តុលាការ​លើកលែង​ការចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​មួយ​ពីបទ​ឆបោក​

127
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​ម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែកក្កដា​ឆ្នាំ​២០២០​បានប្រកាស​សាលក្រម​សម្រេច​លើកលែង​ការចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​EAMILOEMPORT.EXPORTCO.Ltd​ពីបទ​ឆបោក​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​ពាក់ព័ន្ធ​ករណី​លក់​ភាគហ៊ុន​ឱ្យគេ​យកលុយ​ហើយ​មិន​ព្រម​កាត់ឈ្មោះ​ឱ្យ​អ្នកទិញ ។​

​ជនជាប់ចោទ​ដែល​ត្រូវ​ចៅក្រម​លើកលែង​ចោទប្រកាន់​នេះ​ឈ្មោះ ឡូ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២១​ផ្លូវ​២៧១​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​។​សេចក្ដីសម្រេច​លើកលែង​ការចោទប្រកាន់​នេះ​ត្រូវបាន​ភាគី​ដើមបណ្ដឹង គឺ​លោក អ៊ួ​ច លក្ខិណា នឹង​ប្ដឹងទៅ​សាលាឧទ្ធរណ៍​បន្តទៀត ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​សំណុំរឿង​ឆបោក​ប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​នេះ​មក​បើកសវនាការ​ជា​សាធារណៈ​នៅ​ចំពោះមុខ​ជនជាប់ចោទ​តែម្ដង​។​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​សា​ភាព​ថា​ខ្លួន​ពិតជា​បានទទួល​យកប្រាក់​ចំនួន​១៥​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ​អ៊ួ​ច​លក្ខិណា​នៅ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​។​ដែលជា​ប្រាក់​ព្រមព្រៀង​ទិញ​លក់​ភាគហ៊ុន​១៥​ភាគរយ​របស់​ក្រុមហ៊ុន​eamiloimpor.ExportCo.Ltd​ពិតប្រាកដ​មែនហើយ​។​ក្នុងពេលនោះ​ខ្លួន​មិនទាន់បាន​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ដើម្បី​បញ្ចូល​ឈ្មោះ​អ៊ួ​ច លក្ខណា ជា​ម្ចាស់​ភាគហ៊ុន​ទេ ។​

​ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ទៀតថា លុះដល់​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៨ ឈ្មោះ​អ៊ួ​ច លក្ខិណា បានឱ្យ​ខ្លួន​ដាក់បញ្ចូល​ឈ្មោះ​គេ​ជា​ម្ចាស់​ភាគហ៊ុន​១៥​ភាគរយ​ជាថ្មី​ម្ដងទៀត​។​តែ​ខ្លួន​មិនអាច​ធ្វើបាន​ដោយសារ​ជាប់​ពាក់ព័ន្ធ​និង​នីតិវិធី​ស្មុ​គ្រ​ស្មាញ​របស់​អង្គភាព​ពន្ធដារ និង​ក្រសួងពាណិជ្ជកម្ម ។​

​បន្ទាប់មក​នៅ​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៨​ខ្លួន​បានអោយ​ទីប្រឹក្សា​ផ្នែក​ច្បាប់​បើក​ការប្រជុំ​ជាមួយ​ឈ្មោះ​អ៊ួ​ច លក្ខណា ដើម្បី​ពិភាក្សាគ្នា​រឿង​មុខតំណែង​ក្នុង​ក្រុមហ៊ុន និង​ប្រាក់ខែ ។​ប៉ុន្តែ​ឈ្មោះ​អ៊ួ​ច លក្ខណា មិន​មក​ចូលរួម​ប្រជុំ​ទេ​ហើយ​ការប្រជុំ​នោះ​ត្រូវ​អាក់ខាន​រហូតមក​ដោយ​មិនបាន​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​។​ដើម្បី​បញ្ចូល​ឈ្មោះ​អ៊ួ​ច​លក្ខណា​ជា​ម្ចាស់​ភាគហ៊ុន​ថ្មី​ឡើយ​ហើយ​ថែមទាំង​មិន​បានធ្វើ​កំណត់ហេតុ​បញ្ជាក់​ពី​មូលហេតុ​មិនបាន​ប្រជុំ​ទៀត ។​

​មេធាវី​តំណាងឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​លើកឡើងថា ទង្វើ​របស់​ជនជាប់ចោទ​ជា​ចេតនា​ទុច្ចរិត ឆបោក​ក្រោមរូបភាព​លក់​ភាគហ៊ុន​យកប្រាក់​មុន​អស់ហើយ​តែ​មិន​ព្រម​បញ្ចូល​ឈ្មោះ​ម្ចាស់​ភាគហ៊ុន​ថ្មី​ក្នុង​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន ។ ដូច្នេះ​ក្នុងនាម​ដើមបណ្ដឹង សូម​ស្នើឱ្យ​តុលាការ​ផ្ដន្ទាទោស​ឈ្មះ ឡូ ឬ​ទ្ធី​តាមច្បាប់​កំណត់​ព្រមទាំង​ទាមទារ​ប្រាក់​ដើម​ចំនួន​១៥​ម៉ឺន​ដុល្លារ​និង​ទាម​ទារជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ និង​សូមអោយ​ផ្ដន្ទាទោស​តាមច្បាប់ ។​

​លោក ឡុង ជាប​ជា​តំណាង​អយ្យការ​អម​សាលាដំបូងរ​ឆ​ជ​ធានី​ភ្នំពេញ​បានធ្វើ​សេចក្ដីសន្និដ្ឋាន​បញ្ជាក់ថា ទង្វើ​របស់​ជនជាប់ចោទ​មាន​ចេតនា​ទុច្ចរិត​ឆបោក​គប្បី​តំណាង​អយ្យការ​តម្កល់ទុក​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ដដែល​និង​ស្នើអោយ​ចៅក្រម​សម្រេច​តាមច្បាប់​។​លោក​មួន​សៀងលី​មេធាវី​ការពារ​ផ្លូវច្បាប់​ឱ្យ​ជនជាប់ចោទ​ឈ្មោះ​ឡូ​ឬ​ទ្ធី​បានធ្វើ​សេចក្ដីសន្និដ្ឋាន​ស្នើអោយ​តុលាការ​លើកលែង​ការចោទប្រកាន់​លើ​កូនក្ដី​របស់ខ្លួន​៕S/​