ការពិនិត្យ​លទ្ធផល​ឡើងវិញ​របស់ WBO សម្រេច​ថា ហន​ឈ្នះ​ប៉ាក​គី​អៅ

1081
ចែករម្លែក

ជ័យជម្នះ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ​ម្យ​ម​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អ្នក​ប្រដាល់​អូស្ត្រាលី ជេ​ហ្វ ហន លើ មែន​នី ប៉ាក​គី​អៅ ត្រូវបាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី​១១ កក្កដា​នេះ បន្ទាប់ពី​ការពិនិត្យ​ពិន្ទុ​ឡើងវិញ​ដោយ​អង្គការ​ប្រដាល់​ពិភពលោក (WBO) បានប្រកាស​ហន​ជា​ជ័យលាភី​ច្បាស់ក្រឡែត​។

WBO បានធ្វើការ​ពិនិត្យពិច័យ​ល្អិតល្អន់​លើ​ការប្រកួត​នេះ បន្ទាប់ពី​ប៉ាក​គី​អៅ ដែល​គាំទ្រ​ដោយ​ស្ថាប័ន​គ្រប់គ្រង​កីឡា​របស់​រដ្ឋាភិបាល​ហ្វីលីពីន បាន​រិះគន់​អាជ្ញាកណ្តាល និង ចៅក្រម និង បានទាមទារ​ឱ្យ​ពិនិត្យ​ពិន្ទុ​ឡើងវិញ ក្រោយ​ចាញ់​ជេ​ហ្វ ហន ក្នុង​ទីក្រុង​ប្រ៊ី​ស​ប៊ែ​ន កាលពី​ថ្ងៃទី ២ កក្កដា​។

​ហន បានធ្វើឱ្យ​វីរបុរស​ហ្វីលីពីន ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន ៨ ស្ថាប័ន​មិន​ធ្លាប់មាន​ពីមុនមក​នោះ ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយនឹង​ការវាយលុក​ដ៏​ខ្លាំងក្លា​បំផុត​ដើម្បី​ឈ្នះ​ការប្រកួត​ក្នុងការ​សម្រេចសេចក្តី​ជា​ឯក​ឆន្ទ​ក្នុង ១២ តឹក​ពេញ​។​

WBO ដែល​គ្មាន​សិទ្ធិអំណាច​ធ្វើ​និរាករណ៍​ការសម្រេចសេចក្តី​ការប្រកួត​នេះ ដរាបណា​ការបន្លំ ឬ រំលោភច្បាប់​ត្រូវបាន​រកឃើញ បាន​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ និង​ចៅក្រម​អនាមិក​ជា​៥​រូប ដែល​ត្រូវបាន​ស្នើឱ្យ​ទស្សនា​វីដេអូ​ការប្រកួត​ដោយ​មិន​ចាក់​សំឡេង និង​សម្រេច​ថា​តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ទឹក​នីមួយៗ​។

លទ្ធផល​ត្រូវ​បានរៀបចំ​យ៉ាង​មាន​របៀបរៀបរយ ដើម្បី​បង្ហាញ​យ៉ាងច្បាស់​នូវ​តឹក ដែល​កីឡាករ​នីមួយៗ​បានឈ្នះ ដោយ​ប្រើ​នូវ​ខ្នាត​វាស់​គិត​ជា​មធ្យម ផ្អែកលើ​ពិន្ទុ​ជា​ភាគរយ ៦០, ៨០ និង ១០០ ជាមួយ​មន្ត្រី​កាត់សេចក្តី ៣ នាក់​ក្នុងចំណោម ៥ នាក់ ចាំបាច់​ត្រូវ​ឯកភាពគ្នា​។

វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់បាន​ប្រើ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBO ពីមុន​ផងដែរ​។

WBO និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​បន្ទាប់ពី​ធ្វើការ​វិភាគ​ពិន្ទុ លទ្ធផល​បង្ហាញថា ប៉ាក​គី​អៅ ឈ្នះ​នៅ​តឹក​ទី ៣ ទី​៨ និង​ទី​៩ ដោយ​ពិន្ទុ ១០០ ភាគរយ ឈ្នះ​ទឹក​ទី ៥ ដោយ​ពិន្ទុ ៨០ ភាគរយ និង ទឹក​ទី ១១ ដោយ​ពិន្ទុ ៦០ ភាគរយ​”​។​

“​ហន​ឈ្នះ​ទឹក​ទី​១ ទី​៦ និង​ទី​១២ ដោយ​ពិន្ទុ ១០០ ភាគរយ ឈ្នះ​ទឹក​ទី ២, ទី ៤ និង​ទី ៧ ដោយ​ពិន្ទុ ៨០ ភាគរយ និង ឈ្នះ​ទឹក​ទី ១០ ដោយ​ពិន្ទុ ៦០ ភាគរយ​”​។

​”​យោងតាម​លទ្ធផល​នេះ គេ​អាច​បញ្ជាក់បាន​ថា ប៉ាក​គី​អៅ​ឈ្នះ ៥ តឹក ចំណែក​ហន​ឈ្នះ ៧ តឹក​។ ផ្អែកលើ​ការវិភាគ​នេះ ជេ​ហ្វ ហន គឺជា​ជ័យលាភី​ការប្រកួត​នេះ​”​។

​ពិន្ទុ​ការប្រកួត​ដំបូង​គឺ ១១៧-១១១, ១១៥-១១៣ និង ១១៥-១១៣ ដោយ​ចៅក្រម លោក វ៉ា​ឡេ​ក​សា រ៉ូ​ល​ដាន់ លោក គ្រី​ស ផ្ល និង លោក រ៉ា​ម៉ុ​ន សឺ​ដាន់ ៕ ​ដោយ ៖កញ្ញាដាលីស

ជេ​ហ្វ ហន ពិតជា​ឈ្នះ ប៉ាក​គី​អៅ មែន បន្ទាប់ពី​ពិនិត្យ​ពិន្ទុ​ឡើងវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម