អេស៊ីលីដាចេញសេចក្តីថ្លែង​កា​រ​ណ៍ឆ្លើយតបចំពោះស្ថាប័នសង្គមស៊ីវិល សហព័ន្ធសហជីព​កម្ពុជា​និងលីកាដូដែលមានចេតនា​ បង្ខូច​កេរ្តិ៍ឈ្មោះគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ

104
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២០ នេះបានចេញសេចក្ដីថ្លែងការណ៍មួយទាត់ចោល និង ចាត់ទុករបាយការណ៍របស់ ស្ថាប័នសង្គមស៊ីវិល សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សម្ព័ន្ធ ខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ជាការសរសេរដែលគ្មាន ការស្រាវ ជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍នេះ​មានគោលបំណងជម្រាបជូនសាធារណជន និង​ពន្យល់ទៅ ស្ថាប័ន សង្គមស៊ីវិល​សហព័ន្ធសហជីពកម្ពុជា  មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដែលបានអះអាង ថាជាអ្នក ការពារ សិទ្ធិមនុស្ស ប៉ុន្តែជាក់ស្តែងស្ថាប័នសង្គមស៊ីវិលទាំងនេះ គឺកំពុងតែព្យាយាមបំបិទសិទ្ធិ​សេរីភាព កិត្តិយស​ និង​​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព​និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា​តាមរយៈការបំភ្លៃបំភ័ន្តប្រជាពលរដ្ឋដែលកំពុងតែ​ប្រើប្រាស់សេវាហិរញ្ញ​វត្ថុឲ្យមានការយល់ច្រឡំ  និងបង្កឲ្យមានចលាចលក្នុង​សង្គម ដើម្បីទទួលបាននូវផល​ប្រយោជន៍​ពីម្ចាស់ជំនួយ និងអ្នកបង់ពន្ធទាំងអស់លើសកលលោក​ដែលស្ម័គ្រចិត្ត​ផ្តល់​នូវ​អំណោយ។ ស្ថាប័នសង្គមស៊ីវិលទាំងនោះតែងតែព្យាយាម​ ដោយចេតនាទាញ​យក​ផលប្រយោជន៍ពីសមិទ្ធផលដែលវិស័យឯកជន​បានកសាងឡើង និងចូលរួមអភិវឌ្ឍន៍​យ៉ាង​សកម្ម​ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​។

តបទៅនឹងការសរសេរដែលមានចំណងជើងថា “ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក”​ របស់ សហព័ន្ធ សហជីពកម្ពុជា  មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ​”ភាពជំពាក់បំណុលច្រើនលើសលប់ក្នុងវិស័យ​កាត់​ដេរ​នៅក្នុងប្រទេសកម្ពុជា” គឺជាការសរសេរដែលគ្មានការស្រាវ​ជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពី​គោលការណ៍​ច្បាប់  និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ​ ក៏ដូចជាគោលការណ៍ផ្ទៃ​ក្នុង​របស់ធនាគារ ​និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ អេស៊ីលីដា ភីអិល​ស៊ី​ ដែលជាការសន្មតតាមចិត្ត ​​មានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូច​កេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ​ការបរិយាយគ្មានព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​​ វិភាគដោយប្រយោល និងមិនស្ថិតនៅក្នុង​បរិយាកាស​ជាក់ស្តែង ​មិនបាន​ឆ្លុះ​បញ្ចាំងអំពីស្ថានភាពពិតប្រាកដនៃព្រះរាជាណាចក្រកម្ពុជា​នោះទេ។​ ការសរសេរ​នេះ​ទៀតសោត តែងតែព្យាយាម​កំណត់ខ្លួនឯងថាមានតម្លាភាព គណនេយ្យភាព ប៉ុន្តែ​អង្គការទាំងនេះ មិនដែលបានសាក​សួរព័ត៌មាន​ ឬការពិភាក្សាណាមួយពីស្ថាប័នសាមី ដោយសរសេរផ្ទុយពីការពិត ការបរិយាយលើទិន្នន័យមិនពិតប្រាកដដោយគ្មាន​បង្ហាញ​នូវសមតិកម្មឲ្យបានជាក់លាក់តាមបែបវិទ្យាសាស្រ្ត ហើយ​តែងតែជំរុញឲ្យមានការ​បាត់​បង់នូវជំនឿទុកចិត្តពីអតិថិជននិងដៃគូវិនិយោគរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា៖តាមរយៈការបោះពុម្ពផ្សាយរបស់ធនាគារ​ពិភពលោកជាច្រើនរហូតដល់ឆ្នាំ២០១៩ ជាងពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជា ជា​ប្រទេស​មានការអភិវឌ្ឍន៍កម្រិតខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តរបស់​រាជរដ្ឋាភិ​បា​ល បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយដល់សហគ្រាស​គ្រប់វិស័យ​ ជាពិសេសឱកាស​ការ​ងារ​យ៉ាងសម្បូរបែបទាំង​ក្នុងស្រុករួមទាំងការងារនៅក្រៅប្រទេសសម្រាប់​ប្រជាពល​រដ្ឋ​​​ជ្រើសរើស មិនមែនជាការចំណាកស្រុកដូចបានលើកឡើងនោះទេ​ ។

