​មាន​អ្នកទោស​ជនជាតិ​កូរ៉េ​ម្នាក់​និង​ខ្មែរ​ម្នាក់​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ស្លាប់

792
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ករណី​អ្នកទោស​ជា​បុរស​វ័យ​ចំណាស់​ជនជាតិ​កូរ៉េ​ម្នាក់​និង​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត​ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ឬ​ប៉េ​ហ្ស៊ី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ស្លាប់​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​រុស្សី​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​។​ករណី​បាន​បង្ក​ឱ្យ​ស្ថានទូត​កូរ៉េ​នៅ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​លោក​ឈឹម​ធី​ដា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​ថា​បុរស​វ័យ​ចំណាស់​ជនជាតិ​កូរ៉េ​រូបនេះ​ឈ្មោះ​ផាក​យុល​អាយុ​៦៦​ឆ្នាំ​ជាប់ពន្ធនាគារ​តាម​អំណាច​សាលក្រម​ផ្តន្ទាទោស​ពីបទ​អំពើ​អនាចារ​ជាមួយ​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​។​ចំណែក​បុរស​ជនជាតិខ្មែរ​ឈ្មោះ​សេង កាំ​ង​អាយុ​៣៥​ឆ្នាំ​ជាប់ឃុំ​ពីបទ​ប៉ុនប៉ង​លួច​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​លោក​ឈឹម​ធី​ដា​បាន​អះអាងថា​បុរស​ជនជាតិ​កូរ៉េ​មាន​ជំងឺ​សម្ពាធ​ឈាម​ចុះ​ទាប​ជាង​ធម្មតា​និង​ស្ទះ​រាគ​ចុក​តម្រងនោម​។​ចំណែក​បុរស​ជនជាតិខ្មែរ​ចុក​ស្ទះដង្ហើម​ឈានដល់​រឹង​ថ្គាម​។​ពួកគេ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​រុស្សី​។​ទាក់ទិន​នឹង​បញ្ហា​នេះដែរ​ប្រភពពី​អ្នក​ជិតដិត​នឹង​បុរស​ជនជាតិ​កូរ៉េ​បាន​បង្ហើប​ឱ្យដឹងថា​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​៨៖៤០​នាទី​យប់​នៅ​អាគារ​អា​បន្ទប់​អា​១៣​មាន​អ្នកទោស​ជនជាតិ​កូរ៉េ​ម្នាក់​ឈឺ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ហើយ​ស្រែកហៅ​មន្ត្រី​យាម​ពន្ធនាគារ​ចំនួន​៣​ដង​។​

​មន្ត្រី​នោះ​ទៅ​ដាស់​លោក​ឃួន ស៊ីថា​អនុប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដែលជា​ប្រធាន​វេន​ប្រចាំការ ចំនួន​៣​លើក​។​ដល់​លើក​ទី​៣​ប្រធាន​វេន​ទើប​ងើបឡើង​។​ប្រហែល​ម៉ោងជាង​១០​យប់​បាន​ហៅ​ពេទ្យ​ទៅពិនិត្យ​វាស់​ឈាម​មើល​ហើយ​អះអាងថា​អត់​អី​ទេ​គឺ​ធ្វើ​ពុត​រួច​ចេញ​មកវិញ​ដោយ​មិនបាន​យក​អ្នកទោស​ឈឺ​នោះមក​ដាក់​អុកស៊ីសែន​ស​ង្គ្រោះ​បឋម​ទេ​។​ដល់​ម៉ោង​ប្រហែល​ជាង​១​រំលងអធ្រាត្រ​អ្នកទោស​នោះ​ស្រែក​ម្តងទៀត​។​ពេល​ចាក់សោរ​ចូល​ទៅយក​អ្នកជំងឺ​គឺ​មិនដឹង​ខ្លួន​បាត់ទៅហើយ​ដោយសារ​ឈាម​បុក​ខ្លាំង​។​ពេល​ដល់​មន្ទីរពេទ្យ​រុស្សី​ក៏​ស្លាប់​បាត់ទៅ​។​

​ប្រភព​ដដែល​បាន​បន្តថា​អ្នកទោស​ខ្មែរ​ម្នាក់ទៀត​ដែល​ឈឺ​ពេលយប់​រហូតដល់​ម៉ោង​៨៖៣០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​ក៏​មិនដឹង​ខ្លួន​ដែរ​ដូចជា​ស្លាប់​ទៅហើយ​បាន​សែង​ចេញ​ដាក់​ឡាន​យកទៅ​មន្ទីរពេទ្យ​។​ដល់​មន្ទីរពេទ្យ​ទើប​ពេទ្យ​ប្រាប់ថា​ស្លាប់​យូរហើយ​៕S/​