ជនរងគ្រោះចំនួន៤គ្រួសារដោយការរំលោភយកផ្លូវសាធារណៈ នៅក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ស្នើដល់សម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយ

579
ចែករម្លែក

ដោយៈសុផល/តាកែវ៖ តំណាងក្រុមគ្រួសារទាំង០៤ គ្រួសារ មាន ឈ្មោះ អ៊ិត ចាន់, មូល ម៉ាល័យ,ស៊ឹម​ ចាន់ធូ និង ស៊ឹម សារ៉េត ដែលមានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅ ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏ដូចជាលោកអភិបាលខេត្ដតាកែវ មេត្ដា​​ជួយដោះស្រាយនិងផ្ដល់ភាពយុត្ដិធម៌ដល់ពួកគាត់ផង ពីព្រោះពួកគាត់គឺ​ជាជនរង​គ្រោះដោយសារតែបុគ្គលឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានលួចដូរផ្លូវ​សាធា​រណៈ​​មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនដោយមិនបានដោះស្រា​យ​ដីចំណីផ្លូវថ្មីឬ​សម្រ​បសម្រួលផ្លូវថ្មីឱ្យពួកគាត់ទាំង៤គ្រួសារ រស់នៅខាងក្នុងអាចធ្វើដំណើរចេញ-ចូល បាន​ស្រួលដូចផ្លូវចាស់នោះឡើយ ជាពិសេសបានធ្វើរបង និងបិទផ្លូវពួកគាត់មិន​ឱ្យធ្វើ​ដំណើរចេញ-ចូលបានចាប់ពីពេលនេះតទៅ។

ការអំពាវនាវរបស់ប្រជាពលរដ្ឋជាជនរងគ្រោះទាំង៤គ្រួសារនេះ បានធ្វើឡើង បន្ទាប់ពី​ឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានលួចដូរផ្លូវសាធារណៈដែល​ធ្លាប់ប្រើប្រាស់​រាប់​ជំនាន់មកហើយនោះមកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន ព្រមទាំងធ្វើរបងបិទផ្លូវ នេះ មិនឱ្យពួកគាត់ធ្វើដំណើរចេញ-ចូលបានដូចធម្មតា។

តំណាងប្រជាពលរដ្ឋរងគ្រោះទាំង០៤គ្រួសារបានឱ្យដឹងថា៖ ពាក់ព័ន្ធនឹងការធ្វើរបង​បិទ​ផ្លូវសាធារណៈនេះ ពួកគាត់បានហៅ លោកមេឃុំត្នោត និងក្រុមប្រឹក្សាឃុំត្នោត ស្រុក​បាទី ខេត្ដតាកែវ មកជួយសម្របសម្រួល ជាមួយភាគីម្ខាងទៀត កាលពីថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២០ នៅកន្លែងកើតហេតុផ្ទាល់ ស្ថិតនៅក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ ផ្ទុយទៅវិញអាជ្ញាធរឃុំត្នោត មិនបាន សម្របសម្រួល ឬដោះ​ស្រាយ​ជូន​ពួកគាត់នោះទេ ដោយគ្រាន់តែមកមើល រួចត្រឡប់ទៅវិញទុកឱ្យភាគីទាំងពីរ​ដោះ​ស្រាយ និងសម្របសម្រួលគ្នា។ ទីបំផុតការដោះស្រាយនិងសម្របសម្រួល​រវាងភាគី​ទាំងពីររហូតដល់ម៉ោង៥ល្ងាចទើបអាជ្ញាធរ​ឃុំ មកសួរនាំម្ដងទៀត រួចធ្វើកំណត់ហេតុ​ក្នុងការដោះស្រាយរបស់ភាគីទាំងពីរ។

ក្នុងកំណត់ហេតុបានសរសេរថា ភាគីឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានផ្ដល់ឱ្យ​ដី​កន្លះម៉ែត្រត្រង់ចំណុចកែងតែភាគីរងគ្រោះទាំង៤គ្រួសារមិនព្រមទទួលយកទេដោ​យ​សារតែពួកគាត់មិនអាចធ្វើដំណើរចេញ-ចូលរួចដូចផ្លូវចាស់។ ចំណែកភាគី ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង បានបញ្ជាក់ថា ខ្លួនមិនបន្ដសម្រប​សម្រួលជាមួយ​ជនរង​គ្រោះ​ទាំង៤គ្រួសារនោះទេ គឺធ្វើទៅតាមប្លង់ដែលសុរិយោដីស្រុកបាទី​ចេញឱ្យ​ប្ដូរ​មក​ផ្លូវថ្មីដែលមានទំហំចំនួន៤ម៉ែត្រតែប៉ុណ្ណោះ ដោយអះអាងថា ដីនេះជាដីរបស់ខ្លួន។