យើងខ្ញុំសូមបញ្ជាក់ថា​​ធនាគារ អេស៊ីលីដា ក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដែលទទួលបានអាជ្ញាបណ្ណ ស្ថិតនៅក្រោមច្បាប់ស្តីពី​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ច្បាប់ពាក់ព័ន្ធផ្សេងៗ រួមទាំងការអនុវត្ត​នូវគោលការណ៍​អន្តរជាតិមួយចំនួនទៀត ដែលគ្មានការអនុវត្តណាមួយដែលធ្វើឡើង​ដោយហេតុ​ផល​ផ្សេងៗ​ផ្ទុយនឹងច្បាប់នោះទេ។ស្ថាប័នដែលបានអះអាងថាជាស្ថាប័ន​ការពារសិទ្ធិ​មនុស្ស ​និងជំនួយផ្នែកច្បាប់​​ ​គួរតែស្វែងយល់ឲ្យបានច្រើនជាងនេះ ព្រោះថាគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុអនុលោមតាមច្បាប់ និងគោលការណ៍ច្បាស់លាស់ ​​ដើម្បីការពារ​សិទ្ធិ​របស់អតិថិជន គិតពីប្រសិទ្ធផល ប្រសិទ្ធភាព ការរីកចម្រើនជាមួយ​អតិថិជន​រយៈ​ពេលវែង។ ជាងនេះទៀត ​ការិយាល័យឥណទានកម្ពុជា​ បាន​ដើរតួនាទីយ៉ាងសំខាន់​ក្នុងការផ្តល់ទិន្នន័យ​យ៉ាងច្បាស់លាស់អំពី​កម្រិតបំណុល​របស់អតិថិជនម្នាក់ៗ។ ការ​ផ្តល់សេវាប្រាក់កម្ចី​មិនមែនក្នុងគោលដៅសម្រាប់រឹបអូសទ្រព្យសម្បតិ្ត​របស់អតិថិជន​នោះទេ។

​            ដើម្បីសម្រាលបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់នៃវីរុសកូវីដ១៩ ប្រមុខ​រាជរដ្ឋាភិបាល​ ជាពិសេស ធនាគារជាតិ នៃកម្ពុជាបានគិតគូររួចហើយ ក្នុងគោល​ដៅ​ការពារគ្រប់ភាគីពាក់ព័ន្ធ​ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីសម្រួល និង​​ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ​ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុបានចូលរួម​អនុវត្ត​យ៉ាងពេញលេញ និងតែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួនជានិច្ច​។

ស្ថាប័នដែលបរិយាយមិនច្បាស់ទាំងនេះ គប្បីបញ្ឈប់រាល់ទង្វើដែលធ្វើឲ្យ​ប៉ះពាល់កេរ្តិ៍​ឈ្មោះ​​បស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ដែលជាឆ្អឹងខ្នងនៃ​សេដ្ឋកិច្ចជាតិ​​។ ទន្ទឹម​គ្នា​នេះដែរ យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច​ មេត្តាចាត់វិធានការច្បាប់​ចំពោះជន​ ឬក្រុមទាំងឡាយណាដែលញុះញង់ធ្វើឲ្យរង្គោះរង្គើ​ ​ជំរុញឲ្យមានផល​ប៉ះ​ពាល់​ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ​ធ្វើឲ្យបាត់បង់នូវជំនឿទុកចិត្ត​ សុវត្ថិភាព​ដល់អ្នកដាក់​ប្រាក់​បញ្ញើ​  ក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុទាំងមូល ​៕/PH