ្ឌប្រើប្រាស់គ្រឿងចក្រ ១គ្រឿង ចុះធ្វើសកម្មភាពកាយស្តារ ភក់ សំរាម ស្មៅ និងកាកសំណល់ផ្សេងៗទៀត ដើម្បីសម្រួលផ្លូវទឹកហូរបានស្រួល ។

នាសកម្មភាពនេះលោក សំ ញ៉ាវ រំពឹងទុកថា ក្រោយពីការស្តារប្រឡាយនេះរួចរាល់ លោកសង្ឃឹមថា នឹងលែងមានការជន់លិចទឹកដូចមុនៗទៀតហើយ ។ ពីព្រោះថា ប្រឡាយមួយខ្សែនេះ គឺជាប្រឡាយសំខាន់ ក្នុងរំដោះទឹកចេញពីតំបន់ភូមិព្រែកកំពឹស និង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស បង្ហូរទៅកាន់ស្ទឹងព្រែកត្នោត នារដូវស្សា៕/B