ជាមួយគ្នានេះ ភាគីគ្រួសាររងគ្រោះទាំង៤គ្រួសារ បានសំណូមពរដល់អាជ្ញាធរឃុំ ឱ្យ​រក្សាទុកផ្លូវចាស់ដែលធ្លាប់ធ្វើដំណើរចេញ-ចូលកន្លងមក រក្សាទុកនៅ៤ម៉ែត្រ​ដដែល​សិន​ពីព្រោះមិនទាន់បានដោះ ស្រាយរួចរាល់តាមផ្លូវច្បាប់។ ចំណែកឯ​ភាគីម្ខាង​ទៀត​ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង មិនព្រមទទួលយកតាមការស្នើសុំ​របស់ភាគីជន​រង​គ្រោះទាំង៤គ្រួសារនោះទេ ដោយ សំអាងថា ដីផ្លូវសាធារណៈនេះគឺជាកម្មសិទ្ធិ​របស់​ខ្លួន។

បន្ទាប់អាជ្ញាធរឃុំត្នោតបានធ្វើកំណត់ហេតុរួចមក គ្រួសារជនរងគ្រោះដោយការរំលោភ​យក​ផ្លូវ​សាធារណៈទាំង៤គ្រួសារបានបន្ដដាក់ពាក្យបណ្ដឹងទៅឃុំត្នោត ស្រុកបាទី ខេត្ត​តាកែវ ដើម្បីឱ្យអាជ្ញាធរឃុំជួយទប់ស្កាត់ការធ្វើរបង និងបិទផ្លូវដែលពួកគាត់ធ្លាប់ ប្រើ​ប្រាស់ និងធ្វើដំណើរកន្លងមក។ ក្នុងពាក្យបណ្ដឹងបានលើកឡើងថាយើងខ្ញុំទាំងអស់​គ្នា​ចំនួន​០៤គ្រួសារ ដែលរួមមាន៖ ឈ្មោះ អ៊ិត ចាន់,  មូល ម៉ាល័យ , ស៊ឹម ចាន់ធូ និង ស៊ឹម សារ៉េត ដែលមានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅ ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ យើងខ្ញុំទាំង៤គ្រួសារ សុំប្ដឹងជំទាស់ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង ដែលមានអាសយដ្ឋានបច្ចុប្បន្ន ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ធ្វើរបង និងបិទ​ផ្លូវចាស់ដែលមានទីតាំងស្ថិតភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ។

យើងខ្ញុំទាំងអស់គ្នា សូមជម្រាបជូន លោកមេឃុំត្នោត មេត្តាជ្រាបថាការផ្លាស់​ប្ដូរផ្លូវថ្មី​ដែល​ធ្វើឡើងដោយឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុងនេះ បានធ្វើឡើងដោយចិត្តឯង ដោយមិនបានមកពិភាក្សានិងមានការឯកភាពយល់ព្រមពីយើងខ្ញុំទាំង៤គ្រួសារដែលមានលំនៅដ្ឋាន​ស្ថិតនៅខាងក្រោយដីរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញបែរជា​បុគ្គល​ទាំងពីរនាក់នេះបានធ្វើប័ណ្ណកម្មសិទ្ធិដោយផ្លាស់ប្តូរផ្លូវចាស់ដែល​យើងខ្ញុំធ្លាប់ធ្វើ​ដំណើរ​​ជាប្រចាំទៅជាផ្លូវថ្មីវិញ ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់គ្រួសារ​យើងខ្ញុំធ្វើ​ដំណើរ​ចេញ-ចូល។ ទន្ទឹមនេះ ផ្លូវថ្មីដែលបុគ្គលទាំងពីរខាងលើនេះ បានផ្លាស់ប្តូរនោះ គឺមាន លក្ខណៈពិបាកធ្វើដំណើរទាំងចេញ ទាំងចូលដោយគ្មានការរៀបចំឱ្យបានត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកទេស មានសភាពតូចចង្អៀត និងពិបាកបត់យានយន្ត ក៏ដូចជាគោ​យន្ដ​ក្នុងការចេញ-ចូលជាខ្លាំង ដែលខុសពីផ្លូវចាស់ដែលយើងខ្ញុំធ្លាប់ប្រើប្រាស់ពីមុនមក ។ចំពោះការបើកផ្លូវថ្មីនេះ គឺយើងខ្ញុំទាំង៤គ្រួសារ មិនបដិសេធនោះទេ ប្រសិនបើ ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង ធ្វើការរៀបចំឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយ​បង្កលក្ខណៈងាយស្រួលដូចផ្លូវចាស់នោះ។ ប៉ុន្តែប្រសិនបើបុគ្គលទាំងពីរនេះមិន បាន​ធ្វើការ ដោះស្រាយតាមការស្នើសុំរបស់យើងខ្ញុំនោះទេ  យើងខ្ញុំស្នើសុំ លោកមេឃុំ មានវិធានការទប់ស្កាត់កុំឱ្យបុគ្គលទាំងពីរនេះធ្វើរបង និងបិទផ្លូវចាស់ ដើម្បីរង់ចាំការ ដោះ ស្រាយតាមផ្លូវច្បាប់ជាមុនសិន ។

