ចិនព្រមានចក្រភពអង់គ្លេសរឿងផែនការផ្តល់សញ្ជាតិដល់អ្នកហុងកុង ខណៈអូស្ត្រាលីសុំផ្តល់ជម្រកសុវត្ថិភាពដល់អ្នកហុងកុងដែរ

456
ចែករម្លែក

ចិនបានព្រមានចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ទី ២ ខែកក្កដានេះថាខ្លួនអាចសងសឹកជាមួយនឹង “វិធានការម៉ឺងម៉ាត់” សម្រាប់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងឡុងដ៍ដើម្បីពង្រីកផ្លូវកាន់តែធំដល់ប្រជាជនហុងកុងដើម្បីទទួលបានសញ្ជាតិអង់គ្លេស។

ការផ្តល់ជូនរបស់អង់គ្លេសគឺឆ្លើយតបទៅនឹងច្បាប់សន្តិសុខថ្មីដែលចិនបានដាក់ចេញសម្រាប់អតីតទឹកដីអាណានិគមអង់គ្លេសនៅសប្តាហ៍នេះ។

ទីក្រុងហុងកុងបានស្ថិតនៅក្រោមយុត្តាធិការរបស់ចក្រភពអង់គ្លេសរហូតដល់ការប្រគល់ទឹកដីនេះដល់ចិនដីគោកក្នុងឆ្នាំ ១៩៩៧ ជាមួយនឹងការធានាថាប៉េកាំងនឹងការពារស្វ័យភាពតុលាការនិងនីតិប្បញ្ញត្តិរបស់ទីក្រុងនេះរយៈពេល ៥០ ឆ្នាំ។

ស្ថានទូតចិននៅទីក្រុងឡុងដ៍បាននិយាយថា “វាច្បាស់ណាស់ថាជនរួមជាតិចិនទាំងអស់ដែលរស់នៅហុងកុងគឺជាជនជាតិចិនទោះបីពួកគេជាអ្នកកាន់លិខិតឆ្លងដែនជនភៀសខ្លួនអង់គ្លេសឬលិខិតឆ្លងដែនសញ្ជាតិអង់គ្លេស (ក្រៅប្រទេស) ក៏ដោយ”។

ការផ្តល់ជូនរបស់អង់គ្លេសគឺគ្របដណ្តប់លើអ្នកហុងកុងជិត ៣ លាននាក់ដែលមានលិខិតឆ្លងដែនជាតិអង់គ្លេសឬមានសិទ្ធិដាក់ពាក្យសុំលិខិតឆ្លងដែន។

ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើភាគីអង់គ្លេសធ្វើចំណាត់ការជាឯកតោភាគីចំពោះការអនុវត្តពាក់ព័ន្ធនានា ចឹងអង់គ្លេសនឹងរំលោភលើជំហររបស់ខ្លួននិងការសន្យាក៏ដូចជាច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋានសម្រាប់ទំនាក់ទំនងអន្តរជាតិ”។

សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា “យើងប្រឆាំងដាច់ខាតចំពោះការផ្តល់ជូនរបស់អង់គ្លេសនិងរក្សាសិទ្ធិក្នុងការចាត់វិធានការម៉ឺងម៉ាត់”។

ប៉េកាំងមិនដែលលើកឡើងជាសាធារណៈនូវលទ្ធភាពនៃការផ្តល់ឱ្យជនជាតិអង់គ្លេសនូវសិទ្ធិជាពលរដ្ឋចិនឬសិទ្ធិរស់នៅដោយមានសេរីភាពនោះទេ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនបានបញ្ចប់ដោយជំរុញឱ្យទីក្រុងឡុងដ៍វាយតម្លៃឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួននិង “កុំជ្រៀតជ្រែកចូលកិច្ចការហុងកុងតាមគ្រប់មធ្យោបាយ”។

ទន្ទឹមនេះដែរ អូស្ត្រាលីកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្តល់ជូនជម្រកសុវត្ថិភាពដល់អ្នកហុងកុងដើម្បីឆ្លើយតបទៅនឹងច្បាប់សន្តិសុខថ្មីរបស់ចិន ជាចំណាត់ការមួយដែលនឹងដុតបញ្ឆេះភាពតាងតឹងជាមួយចិនរឹតតែខ្លាំងឡើង។

នាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន និយាយថា ស្ថានភាពនៅហុងកុងគឺ “គួរឱ្យបារម្ភខ្លាំងណាស់” ហើយថារដ្ឋាភិបាលរបស់លោកកំពុងពិចារណាយ៉ាងសកម្មចំពោះសំណើស្វាគមន៍អ្នកស្រុករបស់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះ។

នៅពេលអ្នកកាសែតសួរថាតើអូស្ត្រាលីអាចបន្លាយពេលផ្តល់ជូនទីជម្រកសុវត្ថិភាពឬអត់នោះ លោកម៉ូរីសុននិយាយថា “នឹងបន្លាយពេលជូន”។ លោកនិយាយថា វិធានការនេះឆាប់ៗនេះនឹងត្រូវគណៈរដ្ឋមន្ត្រីរបស់លោកយកទៅពិចារណា ដោយបង្ហើបថាវានឹងទទួលបានការយល់ព្រមយ៉ាងខ្លាំងក្លា៕ ដោយ៖ កញ្ញាដាលីស

ពលរដ្ឋហុងកុងជិត៣លាននាក់មានសិទ្ធិទទួលបានសញ្ញជាតិអង់គ្លេស