ទាក់ទងនឹងករណីរំលោភផ្លូវសាធារណៈនេះលោក ភួន ឈីម អភិបាលស្រុកបាទីខេត្ត តាកែវបានបញ្ជាក់ថា បញ្ហារឿងផ្លូវនេះ លោកមិនទាន់បានទទួលរឿងហ្នឹងនិងដាក់​ចូល​មកដល់លោកនៅឡើយ។ លោកបានបន្ដថា ក្នុងនាមអាជ្ញាធរ នឹងទៅនិយាយជាមួយ​ភាគីម្ខាងទៀតដើម្បីសម្របសម្រួលហើយការស្នើសុំរបស់ភាគីខាងទាំង៤គ្រួសារ ដែល​រស់នៅខាងក្នុងទៅភាគីម្ខាងទៀត មិនប្រាកដថាម្ចាស់គេនឹងឯកភាពជាមួយនឹង​ការស្នើ​សុំនោះទេ។ លោក​បានអះអាងថាការដោះស្រាយបញ្ហាផ្លូវនៅក្នុងភូមិពៃ ឃុំត្នោត​ដែល​បានកើតឡើងនេះ អាជ្ញាធរឃុំ និងស្រុក មានសិទ្ធិគ្រាន់គ្រាន់តែសម្របសម្រួល​នោះទេ ហើយបញ្ហានេះត្រូវប្ដឹងទៅតុលាការទើបអាចនិយាយ​អំពីការដោះស្រាយ​បញ្ហានេះ​បាន​

បើតាមការបញ្ជាក់របស់មន្រ្ដីជំនាញសុរិយោដីស្រុក បាទី ខេត្ដតាកែវ ដែលបានចុះ​មក​វាស់វែងផ្ទាល់ កន្លែងផ្លូវសាធារណៈដែលកំពុងមានបញ្ហាជម្លោះនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានឱ្យដឹងថា ការចេញប្លង់កម្មសិទ្ធិនេះ គឺអ្នកនៅខាង​ក្នុងមិនអាចចេញ-ចូលរួចនោះទេ ត្រូវមានការសម្របសម្រួលរបស់អាជ្ញាធរ និងភាគី​ពាក់​ព័ន្ធ ដែលផ្លូវនេះមានលក្ខណៈជាប្រភេទផ្លូវអន្ទង់អាំង គឺផ្លូវបទបែនចុះឡើង។

សូមរម្លឹកថាការផ្លាស់ប្ដូរប្លង់ផ្លូវសាធារណៈនេះកើតមានឡើងក្នុងឆ្នាំ២០១១ដែលសុរិ​យោ​ដីស្រុកបាទីបានចុះវាស់វែងធ្វើប្លង់ជូនប្រជាពលរដ្ឋនៅក្នុងឃុំត្នោត ស្រុក បាទី ខេត្ដតាកែវ។ ក្នុងអំឡុងពេលដែលសុរិយោដីស្រុកចុះវាស់វែងធ្វើប្លង់នេះ ឈ្មោះ នៅ ងន ឬ នី ងន និងប្ដីឈ្មោះ ស៊ុ សុង ដែលជាអ្នករស់នៅលើផ្លូវខាងមុខ បានលួចប្ដូរប្លង់​ផ្លូវសាធារណៈ មិនបានមកពិភាក្សា ឬសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ផ្លូវ រស់នៅខាង​ក្នុង​នោះទេ គឺបានស្នើឱ្យសុរិយោដីចុះវាស់វែង ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរភូមិពៃ ឃុំត្នោត រហូតដល់សូរិយោដីស្រុកបាទីនិងប្ដូរប្លង់ផ្លូវចាស់ ដែលជាផ្លូវសាធារណៈ ដើម្បី​បង្រួម​ប្លង់ដីរបស់ខ្លួនតែមួយដោយសារតែដីរបស់ នី ងន នេះ គឺស្ថិតនៅសងខាងផ្លូវ ហើយ​ប្ដូរ​ផ្លូវសាធារណៈនេះ បង្វៀងទៅបើកផ្លូវថ្មីវិញតែម្នាក់ឯង។ កាលពីនៅផ្លូវចាស់គឺផ្លូវគឺ​ប្រជាពលរដ្ឋចំនួន៤គ្រួសារ រស់នៅខាងក្នុងប្រើប្រាស់ធ្វើដំណើរដោយម៉ូតូ និងឡាន​ចេញ-​ចូលជាធម្មតា។ តែពេលដែលប្ដូរមកផ្លូវថ្មីនេះ គឺផ្លូវនេះមានទំហំតែ៤ម៉ែត្រ ប៉ុន្ដែ​មិនមែនជាផ្លូវត្រង់នោះទេ គឺផ្លូវបត់បែនកាច់រហូតដល់ទៅពីរតង់ (កាច់បទពីរកន្លែង)ដែលមិនអាចឱ្យឡានចេញ-ចូលរួច ហើយកាន់តែពិបាកធ្វើដំណើរថែមទៀតនោះ គឺ​គ្រួសារ នី ងន នេះបានយកខ្សាច់ ថ្ម និងសម្ភារៈផ្សេងៗទៀតដាក់នៅលើផ្លូវ រហូត​ដល់​ការបិទផ្លូវតែម្ដងដោយបានជីកធ្វើរបង បិទផ្លូវចាស់(ផ្លូវសាធារណៈ ដែលជនរងគ្រោះ​ចំនួន៤គ្រួសារនៅខាងក្នុងធ្វើដំណើរចេញ-ចូលកន្លងមក) តែបច្ចុប្បន្ន ធ្វើឱ្យគ្រួសារ​រស់​នៅខាងក្នុងមិនអាចធ្វើដំណើរចេញ-ចូលបាននោះ។ប្រជាពលរដ្ឋទាំង៤គ្រួសារ ដែល​រស់​នៅខាងក្នុងធ្វើដំណើរចេញ-ចូលតាមផ្លូវនេះបានសំណូមពរដល់ឯកឧត្ដម អភិបាល​ខេត្ដតាកែវ មេត្ដាជួយដោះស្រាយបញ្ហាផ្លូវចេញ-ចូលនេះ ជូនដល់ពួកគាត់ផង ពីព្រោះ​ពួកគាត់បានដាក់ពា្យស្នើសុំទៅអាជ្ញាធរឃុំត្នោត ដើម្បីហាមឃាត់ឈ្មោះ នី ងន និងប្ដី​ឈ្មោះ ស៊ុ សុង មិនឱ្យធ្វើរបងឬបិទផ្លូវដែលពួកគាត់ធ្វើដំណើរចេញ-ចូលនោះ តែអាជ្ញា​ធរឃុំមិនបានហាមឃាត់ឬមិនមានដំណោះស្រាយណាមួយឡើយ​នោះទេទៅលើ​បុគ្គល​ប្ដី ប្រពន្ធទាំងពីរនាក់ខាងលើនេះ។ បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៤គ្រួសារដែលរស់នៅ​ខាង​ក្នុង និងប្រើប្រាស់ផ្លូវសាធារណៈនេះ គឺពួកគាត់មិនអាចចេញ-ចូល និងធ្វើដំណើរ​ចេញ​មកខាងក្រៅបាននោះទេ ដោយសារតែបុគ្គល នី ងន បានបិទផ្លូវចាស់ ដែលពួក​គាត់បានធ្វើដំណើរកន្លងមក៕/PH